ប្រមុខរាជរដ្ឋាភិបាល សម្រេចបន្ធូរបន្ថយការអនុវត្តពន្ធកាត់ទុកលើការប្រាក់ សម្រាប់អ្នកផ្ដល់កម្ចីក្នុងស្រុក និងក្រៅស្រុក

MC៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្ធូរបន្ថយការអនុវត្តពន្ធកាត់ទុក លើការប្រាក់សម្រាប់ អ្នកផ្ដល់កម្ចីក្នុងស្រុក និងក្រៅស្រុក (Withholding Tax) ខណៈដែលកម្ពុជា និងបណ្តាប្រទេសលើសកលលោកកំពុងរងវិបត្តិនៃកូវីដ-១៩។

 
ប្រមុខរាជរដ្ឋាភិបាល សម្រេចបន្ធូរបន្ថយការអនុវត្តពន្ធកាត់ទុកលើការប្រាក់ សម្រាប់អ្នកផ្ដល់កម្ចីក្នុងស្រុក និងក្រៅស្រុក
ប្រមុខរាជរដ្ឋាភិបាល សម្រេចបន្ធូរបន្ថយការអនុវត្តពន្ធកាត់ទុកលើការប្រាក់ សម្រាប់អ្នកផ្ដល់កម្ចីក្នុងស្រុក និងក្រៅស្រុក

យោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា អំពីវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រង ផលប៉ះពាល់ លើវិស័យសំខាន់ៗ នៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិ ការស្ដារ និងជំរុញកំណើន សេដ្ឋកិច្ចកម្ពុជា ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ (ជុំទី៧) សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបន្ធូរបន្ថយការអនុវត្តពន្ធកាត់ទុក លើការប្រាក់សម្រាប់ អ្នកផ្ដល់កម្ចីក្នុងស្រុក និងក្រៅស្រុក (Withholding Tax) រួមមាន៖ សម្រាប់កម្ចីថ្មី៖

ទី១-ទម្លាក់អត្រាពន្ធកាត់ទុក លើកម្ចីរបស់ធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ, ទាំងពីប្រភពខាងក្រៅ និងខាងក្នុងស្រុក, មកនៅត្រឹម ៥ភាគរយ (ទាំងការខ្ចីពីប្រទេសដែលមាន DTA និង ការខ្ចីពីប្រទេស ដែលមិនមាន DTA) សម្រាប់ឆ្នាំ២០២១។ ទី២-ទម្លាក់អត្រាពន្ធកាត់ទុកលើកម្ចីរបស់ធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ, ទាំងពីប្រភពខាងក្រៅ និងខាងក្នុងស្រុក, មកនៅត្រឹម ១០ភាគរយ (ទាំងការខ្ចីពីប្រទេសដែលមាន DTA និងការខ្ចីពីប្រទេស ដែលមិនមាន DTA) សម្រាប់ឆ្នាំ ២០២២។ និងទី៣-ពិនិត្យ និងកែតម្រូវអត្រាពន្ធកាត់ទុក លើកម្ចីធនាគារ និង ស្ថាប័នមីក្រូហិរញ្ញវត្ថុ, ទាំងពីប្រភពខាងក្រៅ និងខាងក្នុងស្រុក, ឡើងដល់កម្រិតធម្មតា ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានវិញនៅឆ្នាំ២០២៣។

ដោយឡែកសម្រាប់កម្ចីចាស់៖

ទី១-ទម្លាក់អត្រាពន្ធកាត់ទុក លើកម្ចីរបស់ធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ, ទាំងពីប្រភពខាងក្រៅ និងខាងក្នុងស្រុក, មកនៅត្រឹម ១០% (ទាំងការខ្ចីពីប្រទេស ដែលមាន DTA និងការខ្ចីពីប្រទេសដែលមិនមាន DTA) សម្រាប់ឆ្នាំ ២០២១។ និងទី២-ពិនិត្យ និងកែតម្រូវអត្រាពន្ធកាត់ទុក លើកម្ចីរបស់ធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ, ទាំងពីប្រភពខាងក្រៅ និងខាងក្នុងស្រុក, ឱ្យឡើងដល់កម្រិតធម្មតា ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានវិញ នៅឆ្នាំ២០២២។

រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តតាមដានជាប់ជាប្រចាំនូវស្ថានភាពនៃជំងឺកូវីដ-១៩ លើស្ថានភាពសង្គម-សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងក្របខណ្ឌសកលលោក តំបន់ និងក្នុងប្រទេស ដើម្បីពិនិត្យ និងវាយតម្លៃពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើវិស័យ សំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជា ក្នុងទិសដៅធ្វើបច្ចុប្បន្នភាព និងត្រៀមដាក់ចេញនូវវិធានការថ្មីៗបន្ថែមចាំបាច់នានា ក្រោមក្របខណ្ឌផែនការយុទ្ធសាស្រ្តស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ-១៩៕

 

ប្រភព: ក្រសួងព័ត៌មាន