ក្រុមហ៊ុនបច្ចេកវិទ្យាចិននិងឥណ្ឌាខាតបង់ប្រាក់ចំណូលយ៉ាងច្រើនដោយសាររឿងទាំងនេះ
ហុងកុង: វិស័យបច្ចេកវិទ្យាកំពុងតែរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសឥណ្ឌា និងប្រទេសចិនត្រូវបានគេមើលឃើញថាកំពុងស្ថិតក្នុងដំណាក់កាលនៃការប្រឈមមុខគ្នាផ្នែកភូមិសាស្ត្រនយោបាយយ៉ាងខ្លាំង ខណៈដែលប្រទេសទាំងពីរនេះរងការខាតបង់ប្រាក់ចំណូលយ៉ាងច្រើននៅក្នុងឆ្នាំនេះ ។នេះបើយោងតាមសារព័ត៌មាន CNN
ភាពតានតឹងរវាងប្រទេសទាំងពីរបានកើតឡើងចាប់តាំងពីខែមិថុនាមកម៉្លេះ នៅពេលដែលមានជម្លោះ ការប៉ះទង្គិចបង្ហូរឈាមគ្នានៅតាមព្រំដែននៅតំបន់ Himalayas ដែលបណ្តាលឱ្យទាហានឥណ្ឌាយ៉ាងតិច ២០ នាក់បានស្លាប់។
នៅប៉ុន្មានសប្តាហ៍និងប៉ុន្មានខែកន្លងមកនេះ មន្រ្តីឥណ្ឌាបានហាមឃាត់កម្មវិធីជាច្រើនពីក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ចិនគឺ Bytedance, Alibaba (BABA) និង Tencent (TCEHY) ហើយត្រូវបានរាយការណ៍ថាបានដាក់កម្រិតលើក្រុមហ៊ុនផលិតឧបករណ៍ទូរគមនាគមន៍ Huawei មិនអោយមានវត្តមានក្នុងបណ្តាញ 5G របស់ឥណ្ឌាថែមទៀតផង។
សូមជម្រាបថា ប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងគ្នាកាត់បន្ថយភាពតានតឹងផ្នែកយោធានៅក្នុងខែកញ្ញា ប៉ុន្តែបញ្ហានេះមិនបាននាំមកនូវការធូរស្បើយច្រើននោះទេសម្រាប់អាជីវកម្មដែលជាប់នៅក្នុងជម្លោះនោះ។
កម្មវិធីអន្ដរជាតិរបស់ក្រុមហ៊ុន ByteDance's ដែលជាកម្មវិធីវីដេអូខ្លី TikTok នៅតែហាមឃាត់នៅឡើយក្នុងប្រទេសឥណ្ឌា ហើយកាលពីខែមុនរដ្ឋាភិបាលឥណ្ឌាបានហាមឃាត់កម្មវិធីចិនជាច្រើនទៀត ដោយលើកឡើងពីបញ្ហាសន្តិសុខជាតិ។
សម្ពាធទាំងនេះគឺជាបញ្ហាមួយសម្រាប់ក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសទាំងពីរ ប៉ុន្តែការខូចខាតនេះគឺមានលក្ខណៈស្រួចស្រាវសម្រាប់ក្រុមហ៊ុនចិនដែលព្យាយាមចាប់យកអ៊ីនធឺណេតដែលកំពុងរីកលូតលាស់របស់ឥណ្ឌា ស្របពេលបច្ចុប្បន្នប្រទេសឥណ្ឌាជាប្រទេសមានអ្នកប្រើអ៊ីនធឺណេតជិត ៧៥០ លាននាក់ដែលជាចំនួនទ្វេដងនៅក្នុងឆ្នាំ ២០១៦ នេះបើយោងតាមទិន្នន័យចុងក្រោយរបស់រដ្ឋាភិបាល។
គូរបញ្ជាក់ថា ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Atlas VPN ប៉ាន់ស្មានថាឥណ្ឌាអាចនឹងមានអ្នកប្រើប្រាស់អ៊ីនធឺណេត ១ ពាន់លាននាក់នៅឆ្នាំ ២០២៥ ខាងមុខនេះ៕
ប្រភព: CNN ដោយ: ជា បញ្ញា