កម្ពុជាគ្រោងទិញវ៉ាក់សាំង ការពារកូវីដ-១៩ ចំនួន ១លានដូស

កម្ពុជាគ្រោងទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ១លានដូស នៅពេលឆាប់ៗខាងមុខ។ នេះបើតាម ទំព័រហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន បានចេញផ្សាយកាលពីព្រលប់ថ្ងៃទី០៧ ខែធ្នូឆ្នាំ ២០២០ កាលពីម្សិលមិញនេះ។

 
កម្ពុជាគ្រោងទិញវ៉ាក់សាំង ការពារកូវីដ-១៩ ចំនួន ១លានដូស

សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសរសេរថា កន្លងមកជាមួយនឹងការតាមដាននូវដំណើរការផលិតវ៉ាក់សាំងប្រឆាំងកូវីដ-១៩ របស់ប្រទេសនានា សម្តេចបានណែនាំរដ្ឋមន្ត្រីក្រសួង សុខាភិបាល និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញ វត្ថុឱ្យត្រៀមបំរុងថវិកា សម្រាប់ទិញវ៉ាក់សាំងនេះយកមកចាក់ជូនប្រជាជនយើងដោយឥតគិតថ្លៃជាជំហានដំបូងផងដែរ។

ពេលនេះប្រទេសមួយចំនួនផលិតបាននិងដាក់ឱ្យប្រើប្រាស់ហើយនឹងកំពុងបញ្ចេញលក់ឱ្យប្រទេសនានា។ ល្ងាចនេះ សម្តេចបានណែនាំឱ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាលពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ ពិសេសអង្គការសុខភាពពិភពលោក ដើម្បីកំណត់ថា តើយើងគួរទិញវ៉ាក់សាំងពីប្រទេសណា?

សម្តេចក៏បានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុត្រៀមថវិកាសម្រាប់ការទិញ១លានដូស (មួយលានដូស) ក្នុងដំណាក់កាលដំបូង ដើម្បីចាក់ជូនចំពោះអ្នកដែលធ្វើការនៅកន្លែងដែលមានហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ។ សម្តេចបន្តថា មួយលានដូសចាក់បានត្រឹមតែមនុស្ស៥០ម៉ឺននាក់ប៉ុណ្ណោះ (ព្រោះម្នាក់ត្រូវការចាក់ ២ដង)ក្នុងពេលយើង មានប្រជាជន១៦លាននាក់ ទាំងចាស់ ទាំងក្មេង ដែលក្នុងនោះអាចមានមនុស្សប្រមាណ ១០លាននាក់ត្រូវការចាក់វ៉ាក់សាំង។

ក្នុងស្ថានភាពដែលប្រទេសយើងនៅក្រខ្វះថវិកាសម្រាប់ទិញបន្ថែម សម្តេចបានណែនាំរដ្ឋមន្ត្រីទាំង២រូប ឱ្យពិភាក្សាជាមួយ ដៃគូអភិវឌ្ឍន៍ទាំងទ្វេភាគី ទាំងពហុភាគី ដើម្បីស្វែងរកជំនួយបន្ថែមមកជួយដល់ប្រជាជនយើង។

សម្តេចសង្ឃឹមថាដៃគូអភិវឌ្ឍន៍របស់យើងនឹងផ្តល់ជំនួយដល់ប្រជាជនយើងឬយ៉ាងហោចលក់ក្នុងតម្លៃថោកសមរម្យ។ សម្តេច ក៏បានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុត្រៀមថវិកាសម្រាប់ទិញ២ទៅ៣លានដូសថែមទៀត ដែរសម្រាប់ ដំណាក់កាលបន្ទាប់៕