រាជរដ្ឋាភិបាល! បញ្ជាទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ ប្រមាណជា ១.៥លានដូសដើម្បីបន្តចាក់ជូនប្រជាពលរដ្ឋកម្ពុជា
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាចំនួន១៥ លានដុល្លារ ក្នុងការបញ្ជាទិញវ៉ាក់សាំង ស៊ីណូវ៉ាក់ (Sinovac)ចំនួន១.៥លានដូស ដើម្បីបន្តចាក់ជូនប្រជាពលរដ្ឋកម្ពុជាដោយឥតគិតថ្លៃក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ នេះ។
លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ការបញ្ជាទិញវ៉ាក់សាំងជាបន្តបន្ទាប់នេះ ក្នុងគោលបំណងជួយដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ឱ្យជៀសឆ្ងាយពីជំងឺកូវីដ- ១៩ដ៏កាចសាហាវ ស្របពេលដែលកម្ពុជាកំពុងរងការរាត ត្បាតពីជំងឺនេះយ៉ាងធ្ងន់ធ្ងរ ។
លោកជំទាវបានបន្តថា សម្រាប់វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac)១.៥លានដូសនេះ ក្រោមការណែនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលក្នុងជំហានដំបូងគឺផ្ដល់ជូនមន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋចាស់ជរាដែលងាយរងគ្រោះដោយសារជំងឺកូវីដ-១៩ ពិសេសនៅទីតាំងដែលប្រឈមខ្ពស់បំផុត គឺរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តព្រះសីហនុ ។
សំឡេង ៖« វ៉ាក់សាំងស៊ីណូវ៉ាក់នេះ គឺជាការទិញរបស់រាជរដ្ឋាភិបាលទាំងស្រុង ហើយក្នុងមួយដូស១០ដុល្លារ អញ្ចឹងយើងចំណាយ ១៥លានដុល្លារដើម្បីទិញវ៉ាក់សាំង១.៥លានដូស ហើយក្នុងវ៉ាក់សាំងនេះ ជំហានដំបូងខ្ញុំបានទទួលការណែនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ គឺយើងនឹងបន្តចាក់ជូនមន្ត្រីរាជការ ហើយនិងបងប្អូនប្រជាពលរដ្ឋចាស់ជរាដែលកំពុងតែប្រឈមខ្លាំងនឹងជំងឺកូវីដ១៩ ហើយចំពោះមុខនេះរាជធានីភ្នំពេញគឺជាទីតាំងដែលប្រឈមខ្ពស់ ជាមួយនៅខេត្តកណ្ដាល នៅខេត្តព្រះសីហនុ ដូច្នេះវ៉ាក់សាំង១.៥លានដូស គឺជាចំណុចមួយដែលអាចចាក់ជូនប្រជាពលរដ្ឋបានមួយកម្រិតដែរ » ។
លោកជំទាវ បានបន្ថែមទៀតថា ការទទួលបានវ៉ាក់សាំងនេះ គឺជាការបង្ហាញអំពីទំនាក់ទំនងយ៉ាងជិតស្និទ្ធ រវាងកម្ពុជា-ចិន ដែលចាត់ទុកថា ជាមិត្តដែកថែបជួយគ្នាទៅវិញទៅមកក្នុងគ្រាមានអាសន្ន ជាពិសេសក្នុងកាលៈទេសៈដែលប្រទេសកម្ពុជាកំពុងតែរងនូវការរីករាលដាលខ្លាំងនៅជំងឺកូវីដ-១៩ ។
សូមបញ្ជាក់ថា នៅក្នុងឯកសាររបស់ក្រុមហ៊ុនស៊ីណូវ៉ាក់ សម្រាប់ប្រសិទ្ធភាពរបស់វ៉ាក់សាំងនេះគឺស្រដៀងទៅនឹងវ៉ាក់សាំងដទៃទៀត ដែលមានប្រសិទ្ធភាពចន្លោះពី៧០ទៅ៨០ភាគរយ ក្រោយពីចាក់រួចរាល់ទាំងលើកទី២ ៕
ប្រភព: ក្រសួងព័ត៌មាន