អភិបាលខេត្តបាត់ដំបង ចុះពិនិត្យមណ្ឌលចត្តាឡីស័កស្រុក ៣ ជាប់ព្រំដែនកម្ពុជា-ថៃ
នៅរសៀលថ្ងៃ១០កើត ខែផល្គុន ឆ្នាំជូត ទោ ស័ក ព.ស ២៥៦៤ ត្រូវនឹង ថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានចុះពិនិត្យមណ្ឌលចត្តាឡីស័កស្រុកចំនួន ៣ជាប់ព្រំដែនកម្ពុជា-ថៃ មានស្រុកសំពៅលូន ភ្នំព្រឹក និងស្រុកកំរៀង ខេត្តបាត់ដំបង ដោយមានការចូលរួមអមដំណើរដោយលោកអភិបាលរង នៃគណៈអភិបាលខេត្ត លោកស្នងការនគរបាលខេត្ត លោកប្រធានមន្ទីរ និងអាជ្ញាធរមួយចំនួនទៀត។
ក្នុងដំណើរការអញ្ជើញចុះពិនិត្យមណ្ឌលចត្តាឡីស័កនោះ ឯកឧត្តម ងួន រតនៈ បានសំណេះសំណាលជាមួយពលករ និងផ្សព្វផ្សាយអំពីអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា ” ៣ការពារ ៣កុំ ក្នុងវិធានការការពារជំងឺកូវីដ-១៩ “ នៅតាមមណ្ឌលចត្តឡីស័ក នៅស្រុកចំនួន ៣ ជាប់ព្រំដែនប្រទេសថៃ ដើម្បីឱ្យពលករសូត្រ និងអនុវត្តន៍វិធានការនេះជាប្រចាំ ដើម្បីជាយ័នសម្រាប់ការពារខ្លួនឱ្យរួចផុតពីជំងឺកូវីដ-១៩ ក្រោយពេលត្រូវបញ្ចប់ចត្តាឡីស័ករួចនៅក្នុងមណ្ឌល ហើយត្រូវអនុវត្តន៍វិធានការ ៣ការពារ ៣កុំ បន្តទៀតជារហូតផងដែរ។
សូមជម្រាបជូនដែរថា អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ក្នុងវិធានការការពារជំងឺកូវីដ-១៩ ៣ការពារ រួមមាន៖ ទី១-ពាក់មាស់ ទី២-លាងដៃទី៣-គម្លាតសង្គម គម្លាតបុគ្គល (ចាប់ពី១,៥០ ម៉ែត្រឡើងទៅ) និង៣កុំ រួមមាន៖ ទី១-កុំទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និងម៉ាស៊ីនត្រជាក់ច្រើនពេក ទី២-កុំទៅកន្លែងមានមនុស្សច្រើន និងទី៣-កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មា កុំឱបគ្នាជាដើម ៕
ប្រភព: ក្រសួងព័ត៌មាន