សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រកាសដាក់ឱ្យអនុវត្តកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២

នៅរសៀលថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ ឆ្នាំ២០២១ ដល់ឆ្នាំ២០៣០។

 
សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រកាសដាក់ឱ្យអនុវត្តកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២

សម្តេចតេជោ ហ៊ុន សែន ពិតជាមានសេចក្តីរីករាយ ដោយបានអញ្ជើញមកចូលរួមក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី ២(២០២១- ២០៣០) បន្ទាប់ពីដំណាក់កាលទី១ នៃកម្មវិធីជាតិរយៈពេល ១០ ឆ្នាំ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិត្រូវបានបញ្ចប់នាចុងឆ្នាំ២០២០ កន្លងមក ។

សម្តេចតេជោបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ( គ.ជ.អ.ប )ដែលបានបំពេញតួនាទីដឹកនាំ និងសម្របសម្រួលកិច្ចការជាទូទៅនៃកម្មវិធីកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការសម្រេចបានសមិទ្ធផលគួរជាទីមោទនៈ ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិដៃគូអភិវឌ្ឍ និងអង្គការសង្គមស៊ីវិល ដែលបានចូលរួមអនុវត្តការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និង កម្មវិធីកែទម្រង់សំខាន់ៗដទៃទៀតរបស់រាជរដ្ឋាភិបាលសម្រេចបានជោគជ័យជាបន្តបន្ទាប់ ។ ការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺជាការពង្រឹងអភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្នុងរយៈពេលជាង ៣ អាណត្តិកន្លងមក ដើម្បីរៀបចំឡើងវិញនូវរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្ររដ្ឋបាល-សាធារណៈនៅថ្នាក់ក្រោមជាតិ ដោយឈរលើគោលការណ៍អភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ។

នៅក្នុងឱកាសនោះផងដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍ដូចខាងក្រោម ៖

ទី១) អំពីការបន្តលើកកម្ពស់ប្រសិទ្ធភាពនិងចីរភាពនៃការគ្រប់គ្រងការងារកែទម្រង់ត្រូវបន្តបែងចែកឲ្យបានច្បាស់លាស់នូវតួនាទី​ សិទ្ធិអំណាច​ និងការទទួលខុសត្រូវលើការផ្ដល់សេវាសាធារណៈដែលត្រូវបានផ្ទេរពីក្រសួងស្ថាប័នថ្នាក់ជាតិទៅរដ្ឋបាលថ្នាក់ក្រោមជាតិ​ ជាពិសេសរវាងថ្នាក់រដ្ឋបាលនីមួយៗដើម្បីរៀបចំគោលនយោបាយ​ និងការផ្ដល់សេវាក្នុងវិស័យនីមួយៗ​។  គ.ជ.អ.ប​ ត្រូវពង្រឹងការអនុវត្តតួនាទីរបស់ខ្លួនដោយផ្សារភ្ជាប់ជាមួយកម្មវិធីកែទម្រង់សំខាន់ៗដទៃទៀតហើយត្រូវដឹកនាំសម្របសម្រួលជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ​ ពិនិត្យ​ និងកែសម្រួលច្បាប់​ លិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធឲ្យស្របទៅនឹងគោលនយោបាយនិងការវិវត្តន៍នៃការកែទម្រង់វិមជ្ឈការ​ និងវិសហមជ្ឈការ។ គ.ជ.អ.ប​ ចាំបាច់ត្រូវសិក្សានូវជម្រើសសមស្របនានាសម្រាប់រៀបចំយន្តការស្ថាប័នជាក់លាក់នៅថ្នាក់ជាតិដែលជាយន្តការអចិន្ត្រៃយ៍ធានាប្រសិទ្ធភាពនៃការដឹកនាំការសម្របសម្រួលការតាមដានត្រួតពិនិត្យរបស់រដ្ឋបាលថ្នាក់ក្រោមជាតិស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តដែលបានកំណត់។

ទី២) អំពីការបន្តពង្រឹងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបន្តពង្រឹងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិបន្ថែមទៀតតាមរយៈការរៀបចំឡើងវិញនូវមុខងាររចនាសម្ព័ន្ធនិងប្រព័ន្ធគ្រប់គ្រងនៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ក្នុងការផ្ដល់សេវាទាន់ពេលវេលាជូនប្រជាពលរដ្ឋនិងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានផ្អែកលើសក្តានុពលនៃមូលដ្ឋាននីមួយៗប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ការប្រកួតប្រជែង និងសមធម៌សង្គម។ រដ្ឋបាលរាជធានីភ្នំពេញត្រូវរៀបចំឲ្យមានរចនាសម្ព័ន្ធគ្រប់គ្រងនិងមុខងារស្របតាមចរិតលក្ខណៈជាទីក្រុងធំដែលហៅជាសកលថា “ទីក្រុងមេត្រូប៉ូលីតែន” ដើម្បីធានាដោះស្រាយនូវរាល់បញ្ហាប្រឈមនានាដែលជាតម្រូវការសមស្របតាមកំណើនប្រជាជននិងសេវាទីក្រុង។ រដ្ឋបាលខេត្តត្រូវបន្តរៀបចំឲ្យមានរចនាសម្ព័ន្ធគ្រប់គ្រងនិងមុខងារស្របតាមចរិតលក្ខណៈរដ្ឋបាលតំបន់ដែលតំណាងឲ្យរាជរដ្ឋាភិបាល និងក្រសួងស្ថាប័នថ្នាក់ជាតិហើយត្រូវគាំទ្រតាមដានត្រួតពិនិត្យលើការបំពេញការងាររដ្ឋបាលមូលដ្ឋាន ការផ្ដល់សេវាសាធារណៈជាមួយនឹងការគ្រប់គ្រងគម្រោងអភិវឌ្ឍន៍ដែលមានលក្ខណៈបច្ចេកទេសខ្ពស់ហើយដែលក្រុង ស្រុក មិនអាចមានលទ្ធភាពអនុវត្តបាន។ ចំពោះរដ្ឋបាលក្រុង ស្រុក និងឃុំសង្កាត់ ត្រូវពង្រឹងឲ្យក្លាយទៅជារដ្ឋបាលមូលដ្ឋានជួរមុខលើការផ្ដល់សេវាចាំបាច់នានាជូនប្រជាពលរដ្ឋដោយផ្ទាល់ទៅតាមមូលដ្ឋាននីមួយៗ។  ចំពោះប្រព័ន្ធអភិបាលកិច្ចនៃរដ្ឋបាលថ្នាក់ក្រោមជាតិក្រុមប្រឹក្សាដែលជាតួអង្គទី១ ត្រូវបង្កើតឡើងតាមការបោះឆ្នោតដើម្បីធ្វើជាតំណាងឲ្យសំឡេងនិងផលប្រយោជន៍ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ហើយមានតួនាទីធ្វើសេចក្តីសម្រេចក្នុងក្របខណ្ឌនៃសិទ្ធិអំណាចដែលបានកំណត់ដោយច្បាប់ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចហើយក៏អាចត្រួតពិនិត្យលើការអនុវត្តការងារគណៈអភិបាលក្នុងការអនុវត្តការងារតាមការសម្រេចរបស់ខ្លួន។ តួអង្គទី២ គឺគណៈអភិបាលដែលត្រូវបានតែងតាំងដោយថ្នាក់ជាតិឲ្យទៅបម្រើការងារជាមួយក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីគ្រប់គ្រង ចាត់ចែងការងារប្រចាំថ្ងៃ មានតួនាទីអនុវត្តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សា ហើយមានតួនាទីធ្វើជាតំណាងឲ្យរាជរដ្ឋាភិបាលនិងក្រសួងស្ថាប័ន ពាក់ព័ន្ធនឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការអនុវត្តច្បាប់នៅក្នុងដែនសមត្ថកិច្ច។

ទី៣)​ អំពីការពង្រឹងការគ្រប់គ្រងនិងអភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបន្តពិនិត្យនិងកែលម្អគោលការណ៍និងកម្មវិធីនានាដែលពាក់ព័ន្ធទៅនឹងការគ្រប់គ្រងនិងការអភិវឌ្ឍធនធានមនុស្សដើម្បីលើកទឹកចិត្តការបំពេញការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិតាមរយៈការផ្ដល់ថវិកា បន្ថែមលើលើបៀវត្ស និងការឧបត្ថម្ភផ្សេងៗ ការដំឡើងកម្រិតថ្នាក់និងឋានន្តរស័កក្នុងមុខតំណែងនានានៃរដ្ឋបាលថ្នាក់ក្រោមជាតិឲ្យសមស្របទៅនឹងមុខជំនាញដើម្បីធានាការគ្រប់គ្រងធនធានមនុស្សប្រកបដោយប្រសិទ្ធភាពយុត្តិធម៌និងគ្មានការរើសអើង។

ទី៤)អំពីធនធានហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបន្តខិតខំពង្រឹងការគ្រប់គ្រងការប្រមូលចំណូលជាមួយនឹងការគ្រប់គ្រងចំណាយប្រកបដោយតម្លាភាព។ គ្រប់ស្ថាប័នទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិត្រូវកាត់បន្ថយចំណាយដែលពុំមានតម្រូវការចាំបាច់រួមទាំងគម្រោងវិនិយោគសាធារណៈដែលពុំទាន់ចាំបាច់ដើម្បីធានាស្ថេរភាពថវិកាជាតិដែលកំពុងស្ថិតក្នុងស្ថានភាពលំបាកដោយសារជំងឺកូវីដ-១៩។ សាខាពន្ធដាររាជធានី-ខេត្តត្រូវសហការជិតស្និទ្ធជាមួយរដ្ឋបាលរាជធានី-ខេត្តនីមួយៗដើម្បីប្រមូលចំណូល សារពើពន្ធនានា។ ទន្ទឹមនឹងនេះត្រូវពង្រឹងការធ្វើសវនកម្ម អធិការកិច្ចហិរញ្ញវត្ថុ ដើម្បីធានាថាធនធានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបានគ្រប់គ្រងចាត់ចែងនិងប្រើប្រាស់ ស្របតាមច្បាប់និងលិខិតបទដ្ឋាននានាដែលបានកំណត់។

ទី៥) អំពីការរៀបចំនិងពង្រឹងអភិបាលកិច្ចឌីជីថលនៅរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបន្តជំរុញការរៀបចំនិងដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននិងប្រព័ន្ធអភិបាលកិច្ចឌីជីថលនៅរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗដើម្បីធ្វើឲ្យមានប្រសិទ្ធភាពការងាររដ្ឋបាលផ្ទៃក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិនិងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋព្រមទាំងធានាដល់ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានឆាប់រហ័សទាន់ពេលវេលា និងមានតម្លាភាព៕

 

ប្រភព៖ Samdech Hun Sen, Cambodian Prime Minister

សូមចុច join Telegram https://t.me/cngtvcambodia