កម្លាំងពលកម្មជាងពាក់កណ្តាលក្នុងពិភពលោកប្រឈមបញ្ហា ដោយសារវិបត្តិកូវីដ១៩

អង្គការអន្តរជាតិខាងការងារ (ILO) បានព្រមានថា កម្លាំងពលកម្មស្ទើរតែពាក់កណ្តាលក្នុង ពិភពលោក ពោលជាង ១,៦ពានលាននាក់ កំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ដែលប៉ះពាល់ដល់ជីវភាពរស់ ដោយវិបត្តិសេដ្ឋកិច្ចដែលបង្កដោយវីរុសកូវីដ១៩។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០។

 
កម្លាំងពលកម្មជាងពាក់កណ្តាលក្នុងពិភពលោកប្រឈមបញ្ហា ដោយសារវិបត្តិកូវីដ១៩

សូមជម្រាបជូនដែរថា ក្នុងចំណោមប្រជាជនដែលធ្វើការងារជាង ៣,៣ពាន់លាននាក់ មានជាង ២ ពាន់លាននាក់ ដែលធ្វើការក្នុង “សេដ្ឋកិច្ចក្រៅផ្លូវការ” ដែលជាទូទៅជាបុគ្គលិកកិច្ចសន្យារយៈពេលខ្លី ឬអ្នកប្រកបរបររកស៊ីដោយខ្លួនឯងជាដើម ដែលបានរងការខាតបង់ប្រាក់ឈ្នួលជាង ៦០% ក្នុងខែទីមួយនៃវិបត្តិនេះ។ ក្នុងចំណោមពួកគេ មានមនុស្សជាង ១,៦ ពាន់លាននាក់ប្រឈមមុខនឹងការបាត់បង់របររកស៊ីចិញ្ចឹមជីវិត។

អង្គការអន្តរជាតិខាងការងារបានបន្ថែមថា ទោះជាយ៉ាងណាក៏ដោយ វិបត្តិដ៏ធ្ងន់ធ្ងរនៅប្រទេសជាច្រើនក្នុងពិភពលោកបានធ្វើឲ្យអាជីវកម្មជាង ៤៣៦លាន អាជីវកម្ម កំពុងប្រឈមមុខផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ​។

នយោជិក ឬម្ចាស់អាជីវកម្មទាំងនោះកំពុងធ្វើការក្នុងវិស័យសេដ្ឋកិច្ចដែលរងផងប៉ះពាល់ខ្លាំងបំផុត រាប់បញ្ចូលទាំងអាជីវកម្មទាំងលក់ដុំ និងរាយប្រមាណ​ ២៣២លានអាជីវកម្ម និងអាជីវកម្មឧស្សាហកម្មផលិតជាង ១១១ លានអាជីវកម្ម។ ដោយឡែកមាន ៥១ លានអាជីវកម្មទៀតស្ថិតក្នុងផ្នែកស្នាក់នៅ និងសេវាកម្មម្ហូបអាហារ ខណៈផ្នែកអចលនទ្រព្យ និងសកម្មភាពជំនួញផ្សេងៗទៀតមានជាង ៤២ លានអាជីវកម្ម៕

 

ប្រភព៖ The Guardianប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ