ក្រសួងសុខាភិបាលមិនអនុញ្ញាតឲ្យរៀបអាពាហ៍ពិពាហ៍ និងពិធីផ្សេងៗដែលមានមនុស្សច្រើន
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្រសួងមិនដែលអនុញ្ញាតឲ្យមានការរៀបចំកម្មវិធីដែលមានការជួបជុំគ្នាច្រើនដូចជា ការរៀបអាពាហ៍ពិពាហ៍ និងពិធីផ្សេងនោះទេ។
អ្នកនាំពាក្យក្រសួងសុខាភិបាលលោកជំទាវ ឱ វណ្ឌឌីន បានឲ្យដឹងនៅថ្ងៃរសៀលថ្ងៃទី១០ ខែវិច្ឆិកានេះថា ក្រសួងសុខាភិបាលនឹងចេញសេចក្តីប្រកាសជាថ្មីម្តងទៀតមិនអនុញ្ញាឲ្យមានការជួបជុំប្រមូលផ្តុំគ្នាមានចំនួនច្រើន ។ ការបញ្ជាក់របស់អ្នកនាំពាក្យរបស់ក្រសួងសុខាភិបាលគឺបន្ទាប់ ពីគេសង្កេតឃើញថា កម្មវិធីរៀបអាពាហ៍ពិពាហ៍ និងពិធីផ្សេងដែលមានការជួបជុំមានមនុស្សគ្នាច្រើនជាបន្តបន្ទាប់ ។
លោកជំទាវបានបញ្ជាក់ថា ៖«កន្លងមកយើងអត់ដែលបានប្រកាសឲ្យបើកឲ្យមានការរៀបចំរៀបអាពាហ៍ពិពាហ៍ បុណ្យ និងពិធីផ្សេងៗ ដែលមានមនុស្សប្រមូលផ្តុំច្រើនទេ ។ ហើយក្រសួងតែងតែងអំពាវនាវឲ្យងប្អូនកាត់បន្ថយការជួបជុំឲ្យបានអតិតប្បរមាទ្រង់ទ្រាយធំ ប៉ុន្តែក្នុងករណីចាំបាច់ មានការជួបជុំគ្នាត្រូវអនុវត្តរក្សាគម្លាត បុគ្គលពី១ម៉ែត្រកន្លះឡើងទៅ និងអនុវត្តវិធានការសុខាភិបាល» ។
ជាមួយគ្នានោះដែរ លោកជំទាវអ្នកនាំពាក្យបានគូសបញ្ជាក់ថា បច្ចុប្បនេះក្រសួងបានកំពុងពិភាក្សាគ្នាក្នុងការហាមឃាត់ជាថ្មី ហើយបើមានអ្វីថ្មីក្រសួងនឹងចេញជាបន្តបន្ទាប់ ។ ពាក់ព័ន្ធនឹងការហាមឃាត់ចំពោះកម្មវិធីរៀបអាពាហ៍ពិពាហ៍ ពិធិបុណ្យ និងកម្មវិធីផ្សេងៗ អ្នកនាំពាក្យបានអះអាងថា ចាប់តាំងពីប្រកាសមិនអនុញ្ញាតឲ្យមានកម្មការរៀបចំកម្មវិធីផ្សេងដូចជា រៀបអាពាហ៍ពិពាហ៍ កម្មវិធីជប់លៀង និងពិធីផ្សេងៗកន្លងមក ក្រសួងមិនដែលបើកអនុញ្ញាតឲ្យមានការរៀបចំកម្មវិធីនេះ(រៀបអាពាហ៍ពិពាហ៍ ជប់លៀង ឬពិធីផ្សេងៗ)នោះទេ ៕
ប្រភព: ក្រសួងសុខាភិបាល