អ្នកជំនួញវ័យក្មេង លោក ម៉ៅ វត្ថា ដែលលោកជាអ្នកជំនួញនាំចូលត្រីសាម៉ុន និងជាម្ចាស់ហាងផ្ទះត្រីសាម៉ុនមួយរូបបានរៀបរាប់ និងលើកឡើងថា.......
យោងតាមគណនីហ្វេសប៊ុក របស់លោក ម៉ៅ វត្ថា បានលើកឡើងថា បច្ចុប្បន្នកម្ពុជាកំពុងមានចំនួនអ្នកទទួលទានត្រីសាម៉ុនមានការកើនឡើងច្រើន
តើអ្នកដឹងទេថាទីផ្សារកម្ពុជាត្រូវការត្រីសាល់ម៉ុនជាង ២០តោន ក្នុងមួយអាទិត្យ?
ថៃបានវ៉ាជប៉ុនយកលេខ៣ក្នុងទ្វីបអាស៊ីលើការនាំចូលត្រីសាល់ម៉ុនពីណរវ៉ែស។
សភាក្រុមប្រឹក្សាគ្រឿងសមុទ្រណ័រវ៉ែស (Norwegian Seafood Council) បានឲ្យដឹងថាក្នុងឆមាសទី១នៃឆ្នាំ២០២២នេះ ប្រទេសថៃបាននាំចូលត្រីសាល់ម៉ុនប្រមាណជាងមួយម៉ឺនតោន (ប្រមាណ ១៣ ០០០តោន) ពីប្រទេសណរវ៉ែសកើនឡើង ២៥% បើប្រៀបធៀបទៅនឹងឆ្នាំមុន ប៉ុន្តែបើគិតជាចំនួនសាច់ប្រាក់វិញគឺមានការកើនឡើងដល់ទៅ៨១%ឯណោះ។ កំណើនរបស់ថៃនេះបានធ្វើឲ្យប្រទេសមួយនេះក្លាយទៅជាប្រទេសធំទី៣នៅអាស៊ីដែលបាននាំចូលត្រីសាល់ម៉ុនពីណរវ៉ែសបន្ទាប់ពីចិន និងកូរ៉េខាងត្បូង ហើយបានវ៉ាជប៉ុនដែលកាលពីកន្លងមកជាអ្នកទិញធំបំផុតទាំង៣នៅអាស៊ី។
បរិមាណនៃការនាំចូលត្រីពីប្រទេសណរវ៉ែស (ត្រីណរវ៉ែសក្នុងន័យនេះសំដៅទាំងត្រីសាល់ម៉ុនអាត្លង់ទិក និងត្រីត្រៅ) មកក្នុងប្រទេសថៃក្នុងឆ្នាំនេះគឺប្រមាណជាង ២,០០០តោនក្នុងមួយខែៗ។
សម្រាប់ប្រទេសថៃមិនមែននាំចូលត្រីសាល់ម៉ុនពីប្រទេសណរវ៉ែសតែមួយប៉ុណ្ណោះទេ ក្រៅពីនេះ នៅមានពីបណ្តាប្រទេសដ៏ទៃទៀតដែររួមមាន អូស្រ្តាលី កាណាដា ឈីលី ស្កុតឡែន ជប៉ុន និងហ្វារ៉ូអាយឡែន។
ហេតុអ្វីបានជាថៃកើនឡើងដូច្នេះ?
រឿងរ៉ាវនៅពីក្រោយកំណើនកម្លាំងទិញរបស់ថៃនេះ គឺដោយសារហេតុផលធំៗពីរគឺ៖
• សម្រាប់ទីផ្សារប្រទេសជិតខាងជាពិសេសកម្ពុជា
• និន្នាការ និងប្រជាប្រិយភាពនៃការបរិភោគសាល់ម៉ុនកើនឡើងយ៉ាងខ្លាំង
តើកម្លាំងទិញរបស់កម្ពុជាមានប៉ុណ្ណាទើបបានជាជួយរុញថៃឲ្យឡើងខ្ពស់ដូច្នេះ?
បើតាមតួលេខក្រៅផ្លូវការរបស់ក្រុមឈ្មួញអ្នកលក់ត្រីសាល់ម៉ុននៅប្រទេសថៃដែលលក់ឲ្យអ្នកទិញខ្មែរនៅតាមព្រំដែនបានឲ្យដឹងថាក្នុងមួយអាទិត្យៗ ត្រីសាល់ម៉ុនពីថៃលក់ឲ្យខ្មែរប្រមាណជាង ២០តោន។
គួរកត់សម្គាល់ផងដែរថាត្រីសាល់ម៉ុនដែលកំពុងចរាចរនៅលើទីផ្សារកម្ពុជានេះមាន៣ប្រភពគឺ៖
ទី១៖ នាំចូលត្រឹមត្រូវតាមផ្លូវច្បាប់ដោយរៀងរាល់សប្តាហ៍ដឹកតាមយន្តហោះហោះត្រង់ពីប្រទេសណរវ៉ែសមកកាន់រាជធានីភ្នំពេញ។ ត្រីសាល់ម៉ុនពីប្រភពនេះគឺសម្រាប់ផ្សារទំនើបធំៗ និងអតិថិជនលំដាប់ខ្ពស់ៗ។ គួរបញ្ជាក់ផងដែរថាត្រីដែលនាំចូលតាមប្រភពនេះគឺថ្លៃ ដោយសារថ្លៃពន្ធអាករកាន់តែឡើងទៅ ហើយថ្លៃសេវាដឹកតាមជើងហោះហើរ ឡើងថ្លៃយ៉ាងខ្លាំងដោយសារតម្លៃថ្លៃប្រេង និងសង្រ្គាមនៅរុស្សី និងអ៊ុយក្រែន។
ទី២៖ ត្រីទិញមកពីថៃ ហើយឆ្លងព្រំដែនចូលមកលក់នៅកម្ពុជា។ តាមប្រភពទី២នេះកំពុងតែពេញនិយមសម្រាប់អ្នកលក់ និងអ្នកទិញថ្នាក់កណ្តាលហើយគិតពីបញ្ហាតម្លៃជាកត្តាសម្រេច។ បើប្រៀបធៀបតម្លៃត្រីរវាងប្រភពទី១ និងទី២ មានភាពខុសគ្នាប្រមាណចន្លោះពី៣ដុល្លារ ទៅ៤ដុល្លារក្នុងមួយគីឡូ ដោយសារតែ៖
• ត្រីសាល់ម៉ុននាំចូលទៅថៃ មិនមានពន្ធនាំចូលនោះទេ
• តម្លៃសេវាដឹកពីណរវ៉ែសមកបាងកកមានតម្លៃថោកជាងដឹកមកភ្នំពេញ
• តម្លៃត្រីណរវ៉ែសលក់ឲ្យថៃ មានតម្លៃធូរថ្លៃជាងយើងព្រោះគេមានកូតាពិសេស (រដ្ឋាភិបាលថៃលើកទឹកចិត្តក្នុងពាណិជ្ជកម្មជាមួយអ៊ឺរ៉ុប)
• ការលក់ត្រីតាមព្រំដែនចូលមកខ្មែរ មិនមានបង់ពន្ធនាំចូលអ្វីនោះទេ ហើយការដឹកមកនោះគឺដឹកតាមឡានដឹកទំនិញ និងផ្លែឈើដែលថ្លៃដឹកមិនលើសពី ០.៥ដុល្លារក្នុងមួយគីឡូនោះទេ។
ទី៣៖ ត្រីទិញមកពីវៀតណាមហេតុផលមួយចំនួនដូចគ្នានឹងត្រីតាមថៃដូចគ្នាដែរ ពោលគឺនាំចូលមកកម្ពុជាដោយមិនមានបង់ពន្ធ។