គុយវ៉ែតប្រកាសអាសន្នលើការផ្គត់ផ្គង់ប្រេង ក្រោយការបិទខ្ទប់ច្រកសមុទ្រ Hormuz
វិបត្តិថាមពលពិភពលោកបានកើតឡើងសារជាថ្មីនៅព្រឹកថ្ងៃនេះ បន្ទាប់ពីប្រទេសគុយវ៉ែត ដែលជាសមាជិកដ៏សំខាន់នៃអង្គការ OPEC បានប្រកាសស្ថានភាពដែលមិនអាចចៀសវាងបាន លើការដឹកជញ្ជូនប្រេងឆៅរបស់ខ្លួន។
យោងតាមការចុះផ្សាយរបស់ភ្នាក់ងារសារព័ត៌មាន Reuters និង Bloomberg បានឲ្យដឹងពីការសម្រេចចិត្តប្រកាសអាសន្នរបស់គុយវ៉ែត ធ្វើឡើងបន្ទាប់ពីការបិទខ្ទប់ផ្លូវទឹកនៅតំបន់ច្រកសមុទ្រ Hormuz បានធ្វើឱ្យនាវាដឹកប្រេងមិនអាចធ្វើដំណើរចេញចូលបានដោយសុវត្ថិភាព។ ការប្រកាសស្ថានភាពនេះ មានន័យថា គុយវ៉ែតនឹងមិនអាចបំពេញកាតព្វកិច្ចតាមកិច្ចសន្យាក្នុងការផ្គត់ផ្គង់ប្រេងទៅកាន់ទីផ្សារអន្តរជាតិបានឡើយ ដោយសារតែបញ្ហាសន្តិសុខដែលហួសពីការគ្រប់គ្រង។
ស្ថានភាពនេះបានកើតឡើងចំពេលដែលភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កាន់តែអាក្រក់ទៅៗ ក្រោយការរឹបអូសនាវាដឹកទំនិញ និងការផ្អាកកិច្ចចរចាសន្តិភាព ដែលបានប្រែក្លាយតំបន់ច្រកសមុទ្រ Hormuz ឱ្យទៅជាសមរភូមិប្រឈមមុខដាក់គ្នា។
អ្នកវិភាគសេដ្ឋកិច្ចបានព្រមានថា ការដកខ្លួនចេញពីការផ្គត់ផ្គង់របស់គុយវ៉ែត រួមជាមួយការរអាក់រអួលនៃចរាចរណ៍នាវាក្នុងតំបន់មជ្ឈិមបូព៌ា នឹងរុញច្រានឱ្យតម្លៃប្រេងពិភពលោកហក់ឡើងកាន់តែខ្ពស់លើសពីការរំពឹងទុក។ ចំណែកប្រទេសជាច្រើនដែលពឹងផ្អែកលើប្រេងពីតំបន់ឈូងសមុទ្រ នឹងត្រូវប្រឈមមុខនឹងកង្វះខាតថាមពល និងសម្ពាធអតិផរណាដ៏ធ្ងន់ធ្ងរក្នុងពេលឆាប់ៗខាងមុខ៕

ប្រភព៖Reuters


















