សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យសមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ពិនិត្យលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់កងកម្លាំងប្រដាប់អាវុធរបស់យើង
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសារអំពាវនាវឱ្យសមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ពិនិត្យលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់កងកម្លាំងប្រដាប់អាវុធរបស់យើង។

ប្រសាសន៍សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ÷ ការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃក្នុងរយៈពេលប៉ុន្មានថ្ងៃនេះបានបណ្តាលឱ្យយោធិនមួយចំនួនត្រូវពលី របួស ពិការ ក៏ដូចជាប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារក្លាយជាជនភៀសសឹកមិនអាចប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃបាន។
១. សម្រាប់យោធិននិងនគរបាលជាតិដែលកំពុងបំពេញប្រតិបត្តិការក្នុងសមរភូមិ គ្រួសារយោធិនពលី របួស ពិការ÷
. រាជរដ្ឋាភិបាលបានរៀបចំនិងកំពុងអនុវត្តនូវកញ្ចប់គោលនយោបាយសម្រាប់គ្រួសារយោធិនពលី យោធិនរងរបួស ពិការ។
. ខ្ញុំបានចេញបទបញ្ជាឲ្យក្រសួងការពារជាតិ និងក្រសួងស្ថាប័នពាក់ព័ន្ធ សិក្សារៀបចំនូវគោលនយោបាយលើកទឹកចិត្តពិសេសសម្រាប់កងកម្លាំងប្រដាប់អាវុធទាំងយោធា ទាំងនគរបាលជាតិ ដែលបានចូលរួមដោយផ្ទាល់នៅក្នុងសមរភូមិការពារបូរណភាពទឹកដីនៅពេលនេះ។
.ចំពោះយោធិន និងកងនគរបាលជាតិដែលបានពលី ឬធ្លាក់ខ្លួនពីការមិនអាចបំពេញភារកិច្ចបន្តបាន រាជរដ្ឋាភិបាលនឹងផ្ដល់ក្របខ័ណ្ឌឲ្យសាច់ញាតិបង្កើតរបស់គាត់មួយរូបបានចូលបម្រើប្រទេសជាតិនៅអង្គភាពដែលគាត់បំពេញភារកិច្ចមុនពលីឬធ្លាក់ខ្លួនពិការ។
២. សម្រាប់យោធិននិងនគរបាលជាតិដែលកំពុងបំពេញប្រតិបត្តិការក្នុងសមរភូមិ គ្រួសារយោធិនពលី យោធិនរបួស ពិការ និងប្រជាពលរដ្ឋដែលជាជនភៀសសឹក÷
. រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ផ្ដល់កិច្ចអន្តរាគមន៍គាំទ្រដល់បងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹក។
. ដើម្បីចលនាការចូលរួមបន្ថែម ខ្ញុំសូមអំពាវនាវឲ្យសមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិនិត្យលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់កងកម្លាំងប្រដាប់អាវុធរបស់យើងដែលកំពុងធ្វើប្រតិបត្តិការយ៉ាងសកម្មនៅក្នុងបុព្វហេតុការពារបូរណភាពទឹកដីនៅក្នុងសមរភូមិប្រយុទ្ធ ក៏ដូចជាគ្រួសារយោធិនពលី យោធិនរងរបួស ពិការ និងប្រជាពលរដ្ឋជាជនភៀសសឹកដោយសារការប្រយុទ្ធគ្នានៅពេលនេះ៕