វេសឡាញទទួលចុះឈ្មោះសិស្សគ្រប់២៥រាជធានី-ខេត្ត ចំពោះការរៀនអនឡាញ និងពីចម្ងាយជាមួយបច្ចេកវិទ្យាអប់រំសម្បូរបែប និងអត្ថប្រយោជន៍ដទៃទៀត
បន្ទាប់ពីទទួលការគាំទ្រពីអ្នកអាណាព្យាបាលសិស្សលើសេវាកម្មអប់រំក្នុងរាជធានីភ្នំពេញ និងខេត្តបាត់ដំបង បណ្តាញសាលារៀនវ៉េស្ទឡាញន៍ នឹងទទួលចុះឈ្មោះសិស្សមកពីគ្រប់ បណ្តា២៥រាជធានី-ខេត្ត ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ សម្រាប់ការសិក្សាតាមប្រព័ន្ធអនឡាញ និងពីចម្ងាយជាមួយនឹងបច្ចេកវិទ្យាអប់រំសម្បូរបែប វិធីសាស្រ្តបង្រៀនបែបចម្រុះ និងវិធីសាស្រ្តបង្រៀនបែបច្នៃប្រឌិតសម្រាប់កុមារតូច ដើម្បីលើកកម្ពស់វិស័យអប់រំឱ្យកាន់តែទូលំទូលាយ និងប្រសើរឡើងថែមទៀត។
ចំពោះមូលហេតុនៃការទទួលសិស្សពីបណ្តារាជធានី-ខេត្តសម្រាប់បវេសនកាលថ្មីនេះ ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡា អេឌ្យូខេសិន គ្រុប បានមានប្រសាសន៍ថា “ការទទួលសិស្សានុសិស្សពីបណ្តាគ្រប់រាធានី-ខេត្ត គឺក្នុងគោលបំណងចូលរួមលើកកម្ពស់វិស័យអប់រំ និងជម្រុញការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងវិស័យអប់រំ និងនាំយកថ្នាក់រៀនទៅដល់ផ្ទះ និងគ្រប់ទីកន្លែងក្នុងសតវត្សទី២១” ។
ឧកញ៉ា បានបន្តទៀតថា “ក្រៅពីវិធីសាស្ត្ររៀន-បង្រៀនតាមប្រព័ន្ធអនឡាញ និងពីចម្ងាយ សាលារៀននឹងអនុវត្តវិធីសាស្រ្តបង្រៀនបែបចម្រុះ រួមនឹងការប្រើប្រាស់បច្ចេកវិទ្យាអប់រំសំខាន់៣បន្ថែមទៀត មានដូចជា ទី១ ប្រព័ន្ធគ្រប់គ្រងសាលារៀន (School Management System) ទី២ ប្រព័ន្ធគ្រប់គ្រងការសិក្ស (Learning Management system) និង ទី៣ កម្មវិធីអេបរបស់សាលារៀនតាមទូរសព្ទដៃ (Mobile School App) រួមជាមួយប្រព័ន្ធទំនាក់ទំនងសង្គម និងវេទិកាសិក្សាជាច្រើន ដើម្បីជួយពន្លឿនការរៀន-បង្រៀន ប្រកបទៅដោយភាពជឿនលឿន មានការច្នៃប្រឌិដ្ឋ ប្រសិទ្ធភាព និងសុវត្ថិភាពផងដែរ ពិសេសនៅក្នុងបរិបទកូវីដ-១៩នេះ”។
សម្រាប់ការចុះឈ្មោះចូលរៀន សាលារៀនទទួលសិស្សកម្មវិធីមត្តេយ្យភាសាខ្មែរ និងអង់គ្លេសគ្រប់កម្រិត កម្មវិធីភាសាអង់គ្លេសសម្រាប់កុមារចាប់ពីអាយុ៧ ដល់១២ឆ្នាំ កម្មវិធីភាសាអង់គ្លេសពេញម៉ោងនិងក្រៅម៉ោង កម្មវិធីភាសាចិន និងកម្មវិធីចំណេះទូទៅខ្មែរចាប់ពីថ្នាក់ទី១ ដល់ទី១២។ លើសពីនេះ សាលាផ្តល់ជូនអាហារូបករណ៍រហូតដល់២៥% សេវាធានារ៉ាប់រងគ្រោះថ្នាក់ និងការពារការសិក្សាបុត្រធីតារហូតដល់៥ឆ្នាំ។
វគ្គសិក្សាថ្មីសម្រាប់កម្មវិធីមត្តេយ្យ ភាសាអង់គ្លេស និងភាសាចិនចូលរៀនថ្ងៃទី២ ខែសីហា និងកម្មវិធីចំណេះទូទៅខ្មែរពីថ្នាក់ទី១ ដល់ទី១២ ចូលរៀនថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ សម្រាប់ពត៌មានបន្ថែម និងការចុះឈ្មោះចូលរៀន លោកអ្នកទំនាក់ទំនងទូរសព្ទលេខ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៣៦១ ១២៣ ឬ Facebook Page: The Westline School, Prek Leap Branch។
សូមជម្រាបថា មុខងាររបស់ប្រព័ន្ធគ្រប់គ្រងសាលារៀន (School Management System) គឺដើម្បីផ្តល់ភាពងាយស្រួលដល់មាតាបិតាក្នុងការសាកសួរពត៌មានអំពីសាលារៀន និងកម្មវិធីសិក្សារបស់សាលាមុននឹងចុះចូលរៀន។ ក្នុងប្រព័ន្ធគ្រប់គ្រងសាលារៀននេះ មាតាបិតាសិស្សអាចផ្ញើសារ សុំច្បាប់ ការដាក់កិច្ចការផ្ទះ ឬសកម្មភាពសិក្សា និងទទួលបានពត៌មាន ឬដំណឹងផ្សេងៗរបស់សាលា រួមទាំងអាចគ្រប់គ្រងសុវត្ថិភាពសិស្ស។
ចំពោះប្រព័ន្ធគ្រប់គ្រងការសិក្សា (Learning Management system) សិស្សានុសិស្ស និងមាតាបិតា អាចទាញយកមេរៀន ឯកសារ និងមើលវីដេអូបង្រៀនដែលសាលាបានរៀបចំទុកជាស្រេច និងជាកន្លែងសម្រាប់បញ្ជូនកិច្ចការផ្ទះផ្សេងទៅសិស្ស និងគ្រូ។ ជាមួយគ្នានេះ សិស្សានុសិស្សអាចតេស្តសមត្ថភាពនៅក្នុងកម្មវិធីនេះផងដែរ។
រីឯកម្មវិធីអេបរបស់សាលារៀនតាមទូរសព្ទដៃ (Mobile School App) វិញគឺជាប្រព័ន្ធ សម្រាប់សម្រួលដល់មាតាបិតា និងសិស្សានុសិស្ស អាចទទួលបានពត៌មានបច្ចុប្បន្នភាព និងគោលនយោបាយរបស់សាលា បានទាន់ពេលវេលា។ Mobile school app ក៏មានមុខងារជំរុញការសិក្សារបស់សិស្ស និងការចូលរួមពីមាតាបិតា ប្រកបមានប្រសិទ្ធភាពផងដែរ។ លើសពីនេះ មាតាបិតាសិស្ស អាចមានមតិចូលរួមដល់សាលា ដើម្បីអភិវឌ្ឍការសិក្សាដល់កូនៗផងដែរ។
បន្ថែមពីនេះ វិធីសាស្ត្របង្រៀនបែបចម្រុះនឹងជួយសិស្សានុសិស្សចេះសិក្សាស្រាវជ្រាវដោយខ្លួនឯង តាមរយៈវីដេអូមេរៀន ឯកសារឌីជីថលនានា សិក្សាជាក្រុម រៀនសង្កេតត្រិះរិះនិងដោះស្រាយបញ្ហា បង្កើនគំនិតច្នៃប្រឌិដ្ឋ បង្កើនការប្រាស្រ័យទាក់ទង ការសហការគ្នា និងរៀនតាមការចូលរួមការងារសង្គមជាដើម។
ទន្ទឹមនឹងនេះ វិធីសាស្រ្តបង្រៀនបែបច្នៃប្រឌិដ្ឋសមា្រប់កុមារតូច ជួយអភិវឌ្ឍផ្នែករាងកាយ បញ្ញា ស្មារតី ទំនាក់ទំនងសង្គម/អារម្មណ៍ និងភាសា តាមរយៈការកាត់បន្ថយម៉ោងរៀនលើអេក្រង់ រៀនបែបសប្បាយៗ រៀនតាមរយៈការលេងសម្ភារសិក្សា ធ្វើគម្រោងសិក្សា និងធ្វើលំហាត់លើសន្លឹកកិច្ចការផ្ទះ។ លើសពីនេះ ក៏ទាមទារការចូលរួមសហការពីអ្នកអាណាព្យាបាលសិស្សលើការបង្រៀន និងធ្វើសកម្មភាពកម្សាន្តផ្សេងៗផងដែរ៕
អត្ថបទៈ ខឹម ប៉េង 015 714 123