ឧកញ៉ា ប៉ិច បូឡែន៖ យុវជនគួរចាប់យកជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារសិន បើពុំទាន់មានលទ្ធភាពបន្តការសិក្សានៅសាកលវិទ្យាល័យ

យុវជនគួរពិចារណាចាប់យកជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ ដើម្បីជួយទ្រទ្រង់ជីវភាពក្រុមគ្រួសារ ដោយសារជំនាញនេះចំណាយថវិកាតិច រយៈពេលសិក្សាខ្លី និងទីផ្សារការងារ សម្បូរ ប្រសិនបើមិនមានលទ្ធភាពបន្តការសិក្សានៅសាកលវិទ្យាល័យ។ នេះជាការលើកឡើងរបស់ ឧកញ៉ា ប៉ិច បូឡែន អគ្គនាយក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប ក្នុងសិក្ខាសាលាអនឡាញស្តីពី “ការតម្រង់ទិសការសិក្សា និងជំនាញ” កាលពីពេលថ្មីៗកន្លងមកនេះ។

 
ឧកញ៉ា ប៉ិច បូឡែន៖ យុវជនគួរចាប់យកជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារសិន បើពុំទាន់មានលទ្ធភាពបន្តការសិក្សានៅសាកលវិទ្យាល័យ

ឧកញ៉ា បានបន្តទៀតថា យុវជនត្រូវចេះថ្លឹងថ្លែងមើលកម្រិតជីវភាពរបស់ក្រុមគ្រួសាររបស់ខ្លួនថា តើអាចផ្គត់ផ្គង់ថវិកាសម្រាប់ការបន្តការសិក្សានៅសាកលវិទ្យាល័យបានដែរឬទេ? ដោយសារការចំណាយពេលរហូតដល់៤ឆ្នាំទើបបញ្ចប់ រីឯថវិកាសម្រាប់ការចាយវាយប្រចាំថ្ងៃ និងថ្លៃសិក្សា ចំណាយច្រើនគួរសមផងដែរ។

អគ្គនាយកខាងលើ បានបន្ថែមទៀតថា ការសិក្សាជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ ចំណាយថវិកាតិច ហើយរយៈពេលអាចពី៣ខែ ទៅ៦ខែ តាមមុខជំនាញនីមួយៗ ងាយស្រួលក្នុងការស្វែងរកការងារធ្វើ និងទទួលបានប្រាក់ខែសមរម្យ ដោយសារប្រទេសយើងជាប្រទេស កំពុងអភិវឌ្ឍ ដូចនេះត្រូវការអ្នកជំនាញបច្ចេកទេស និងវិជ្ជាជីវៈច្រើន សម្រាប់មប្រើការងារក្នុងវិស័យសំណង់ ទេសចរណ៍ កសិកម្ម សិប្បកម្ម ឧស្សាហកម្មជាដើម។ លើសពីនេះការសិក្សា ជំនាញបច្ចេកទេសនឹងផ្តល់មកវិញនូវផលប្រឡប់សងផ្នែកសេដ្ឋកិច្ចបានឆាប់រហ័ស។

យោងតាមសៀវភៅគោលនយោបាយជាតិ ស្តីពីការអប់រំ បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ឆ្នាំ២០១៧- ២០២៥ បានបង្ហាញ ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) គឺជាកត្តាមិនអាចខ្វះបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងជំរុញឳ្យអ្នកសិក្សាទទួលបានចំណេះដឹង ជំនាញបច្ចេកទេស ជាមួយសមត្ថភាពពិតប្រាកដ ដើម្បីក្លាយខ្លួនជាពលករជំនាញ អ្នកបច្ចេកទេស ព្រមទាំងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម និងជំរុញកំណើនសេដ្ឋកិច្ចជាតិ  ដើម្បីប្រទេសកម្ពុជាឈាន ចេញពីចំណោមក្រុមប្រទេសក្រីក្រមកជាចំណាត់ថ្នាក់ “ប្រទេសមានចំណូលមធ្យមកម្រិតទាប” ហើយគោលដៅ សេដ្ឋកិច្ចសង្គមរបស់រាជរដ្ឋាភិបាល គឺធ្វើការប្រែក្លាយ ប្រទេសកម្ពុជាទៅជា “ប្រទេសមានចំណូលមធ្យមកម្រិត ខ្ពស់” នៅឆ្នាំ២០៣០ និងក្លាយជា “ប្រទេសអភិវឌ្ឍ” នៅឆ្នាំ២០៥០ ។

ទន្ទឹមនឹងនោះ សៀវភៅគោលនយោបាយជាតិ ស្តីពីការអប់រំ បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ បានបង្ហាញពីកត្តា ប្រឈមនៃការចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសនៅមានកម្រិតទាប ដោយសារប្រជាជនមួយចំនួនឳ្យតម្លៃតែលើ ការអប់រំកម្រិតឧត្តមសិក្សា (សាកលវិទ្យាល័យ) គ្រឹះស្ថានសិក្សាភាគច្រើនមិនទាន់បានអនុវត្តយន្តការផ្តល់ការណែនាំឳ្យបានទូលំទូលាយដល់សិស្សឳ្យមានជម្រើសផ្សេងៗ រួមទាំងការផ្សព្វផ្សាយអំពីសារសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជវៈ។ ម៉្យាងវិញទៀត ទស្សនៈ អវិជ្ជមានដែលមានលក្ខណៈទូទៅសម្រាប់បណ្តាប្រទេសមួយចំនួនក្នុងអាស៊ាន ត្រូវបានចាត់ទុកថាការអប់រំបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ ជា “ជម្រើសទីពីរ” បន្ទាប់ពីថ្នាក់មហាវិទ្យាល័យ ឬសម្រាប់តែជនក្រីក្រ ជនងាយរងគ្រោះ និងជនបោះបង់ការសិក្សាពីប្រព័ន្ធអប់រំចំណេះទូទៅ។

ឧកញ៉ា បានក្រើនរំលឹកដល់យុវជនថា មិនថាយុវជនរៀននៅមហាវិទ្យាល័យ ឬគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈទេ យុវជនត្រូវផ្តោតជាសំខាន់ លើចំណេះជំនាញណាមួយឳ្យបានច្បាស់លាស់ ជាជាងរៀនចប់ទទួលបានតែសញ្ញាបត្រ ពីព្រោះសព្វថ្ងៃនេះ និយោជក និងស្ថាប័ននានាឳ្យ តម្លៃខ្ពស់លើចំណេះ ជំនាញ និងសមត្ថភាពពិតប្រាកដ ព្រមទាំងសមទ្ធផលការងារជាក់ស្តែងជាគោល៕