មនុស្សចំនួន ២១ នាក់បានបាត់បង់ជីវិតក្នុងករណីផ្ទុះរោងចក្រកាំជ្រួចដ៏សាហាវនៅខេត្ត Hunan ប្រទេសចិន
សោកនាដកម្មដ៏រន្ធត់មួយនៅក្នុងប្រទេសចិន បន្ទាប់ពីមានការផ្ទុះរោងចក្រផលិតកាំជ្រួចដ៏ធំមួយ បណ្ដាលឱ្យមានមនុស្សចំនួន ២១ នាក់បានបាត់បង់ជីវិត និង ៦១ នាក់ផ្សេងទៀតបានរងរបួសធ្ងន់ និងស្រាល។

សោកនាដកម្មដ៏រន្ធត់មួយនៅក្នុងប្រទេសចិន បន្ទាប់ពីមានការផ្ទុះរោងចក្រផលិតកាំជ្រួចដ៏ធំមួយ បណ្ដាលឱ្យមានមនុស្សស្លាប់ និងរបួសរាប់សិបនាក់។
យោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន កាលពីថ្ងៃអង្គារកន្លងទៅនេះ បានឱ្យដឹងថា ហេតុការណ៍ផ្ទុះដ៏ខ្លាំងក្លានេះ បានកើតឡើងនៅក្នុងរោងចក្រផលិតកាំជ្រួចមួយកន្លែង ស្ថិតក្នុងខេត្ត Hunan (ហ៊ូណាន) ដែលជាតំបន់ផលិតកាំជ្រួចដ៏ល្បីល្បាញរបស់ចិន។
មនុស្សចំនួន ២១ នាក់បានបាត់បង់ជីវិត និង ៦១ នាក់ផ្សេងទៀតបានរងរបួសធ្ងន់ និងស្រាល។
សូមជម្រាបថា កម្លាំងនៃការផ្ទុះបានបំផ្លាញអគាររោងចក្រស្ទើរតែទាំងស្រុង និងបានបង្កការខូចខាតដល់លំនៅឋានប្រជាពលរដ្ឋដែលនៅក្បែរខាងផងដែរ។
ភ្លាមៗបន្ទាប់ពីកើតហេតុ លោកប្រធានាធិបតីចិន Xi Jinping (ស៊ី ជីនពីង) បានចេញបញ្ជា ឱ្យមន្ត្រីពាក់ព័ន្ធ ធ្វើការស៊ើបអង្កេតឱ្យបានហ្មត់ចត់បំផុត ដើម្បីស្វែងរកមូលហេតុពិតប្រាកដនៃករណីផ្ទុះនេះ។
បន្ថែមពីនេះ លោកប្រធានាធិបតី ក៏បានសង្កត់ធ្ងន់ទៅលើការរឹតបន្តឹងស្ដង់ដារសុវត្ថិភាពនៅតាមបណ្ដារោងចក្រផលិតគ្រឿងផ្ទុះទូទាំងប្រទេស ដើម្បីបង្ការកុំឱ្យសោកនាដកម្មបែបនេះកើតឡើងជាថ្មីម្ដងទៀត៕
ប្រភព៖ Reuters


















