វេសឡាញប្រកាសផ្តល់វគ្គបណ្តុះបណ្តាលដោយឥតគិតថ្លៃ ដើម្បីជ្រើសរើសធនធានមនុស្សបន្ថែម ខណៈកំពុងពង្រីកបេសកកម្មអប់រំនៅតាមបណ្តាខេត្ត និងតំបន់ជាយក្រុង
កាលពីពេលថ្មីៗកន្លងទៅនេះ បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិនគ្រុប បានបើកកិច្ចប្រជុំជាមួយគណៈគ្រប់គ្រង និងនាយកដ្ឋានជំនាញ ដើម្បីរៀបចំផែនការក្នុងការបើកវគ្គបណ្តុះបណ្តាលមួយចំនួនដោយឥតគិតថ្ងៃ ដើម្បីជ្រើសរើសធនធានមនុស្សទាំងគ្រូបង្រៀន និងបុគ្គលិកប្រតិបត្តិការជាច្រើន ខណៈវេសឡាញបាននឹងកំពុងពង្រីកបេសកកម្មអប់រំរបស់ខ្លួនតាមបណ្តាខេត្ត និងតំបន់ជាយក្រុងមួយចំនួន ក្នុងទិសដៅរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យអបរំ។
ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប បានមានប្រសាសន៍ថា “ពីមួយឆ្នាំទៅមួយឆ្នាំ បណ្តាញសាលារៀនរបស់យើងទទួលបានទំនុកចិត្តពីសិស្សានុសិស្ស និងអ្នកអាណាព្យាបាលលើសេវាកម្ម និងកម្មវិធីសិក្សាសម្បូរបែប ដែលកត្តាទាំងនេះបានជម្រុញឲ្យមានការរីកចម្រើនលូតលាស់យ៉ាងឆាប់រហ័ស ទាំងគុណភាព និងវិសាលភាព។ ដើម្បីគាំទ្រដល់ការវិវឌ្ឍថ្មីៗ ជាពិសេសក្នុងយុទ្ធនាការបេសកកម្មអប់រំតាមបណ្តាខេត្ត និងតំបន់ជាយក្រុង យើងចាំបាច់ត្រូវតែបណ្តុះធនធានអ្នកគ្រប់គ្រង បុគ្គលិក និងគ្រូបង្រៀនជាបន្តបន្ទាប់”។
លោកឧកញ៉ាបានបញ្ជាក់ថា “ការរៀបចំវគ្គបណ្តុះបណ្តាលនឹងផ្តល់ឱកាសការងារដល់យុវជនជាច្រើនបន្ថែមទៀត ក៏ដូចជាចូលរួមលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងប្រទេសជាតិ។ ជាក់ស្តែងកន្លងមក វេសឡាញបានរៀបចំវគ្គបណ្តុះបណ្តាលគ្រូកម្រិតមត្តេយ្យសិក្សា គ្រូភាសាអង់គ្លេស និងជំនួយការគ្រូបឋមសិក្សាជាច្រើនរូបប្រកបដោយសមត្ថភាពគ្រប់គ្រាន់ ហើយពួកគាត់បាននឹងកំពុងបម្រើការងារនៅបណ្តាសាលារៀនរបស់យើង”។
លោកឧកញ៉ាបានបន្តទៀតថា “គ្រាន់តែក្នុងរយៈពេល៥ឆ្នាំទៅមុខ ខ្ញុំត្រូវការគណនាយកសាលាប្រហែល២០០នាក់បន្ថែមសម្រាប់ការអភិវឌ្ឍសាលារៀនតាមគ្រប់ខេត្ត-រាជធានីទាំងអស់។ ខ្ញុំនឹងផ្តល់អាហារូបករណ៍១០០%លើវគ្គបណ្តុះបណ្តាលគ្រប់គ្រងសាលារៀន, វគ្គគ្រប់គ្រងអាជីវកម្ម, និងវគ្គសិក្សាភាពជាអ្នកដឹកនាំជូនដល់បងប្អូន ក្មួយៗណា ដែលចង់ក្លាយជាសមាជិកគណគ្រប់គ្រងសាលារៀនក្នុងបណ្តាញអប់រំរបស់ខ្ញុំ”។
ទន្ទឹមនឹងនេះដែរ លោកអគ្គនាយកបានជម្រុញដល់នាយកដ្ឋានធនធានមនុស្សសហការជាមួយនាយកដ្ឋានពាក់ព័ន្ធ ដើម្បីដាក់ផែនការ និងអនុវត្តសកម្មភាពបន្តសម្រាប់រៀបចំការបណ្តុះបណ្តាល និងការអភិវឌ្ឍបុគ្គលិក និងថ្នាក់ដឹកនាំ ព្រមទាំងរៀបចំផែនការស្នងតំណែងឱ្យបានប្រសើរ ដើម្បីធានានិរន្តរភាពនៃការរីកចម្រើននៃបណ្តាញគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលវេសឡាញ អេឌ្យូខេសិន គ្រុប។
សូមជម្រាបថា បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប ផ្តល់សេវាកម្មអប់រំចំណេះទូទៅខ្មែរ និងភាសាអង់គ្លេសចាប់ពីកម្រិតមត្តេយ្យ រហូតដល់វិទ្យាល័យតាមស្តង់ជាតិ និងអន្តរជាតិ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ។ ចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ២០០៨ បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប មានសាលារៀនវ៉េស្ទឡាញន៍ ១១សាខា សាលារៀនណត្សឡាញន៍ ១សាខា សាលាអន្តរជាតិ ហ្វររ៉េសហៀល ១សាខា សាលាភាសាអង់គ្លេសលីឌឺលែន ១សាខា សាលារៀនសហគមន៍ ៣សាខា និងវិទ្យាស្ថានអភវិឌ្ឍវិស័យអប់រំ ១សាខា៕