ឯកឧត្តម ឃួង ស្រេង អំពាវនាវឱ្យប្រជាពលរដ្ឋ រៀបចំផែនការគ្រួសារឱ្យបានល្អ មុននឹងយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ទៅបញ្ចាំនៅធនាគារ

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអំពាវនាវឱ្យប្រជាពលរដ្ឋ រៀបចំផែនការគ្រួសារឱ្យបានច្បាស់លាស់ ពោលគឺត្រូវគិតពិចារណាឱ្យ បានល្អិតល្អន់ មុននឹងយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ទៅបញ្ចាំនៅធនាគារ បើមិនដូច្នេះទេ បងប្អូននឹងជួបបញ្ហាធ្ងន់ធ្ងរក្នុងជីវភាពរស់នៅ ជាមួយនឹងបំណុលធនាគារ។

 
ឯកឧត្តម ឃួង ស្រេង អំពាវនាវឱ្យប្រជាពលរដ្ឋ រៀបចំផែនការគ្រួសារឱ្យបានល្អ មុននឹងយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ទៅបញ្ចាំនៅធនាគារ

ឯកឧត្តម ឃួង ស្រេង បានអំពាវនាវបែបនេះ ខណៈអញ្ជើញជាអធិបតី ក្នុងពីធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋរស់នៅសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ជាង ១ ០០០ប័ណ្ណ នៅរសៀលថ្ងៃអង្គារ ៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ ក្នុងបរិវេណសាលាសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ឯកឧត្តមឃួង ស្រេង បានមានប្រសាសន៍ថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋនៅពេលនេះ គឺជាសមិទ្ធផលថ្មីមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ និងជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមរបស់យើង សំដៅផ្តល់កម្មសិទ្ធិស្របច្បាប់ជូនប្រជាពលរដ្ឋ និងកាត់បាននូវភាពក្រីក្ររបស់ពួកគាត់។

ឯកឧត្តមឃួង ស្រេង មានប្រសាសន៍បន្តថា បងប្អូនប្រជាពលរដ្ឋយើង មុននឹងយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ទៅបញ្ចាំនៅធនាគារ ត្រូវគិតពិចារណាឱ្យបានល្អិតល្អន់ កុំឱ្យមានបញ្ហា ពាក់ព័ន្ធបំណុលធនាគារ។ បំណុលធនាគារយកលុយមកចាយវាយមិនត្រឹមត្រូវ វានាំឱ្យមានបញ្ហាធ្ងន់ធ្ងរក្នុងជីវភាពរស់នៅ ជាមួយនឹងបំណុលនេះ។ សម្រាប់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺចង់ឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់រីកចម្រើន ក្នុងមុខរបរ ក្រោមម្លប់សន្តិភាព ។ ពិសេសសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន ដោយប្រែក្លាយកម្ពុជា មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០ខាងមុខ។

លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ បានលើកឡើងថា ពាក់ព័ន្ធនឹងវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះ សម្រាប់ខណ្ឌព្រែកព្នៅ ដែលមាន ៥សង្កាត់ ក្នុងនោះ ២សង្កាត់ បានចុះបញ្ជីដីធ្លី និងចែកប័ណ្ណរួចហើយ គឺសង្កាត់ព្រែកព្នៅ និងសង្កាត់គោករកា ។ ដោយឡែកសង្កាត់ពន្សាំង ជាសង្កាត់ទី៣ ដែលកំពុងដំណើរការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ក្នុងចំណោម ២៤ភូមិ និងបានចែកប័ណ្ណរួចហើយចំនួន ១១ភូមិ រួមទាំងភូមិចំបក់ធំ និងភូមិកន្លែងគល់ ដែលកំពុងប្រារព្ធពិធីនៅពេលនេះ ។ ចំណែក ១៣ភូមិទៀត កំពុងដំណើរការនីតិវិធីចុះបញ្ជី ឈានទៅចែកប័ណ្ណកម្មសិទ្ធិក្នុងពេល ឆាប់ៗនេះ ។ រីឯ ២សង្កាត់ទៀត គឺសង្កាត់ពញាពន់ និងសង្កាត់សំរោង ក៏ស្ថិតក្នុងផែនការចុះបញ្ជីក្នុងឆ្នាំ២០២៣នេះដែរ។

លោក សារិន វណ្ណ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងដែរថា រាជធានីភ្នំពេញ ត្រូវបានជ្រើសរើសជាក្រុងអាទិភាពក្នុងការចុះបញ្ជីជាលក្ខណៈប្រព័ន្ធ ក្នុងចំណោមខេត្ត- ក្រុងទាំងអស់ នៅព្រះរាជាណាចក្រកម្ពុជា។ គម្រោងរៀបចំដែនដី និងរដ្ឋបាលដីធ្លីរាជធានីភ្នំពេញ បានចាប់ផ្ដើមនៅខែតុលា ឆ្នាំ២០០៣ រហូតមកទល់បច្ចុប្បន្នគម្រោងចុះបញ្ជីដីធ្លីបាន ៨៨សង្កាត់ ក្នុងចំណោម ១០៥សង្កាត់ នៅរាជធានីភ្នំពេញ ។ គម្រោងប្រមូលទិន្នន័យសរុបបាន ៣៧៧ ២៤៦ក្បាលដី និងចេញប័ណ្ណជូនប្រជាពលរដ្ឋបាន ២៥៦ ១៥៣ប័ណ្ណ។ និយាយដោយឡែកនៅក្នុងខណ្ឌព្រែកព្នៅ គម្រោងបានចេញប័ណ្ណជូនប្រជាពលរដ្ឋរួចបាន ២សង្កាត់ គឺសង្កាត់ព្រែកព្នៅ និងសង្កាត់គោករកា មានចំនួន ២៣ភូមិ ចេញប័ណ្ណសរុបបានចំនួន ៧ ១០៦ប័ណ្ណ និងនៅក្នុងសង្កាត់ពន្សាំង ចេញប័ណ្ណបាន១១ភូមិ មានចំនួន ៦ ៣៤៨ប័ណ្ណ ។ នៅក្នុងនេះ ក្រោយពីបានធ្វើការបណ្តុះបណ្តាល ការបោះពុម្ពប័ណ្ណកម្មសិទ្ធិ មកដល់ថ្ងៃនេះ កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីរាជធានីភ្នំពេញ សម្រេចបានការផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ស្ថិតនៅភូមិចំបក់ធំ និងភូមិកន្លែងគល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ចំនួន ១ ១៣៦ប័ណ្ណ ៕ 

ប្រភព៖ ក្រសួងព័ត៌មាន