កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំមហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប និង ASEAN 2022

 
កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំមហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប និង ASEAN 2022

កាលពីរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូអនឡាញ (Zoom) ដោយ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធានគណៈកម្មការ និងមន្រ្តី ជំនាញ ដើម្បីត្រួតពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពនៃកិច្ចការសំខាន់ពីរ៖

១-ការត្រៀមរៀបចំមហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី២២ដល់ថ្ងៃ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ។

២-ការត្រៀមរៀបចំនូវព្រឹត្តិការណ៍អមផ្សេងៗ ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទទួល បន្ទុកជាគណៈកម្មការផ្នែកវប្បធម៌ ដើម្បីផ្តល់ការគាំទ្រដល់កិច្ចប្រជុំកំពូលអាស៊ាន នាឆ្នាំ២០២២ ខាងមុខ ។

កិច្ចប្រជុំខាងលើ ក៏បានពិភាក្សា និងកំណត់យកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ដើម្បីរៀបចំ កម្មវិធីជិះកង់ និងដាំដើមឈើនៅតំបន់អង្គរ ដោយយោងតាមស្មារតីនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន ទទួលបន្ទុកវប្បធម៌ និងសិល្បៈកាលពីឆ្នាំ២០២០កន្លងមក ដែលបានកំណត់យកសៀមរាបជាទីក្រុង វប្បធម៌អាស៊ាន Siem Reap ASEAN City of Culture និងដើម្បីអបអរសាទរកិច្ចប្រជុំថ្នាក់ឧត្តមមន្រ្តី ទទួលបន្ទុកវប្បធម៌ និងសិល្បៈ ដែលនឹងគ្រោងធ្វើឡើងនៅសប្តាហ៍ទី៣នៃខែតុលា ឆ្នាំ២០២១។

សូមបញ្ជាក់ថា កម្មវិធីកម្មវិធីជិះកង់ និងដាំដើមឈើ នឹងត្រូវធ្វើឡើងនៅតំបន់អង្គរ តាមការរៀប ចំទីកន្លែង និងការព្រាងកំណាត់ផ្លូវ ដោយអាជ្ញាធរជាតិអប្សរា នឹងមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំខេត្ត បណ្តាអង្គទូតជាសមាជិកអាស៊ាន និងដៃគូសន្ទនា ព្រមទាំងភាគី ដែលពាក់ព័ន្ធ ដោយមានការកំណត់នូវចំនួនច្បាស់លាស់ស្របតាមវិធានការសុខាភិបាល៕

អត្ថបទៈ RITH MCRC ប្រភព: ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ