សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីលទ្ធផលដ៏ត្រចះត្រចង់ ដោយភាគីកម្ពុជានិងថៃ បានឯកភាពគ្នាលើចំណុចសំខាន់ៗដើម្បីបញ្ចប់ភាពតានតឹង និងស្តារសន្តិភាពឡើងវិញ
ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ – សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសពីលទ្ធផលដ៏ត្រចះត្រចង់នៃជំនួបរវាងសម្តេច និងឯកឧត្តម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ ដោយភាគីទាំងពីរបានឯកភាពគ្នាលើចំណុចសំខាន់ៗដើម្បីបញ្ចប់ភាពតានតឹង និងស្តារសន្តិភាពឡើងវិញ។

លទ្ធផលសំខាន់ៗនៃជំនួប៖
* បទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌ៖ ភាគីទាំងពីរបានឯកភាពគ្នាលើបទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌ ដែលនឹងចូលជាធរមាននៅវេលាម៉ោង ២៤:០០ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ នេះជាជំហានដ៏សំខាន់ឆ្ពោះទៅការបន្ថយភាពតានតឹង និងការស្តារឡើងវិញនូវសន្តិភាព និងសន្តិសុខ។
* កិច្ចប្រជុំក្រៅផ្លូវការថ្នាក់មេបញ្ជាការយោធភូមិភាគ៖ កិច្ចប្រជុំក្រៅផ្លូវការថ្នាក់មេបញ្ជាការយោធភូមិភាគ (ភាគីថៃ យោធភូមិភាគទី១ និងទី២ និងភាគីកម្ពុជា យោធភូមិភាគទី៤ និងទី៥) នឹងប្រព្រឹត្តទៅនៅវេលាម៉ោង ០៧:០០ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ លើសពីនេះ ក៏នឹងបន្តរៀបចំកិច្ចប្រជុំជាមួយបណ្តាសេនានុព័ន្ធ និងអនុព័ន្ធយោធា ដែលដឹកនាំដោយប្រធានអាស៊ាន ប្រសិនបើមានការឯកភាពពីភាគីទាំងពីរ។
* កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC)៖ ភាគីទាំងពីរក៏នឹងរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តមនាយករដ្ឋមន្ត្រី Anwar Ibrahim ដែលបានផ្តួចផ្តើមគំនិតសម្របសម្រួលឱ្យមានកិច្ចប្រជុំ និងធ្វើជាម្ចាស់ផ្ទះ។ ជាមួយគ្នានេះ សម្តេចក៏បានថ្លែងអំណរគុណដល់ ឯកឧត្តមប្រធានាធិបតី Donald Trump ដែលបានផ្តល់ការគាំទ្រដល់ដំណើរការចរចាររកការឈប់បាញ់ភ្លាមៗដើម្បីកសាងសន្តិភាព តាមរយៈសហរដ្ឋអាមេរិកធ្វើជាសហអ្នករៀបចំនៃជំនួបថ្ងៃនេះ។ ជាចុងក្រោយ សម្តេចក៏បានថ្លែងអំណរគុណដល់ រដ្ឋាភិបាលចិន ដែលតែងតែគាំទ្រលើកទឹកចិត្តឱ្យភាគីទាំងពីរស្វែងរកការឈប់បាញ់ និងចូលរួមយ៉ាងសកម្មគាំទ្រដល់ជំនួបពិសេសនេះផងដែរ៕
ប្រភព៖ ក្រសួងព័ត៌មាន - Ministry of Information