ក្រសួងទេសចរណ៍ រៀបចំសិក្ខាសាលាផ្សព្វផ្សាយសកម្មភាពគាំទ្រ ការជំរុញចលនាទេសចរណ៍ផ្ទៃក្នុង និងការបើកទទួលទេសចរណ៍អន្តរជាតិ
(ភ្នំពេញ)៖ ក្រោមក្របខណ្ឌកម្មវិធីពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍ (TCBP) ក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ បានសហការ ជាមួយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីសកម្មភាពគាំទ្រការជំរុញចលនាទេសចរណ៍ផ្ទៃក្នុង និងការបើកទទួលទេស ចរណ៍អន្តរជាតិឡើងវិញ។
សិក្ខាសាលានេះដែរ បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការ និងជាតំណាងឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមានការ ចូលរួមពី លោកស្រី ឱក ម៉ាលីកា តំណាងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ប្រចាំកម្ពុជា ដែលបានប្រព្រឹត្តទៅនៅទីស្ដីការក្រសួង ទេសចរណ៍តាមប្រព័ន្ធចម្រុះ និងមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្នុងស្រុក និងអន្តរជាតិ ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ-អន្តរជាតិ ចូលរួមដោយផ្ទាល់ប្រមាណ៦០នាក់ និងតាមអនឡាញប្រមាណ ៤៥០នាក់។
សិក្ខាសាលាផ្សព្វផ្សាយនេះ បានបង្ហាញនូវសកម្មភាពសំខាន់ៗមួយចំនួនរួមមាន៖
ទី១៖ការធ្វើបច្ចុប្បន្នភាពបញ្ជីសារពើភណ្ឌនៃតំបន់ទេសចរណ៍ និងសម្បទាទេសចរណ៍ ក្នុងប្រទេសកម្ពុជា។
ទី២៖ យុទ្ធនាការផ្សព្វផ្សាយម្ហូបអាហារ និងអេកូទេសចរណ៍ សម្រាប់ទីផ្សារភ្ញៀវទេសចរក្នុងស្រុក។
ទី៣៖ ការផ្សព្វផ្សាយទេសចរណ៍កម្ពុជា ជាគោលដៅ ទេសចរណ៍ម្ហូបអាហារ សម្ភារៈផ្សព្វផ្សាយ។
ទី៤៖ ការត្រួតពិនិត្យឡើងវិញនូវអត្តសញ្ញាណម៉ាកយីហោ និងការរៀបចំយុទ្ធនាការផ្សព្វផ្សាយ តាមប្រព័ន្ធឌីជីថលសម្រាប់ ទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារទេសចរណ៍អន្តរជាតិ និងសកម្មភាពការបណ្តុះបណ្តាលពង្រឹងសមត្ថភាព។
ទី៥៖ វីដេអូភ្លក្សម្ហូបអាហារខ្មែរ និងសកម្មភាពផ្សព្វផ្សាយ ពីរសជាតិម្ហូបខ្មែរ។
លើកឡើងនាឱកាសនោះ ឯកឧត្ដម ទិត ចន្ថា បានគូសបញ្ជាក់ថា ជាមួយការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាថ្មីៗ បណ្តាញអ៊ីនធឺណិត និងភាពពេញនិយម នៃបណ្តាញទំនាក់ទំនងសង្គម ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយឌីជីថលផ្សេងៗ ការធ្វើទីផ្សារតាមបែបឌីជីថលបានផ្ដល់ភាពងាយស្រួលក្នុងការត្រួតពិនិត្យ តាមដានប្រសិទ្ធភាព នៃសកម្មភាពផ្សព្វផ្សាយព្រមទាំងអាចភ្ជាប់ទំនាក់ទំនងគ្នាយ៉ាងជិតស្និតជាមួយប្រភពទីផ្សារគោលដៅបានយ៉ាងងាយស្រួល នៅពេលវេលាជាក់ស្តែងតែម្តង (real time)។
ឯកឧត្ដម ទិត ចន្ថា ក៏បានស្នើឱ្យមានការយកចិត្តទុកដាក់នៅក្នុងការពង្រឹងការផ្សព្វផ្សាយបន្ថែមដោយត្រូវមានផែនការច្បាស់លាស់ក្នុងការធ្វើទីផ្សារឌីជីថល ត្រូវវាយតម្លៃ ឱ្យបាន គ្រប់ជ្រុងជ្រោយលើការប្រែប្រួលឥរិយាបថ និងតម្រូវការរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ត្រូវចេះប្រើប្រាស់ភាពច្នៃប្រឌិតថ្មីៗ ដែលមានលក្ខណៈទាក់ទាញ ទាំងលើការឌីហ្សាញ ការប្រើប្រាស់រូបភាព វីដេអូ ការពណ៌នា និងការប្រើប្រាស់ថ្នាលឌីជីថល។
ឯកឧត្ដមបានបញ្ជាក់ទៀតថា ទន្ទឹមនេះត្រូវយកចិត្តទុកដាក់បន្ថែមទៀតលើការបណ្តុះបណ្តាលធនធានមនុស្ស លើការធ្វើទីផ្សារឌីជីថល និងជំនាញពាក់ព័ន្ធ ដើម្បីធានា ឱ្យបានថា ភាគីពាក់ព័ន្ធទាំងអស់មានចំណេះដឹង និងសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រើប្រាស់បច្ចេកវិទ្យានិងឧបករណ៍ឌីជីថលចាំបាច់នានា ដែលមានសក្តានុពលនៅ ក្នុងវិស័យទេសចរណ៍។
សូមបញ្ជាក់ដែរថា នៅចុងបញ្ចប់នៃសិក្ខាសាលានេះ ឯកឧត្ដម ទិត ចន្ថា ក៏បានប្រគល់សៀវភៅបញ្ជីសារពើភណ្ឌតំបន់ទេសចរណ៍ក្នុងប្រទេសកម្ពុជា ជូនតំណាងផ្នែកឯកជន ក្នុងវិស័យទេសចរណ៍,មន្ទីរទេសចរណ៍រាជធានី-ខេត្ត ដើម្បីទុកប្រើប្រាស់និងផ្សព្វផ្សាយផងដែរ៕
Join Telegram https://t.me/cngtvcambodia
ប្រភព៖ ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia