មន្ត្រីជំនាញដុតកម្ទេចចោលសត្វជ្រូកចំនួន៥០ក្បាល បន្ទាប់ពីរកឃើញមានជំងឺប៉េស្តជ្រូកអាហ្វ្រិក
មន្ត្រីជំនាញកសិកម្ម បាន សម្រេចដុតកម្ទេចចោលនូវសត្វជ្រូកចំនួន៥០ក្បាល ក្រោយរកឃើញថា សត្វជ្រូកទាំងនោះត្រូវបានឈ្មួញលួចនាំចូលពីក្រៅប្រទេស ហើយមានផ្ទុកនូវជំងឺប៉េស្តជ្រូកអាហ្វ្រិក។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយពិធីដុតកម្ទេចជ្រូកទាំង នេះ ដែលធ្វើឡើងនៅក្នុងភូមិសាស្ត្រស្រុកបាទី ខេត្តតាកែវព្រឹកថ្ងៃទី៣ ខែមិថុនានេះ ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឱ្យដឹងថា សត្វជ្រូកដែលដុតបំផ្លាញចោលចំនួន៥០ក្បាល ជាជ្រូកដែលក្រុមឈ្មួញនាំចូល ពីប្រទេសថៃដោយខុសច្បាប់ និងចាប់បាននៅទីសត្តឃាតមួយកន្លែងនៅ ក្នុងខណ្ឌច្បារអំពៅ និងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ក្នុងរាជធានីភ្នំពេញ កាលពីសប្តាហមុន។
ឯកឧត្តម បានបញ្ជាក់ថា នៅក្នុងរយៈ៥ខែដើមឆ្នាំនេះ មន្ត្រីសមត្ថកិច្ចជំនាញកសិកម្ម បានបង្ក្រាប សត្វជ្រូកដែលក្រុមឈ្មួញលួចនាំចូលពីក្រៅប្រទេស បានចំនួន៣១ករណី ហើយនេះ គឺជាលើកទី៤ហើយ ដែលមាន ការដុតកម្ទេចចោលសត្វជ្រូកលួចនាំចូល បន្ទាប់ពីរកឃើញមានជំងឺប៉េស្តជ្រូកអាហ្វ្រិក។ ឯកឧត្តម មានប្រសាសន៍ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងតែពង្រឹងវិធានការទប់ស្កាត់ការនាំចូលផលិតផលកសិកម្មពីបរទេស ដោយបង្កើនផលិតផលក្នុងស្រុកឱ្យបានល្អប្រសើរឡើងវិញ ដោយជាការកត់សម្គាល់ឃើញថា ការចិញ្ចឹមជ្រូកក្នុងស្រុក បានកើនឡើង១០ភាគរយ បន្ទាប់ពីកាត់បន្ថយការនាំចូល។ ឯកឧត្តម អំពាវនាវឱ្យក្រុមឈ្មួញបញ្ឈប់ការលួចនាំចូលពីក្រៅប្រទេស ក៏ដូចជាស្នើដល់ប្រជាពលរដ្ឋជួយរាយការណ៍ដល់សមត្ថកិច្ច ក្នុងករណីសង្ស័យឃើញមានការលួចលាក់នាំចូលដោយខុសច្បាប់ សំដៅទប់ស្កាត់នូវជំងឺសត្វជ្រូកនេះ។
កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន ប្រកាសឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ចំពោះការឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិក ក្រោយរកឃើញសត្វជ្រូកដែលនាំចូលពីប្រទេសថៃមានកើតជំងឺនេះ។
គួររំឭកថា ជំងឺប៉េស្តជ្រូកអាហ្វ្រិក បានផ្ទុះឡើងកាលពីខែសីហា ឆ្នាំ២០១៨ ក្នុងប្រទេសចិន ហើយបានរីករាលដាលដល់ប្រទេសវៀតណាម នៅដើមឆ្នាំ២០១៩ និងបានឆ្លងចូលដល់កម្ពុជា ដោយបានធ្វើឱ្យសត្វជ្រូកងាប់ជាង៤ពាន់ក្បាល និងខាតបង់គិតជាទឹកប្រាក់អស់ប្រមាណ៨០ម៉ឺនដុល្លារអាមេរិក៕
ប្រភព: ក្រសួងព័ត៌មាន