ឯកអគ្គរាជទូតកម្ពុជា ស្នើក្រុមហ៊ុនអាកាសចរណ៍ Thai Airways សហការលក់ផលិតផលខ្មែរលើជើងយន្តហោះ Thai Smile

ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានស្នើសុំក្រុមហ៊ុនអាកាសចរណ៍ Thai Airways ជួយសហការលក់ផលិតផលប្រណិតខ្មែរ (Premium Products) នៅលើយន្តហោះ Thai Smile ដែលគ្រោងនឹងបើកដំណើរការប្រចាំថ្ងៃ ដើម្បីដឹកជញ្ជូនភ្ញៀវទេសចរពីប្រទេសកម្ពុជា-ឡាវ-វៀតណាម នៅក្នុងដើមខែកក្កដាខាងមុខ។ ការស្នើសុំរបស់ ឯកឧត្តមឯកអគ្គរាជទូតនេះធ្វើឡើង នាឱកាសជួបពិភាក្សាជាមួយប្រតិភូក្រុមហ៊ុន Thai Airways (Thai Smile) ដឹកនាំដោយលោក Viset Sontichai នាយកផ្នែកពាណិជ្ជកម្ម កាលពីរសៀលថ្ងៃចន្ទ ទី២៥ ខែមករា ឆ្នាំ២០២១ នៅស្ថានឯកអគ្គរាជទូតកម្ពុជា នាទីក្រុងបាងកក ប្រទេសថៃ។ នេះបើយោងតាមស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ។

 
ឯកអគ្គរាជទូតកម្ពុជា ស្នើក្រុមហ៊ុនអាកាសចរណ៍ Thai Airways សហការលក់ផលិតផលខ្មែរលើជើងយន្តហោះ Thai Smile

ឯកឧត្តម អ៊ូក សោភ័ណ បានជម្រាបជូនប្រតិភូក្រុមហ៊ុន Thai Airways អំពីកិច្ចប្រឹងប្រែងរបស់ស្ថានទូត ក្នុងការអនុវត្តការទូតសេដ្ឋកិច្ចដែលផ្តោតសំខាន់លើវិស័យពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍ ព្រមទាំងវឌ្ឍនភាពនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ដែលគិតមកទល់ថ្ងៃនេះ គឺពុំទាន់មានអ្នកបាត់បង់ជីវិតដោយសារជំងឺនេះឡើយ។

លោក Viset Sontichai និងសហការី បានទទួលយកសំណើរបស់ឯកឧត្តមឯកអគ្គរាជទូត និងសន្យាបន្តធ្វើការជាមួយការិយាល័យអនុព័ន្ធពាណិជ្ជកម្មអមស្ថានទូត ដើម្បីរៀបចំបញ្ជីផលិតផលប្រណិតខ្មែរ ព្រមទាំងផ្សព្វផ្សាយសេវាកម្មជើងហោះហើររបស់ក្រុមហ៊ុន Thai Airways ជូនធុរជន និងភ្ញៀវទេសចរ នៅក្នុងប្រទេសកម្ពុជា និងថៃ៕

 

ប្រភព: ក្រសួងព័ត៌មាន