អាជ្ញាធរជាតិអប្សរា ធ្វើការជួសជុលកាំជណ្តើរច្រាំងកសិន្ធុប្រាសាទអង្គរវត្ត ផ្នែកខាងត្បូង នៃស្ពានហាល

សៀមរាប៖ លោក ម៉ៅ សុខនី មន្រ្តីបច្ចេកទេស នៃនាយកដ្ឋានអភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹងនៅថ្ងៃទី១៥ ខែកញ្ញាកាលពីម្សិលមិញនេះថា អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមការងារជួសជុលពង្រឹងរចនាសម្ព័ន្ធកំាជណ្តើរច្រាំងកសិន្ធុ ផ្នែកខាងត្បូងស្ពានហាល នៃប្រាសាទអង្គរវត្ត។

 
អាជ្ញាធរជាតិអប្សរា ធ្វើការជួសជុលកាំជណ្តើរច្រាំងកសិន្ធុប្រាសាទអង្គរវត្ត ផ្នែកខាងត្បូង នៃស្ពានហាល

 

សៀមរាប៖ លោក ម៉ៅ សុខនី មន្រ្តីបច្ចេកទេស នៃនាយកដ្ឋានអភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹងនៅថ្ងៃទី១៥ ខែកញ្ញាកាលពីម្សិលមិញនេះថា អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមការងារជួសជុលពង្រឹងរចនាសម្ព័ន្ធកំាជណ្តើរច្រាំងកសិន្ធុ ផ្នែកខាងត្បូងស្ពានហាល នៃប្រាសាទអង្គរវត្ត ការជួសជុលនេះចាប់ពីដើមខែសីហា ឆ្នាំ២០២១នេះមក ក្នុងគោលបំណង លើកតម្លៃសំណង់បុរាណឱ្យនៅគង់វង្ស រក្សាទឹកទុក ដើម្បីទ្រទ្រុងភាពរឹងមាំរបស់គ្រឹះប្រាសាទ និងបង្កើនសោភ័ណ្ឌភាពស្រស់ស្អាតបន្ថែម នៃប្រាសាទអង្គរវត្ត បន្ទាប់ពីបញ្ចប់គម្រោងសិក្សារយ:ពេល ២ឆ្នាំកន្លងមក។

លោក ម៉ៅ សុខនី បានឱ្យដឹងទៀតថា គម្រោងជួសជុលពង្រឹងរចនាសម្ព័ន្ធកសិន្ធុផ្នែកខាងត្បូងនេះ មានប្រវែងសរុប ២០០ម៉ែត្រ ដោយប្រើប្រាស់ពេលវេលាជួសជុលរយ:ពេល ៣ឆ្នាំ ហើយបានចែកចេញជា ៣ដំណាក់កាលធំៗ គឺ ៖ ទី១. ការពង្រឹងរចនាសម្ព័ន្ធចាស់ ដោយចាក់បេតុងកាំជណ្តើរបន្ថែមនៅគ្រឹះខាងក្រោម និងកែសម្រួលផ្នែកស្រុតខ្លះៗ , ទី២. ធ្វើការជួសជុលនៅផ្នែកកាំជណ្តើរ ដែលរលួសខ្លះៗ ឬបាត់បង់រូបរាងដើមផ្នែកមធ្យម និងទី៣. ធ្វើការជួសជុលកាំជណ្តើរដែលខូចខាតទ្រុងទ្រាយដើម ដែលបានជួសជុលតាំងពីជំនាន់បារាំងមក ខណ: បច្ចុប្បន្នក្រុមការងារកំពុងធ្វើការកល់ទ្របេតុងដែលបាក់ៗ បន្ទាប់មក ធ្វើទំនប់ប្រវែង ៨០ម៉ែត្រ ដើម្បីបូមទឹកចេញ ចាប់ផ្តើមការងារសិក្សាបុរាណវិទ្យា ពិនិត្យស្ថានភាពគ្រឹះខាងក្រោម និងអនុវត្តការងារពង្រឹងគ្រឹះតែម្តង។

សូមរំឭកថា ច្រាំងកសិន្ទុប្រាសាទអង្គរវត្តនេះ ក៏ធ្លាប់មានប្រវត្តិបានធ្វើការជួសជុលជាច្រើនដងរួចមកហើយ ដោយសាលាបារាំងចុងបូព៌ា អ្នកជំនាញការអុីតាលី និងអ្នកជំនាញការប្រទេសឥណ្ឌា។រហូតមកដល់បច្ចុប្បន្នអាជ្ញាធរជាតិអប្សរា បានយកចិត្តទុកដាក់យ៉ាងខ្លាំង លើការងារអភិរក្ស និងជួសជុលប្រាង្គប្រាសាទ និងកសិន្ធុ ដើម្បីអភិរក្សសំណង់បុរាណខ្មែរ ឱ្យរឹងមាំយូរអង្វែង និងលើកតម្លៃសោភ័ណភាព សំណង់បេតិកភណ្ឌឱ្យមានភាពស្រស់ស្អាតជាទីទាក់ទាញភ្ញៀវទេសចរមកកម្សាន្ត ។

ប្រាសាទអង្គរវត្ត ត្រូវបានសាងសង់ នៅដើមសតវត្សទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២ ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ នៅជុំវិញប្រាសាទ គូទឹក ឬកសិន្ធុ ព័ទ្ធជុំវិញ ដោយកសិន្ធុទឹកនេះ ក៏មានទំនាក់ទំនងយ៉ាងសំខាន់ជាមួយប្រាសាទ ជាពិសេសការជួយទ្រទ្រង់គ្រឹះខាងក្រោម រក្សាលំនឹងប្រាសាទ ឱ្យនៅស្ថិតស្ថេរយូរអង្វែង ប៉ុន្តែដោយសារកត្តាអាយុកាល អាកាសធាតុ ដើមឈើដុះជុំវិញ បានធ្វើឱ្យកាំជណ្តើរ នៃច្រាំងកសិន្ធុរលួសចេញពីគ្នា បានរងការខូចខាតជាខ្លាំង៕

សូមចុច join Telegram https://t.me/cngtvcambodia

ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប សម្រួលផ្សាយដោយ៖ ធូ កុសល ប្រភព: ក្រសួងព័ត៌មាន