ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល គាំទ្រការសិក្សាគម្រោងសាងសង់ចំណតផែកុងតឺន័រថ្មី ជំហានទី២ និងជំហានទី៣ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
ថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ នៅទីស្ដីការក្រសួង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញទទួលជួបសម្តែងការគួរសមពីសំណាក់ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជា ប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីស្តាប់របាយការណ៍អំពីគម្រោងសាងសង់ចំណតផែកុងតឺន័រថ្មី-ជំហានទី២ និងជំហានទី៣ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញក្រោមឱវាទក្រសួងពាក់ព័ន្ធ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលនឹងត្រូវបានទទួលគ្រឿងឥស្សរិយយស “The Order of the Rising Sun, Gold Rays with Neck Ribbon” សម្រាប់និទាឃរដូវឆ្នាំ២០២០ពីរដ្ឋាភិបាលជប៉ុន ជាការទទួលស្គាល់គុណសម្បត្តិរបស់ឯកឧត្តមក្នុងការសម្រេចបានសមិទ្ធផលដ៏លេចធ្លោលើការបម្រើផលប្រយោជន៍សាធារណៈ និងរួមចំណែកលើកកម្ពស់ចំណងមិត្តភាពរវាងប្រទេសជប៉ុន និងព្រះរាជាណាចក្រកម្ពុជា ក្នុងវិស័យអភិវឌ្ឍន៍កំពង់ផែ។
ថ្លែងក្នុងបទបង្ហាញគោរពជូនឯកឧត្តមទេសរដ្ឋមន្ត្រី ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានគូសបញ្ជាក់ពី គម្រោងសាងសង់ចំណតផែកុងតឺន័រថ្មី-ជំហានទី២ និងជំហានទី៣ ដើម្បីធានាដល់ការចូលចតនាវា កុងតឺន័រខ្នាតធំៗប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងឆ្លើយតបទៅនឹងការកើនឡើងនៃបរិមាណកុងតឺន័រ ឆ្លងកាត់កំពង់ផែមួយនេះក្នុងពេលបច្ចុប្បន្ន និងអនាគត។
យោងតាមបទបង្ហាញ ដែលជាលទ្ធផលនៃការសិក្សាជាមួយទីភ្នាក់ងារ JICA ឯកឧត្តមប្រតិភូ បាន បញ្ជាក់ថា៖ ការសាងសង់ចំណតផែកុងតឺន័រថ្មី-ជំហានទី២ គ្រោងបញ្ចប់នៅឆ្នាំ២០២៨ ដោយឡែកជំហានទី៣ គ្រោងបញ្ចប់នៅឆ្នាំ២០៣០ ដើម្បីបំពេញតម្រូវការជាក់ស្តែង នៃការកើនឡើងបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែនេះជាមួយនឹងការព្យាករណ៍កំណើនផលិតផលក្នុងស្រុកសរុប(GDP)របស់កម្ពុជាផងដែរ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានគាំទ្រឱ្យគម្រោងទាំងពីរនេះអនុវត្តជាពីរជំហាន ដោយប្រើប្រាស់កញ្ចប់ថវិកាតែមួយទីប្រឹក្សាសិក្សាគូរប្លង់ និងត្រួតពិនិត្យគម្រោងតែមួយ និងក្រុមហ៊ុនសាងសង់អាចមានពីរក្រុមហ៊ុន ដើម្បីឱ្យការសាងសង់នេះប្រព្រឹត្តទៅបានលឿនទាន់ពេល ទាក់ទាញវិនិយោគិនបន្ថែម និងចូលរួមចំណែក ក្នុងការធ្វើឱ្យប្រសើរឡើងនូវការដឹកជញ្ជូនតាមផ្លូវសមុទ្រ ក៏ដូចជាដើម្បីជំរុញ និងលើកកម្ពស់កំណើន សេដ្ឋកិច្ចជាតិក្រោយវិបត្តិជំងឺកូវីដ-១៩ផងដែរ។
សូមជម្រាបជូនថា៖ រដ្ឋាភិបាលកម្ពុជាបានកំណត់យកកំពង់ផែជាទិសដៅនៃតំបន់អភិវឌ្ឍន៍ឧស្សាហកម្ម សម្រាប់ការពង្រីកការដឹកជញ្ជូនទំនិញទៅកាន់ទីផ្សារបណ្តាប្រទេសក្នុងតំបន់ និងពិភពលោកទាំងមូល ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សកម្មភាពដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា មានវិសាលភាពយ៉ាងធំធេង ជាពិសេសការលើកដាក់ទំនិញនៅកំពង់ផែក្រុងព្រះសីហនុកំពុងមានសកម្មភាពយ៉ាងមមាញឹកជាមួយនឹងបទពិសោធន៍ និងមានការទទួលខុសត្រូវខ្ពស់របស់កំពង់ផែ។
កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងជាតិមាតុភូមិ ជាកំពង់ផែទឹកជ្រៅ តែមួយគត់របស់កម្ពុជា និងជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់បំផុត បានជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យឆ្ពោះទៅមុខ មានទីតាំងអំណោយផលឋិតនៅក្នុងតំបន់ឆ្នេរសមុទ្រខេត្តព្រះសីហនុ ដែលជាទីតាំងល្អបំផុត និងធានាបាននូវរបាំងដ៏រឹងមាំក្នុងការការពារពីគ្រោះធម្មជាតិ។ បរិមាណទំនិញឆ្លងកាត់ឧបករណ៍លើកដាក់(Crane) នៅក្នុងកំពង់ផែនេះមានការកើនឡើងគួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឱ្យប្រាក់ចំណូលរបស់កំពង់ផែ ក៏ដូចជាប្រាក់ចំណូលរបស់ជាតិមានការកើតឡើងជាលំដាប់ផងដែរ។
គួរកត់សម្គាល់ផងដែរថា៖ បច្ចុប្បន្នក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងរៀបចំបង្កើតប្រព័ន្ធកំពង់ផែ Port EDI (Electronic Data Interchange) ដែលនឹងជួយសម្រួលដល់នីតិវិធីផ្លូវការនៃនាវាចេញចូលកំពង់ផែកម្ពុជាក្នុងគោលបំណងពន្លឿននីតិវិធី និងកាត់បន្ថយថ្លៃដើមដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រ ការស្តុកទំនិញ និងអាចឆ្លើយតបទៅនឹងកំណើនវិនិយោគពីបរទេស ជាពិសេស សំដៅធ្វើឱ្យកម្ពុជាក្លាយជាទីតាំងយុទ្ធសាស្ត្រមួយប្រកបដោយការប្រកួតប្រជែងនៅតំបន់អាស៊ី ទាក់ទងនឹងវិស័យភស្តុភារកម្ម និងការដឹកជញ្ជូន៕
Join Telegram https://t.me/cngtvcambodia
ប្រភព៖ក្រសួងសាធារណការ និងដឹកជញ្ជូន