ក្រសួងអប់រំ ប្រកាសមិនលើកពេលប្រឡងឌីប្លូម និងបាក់ឌុបឆ្នាំនេះទេ
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់ថា ក្រសួងមិនមានផែនការលើកពេលប្រឡងឌីប្លូម និងបាក់ឌុប នោះទេ ទោះបីយើងនៅបន្តតាមដានស្ថានការណ៍ក្រោយព្រឹត្តិការណ៍ ០៣វិច្ឆិកា ក៏ដោយ។
ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ទោះបីការសិក្សារបស់សិស្សបានផ្អាកជាបណ្តោះអាសន្ន នៅតាមទីតាំងមួយចំនួន នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្តាល រយៈពេល២សប្តាហ៍ដោយសារព្រឹត្តិការណ៍ ០៣ ខែវិច្ឆិកាយ៉ាងណាក្តី ប៉ុន្តែក្រសួងអប់រំ មិនទាន់មាន ផែនការលើកពេលនៃការប្រឡងនោះទេ។ តែទោះជាយ៉ាងណា ឯកឧត្តមបញ្ជាក់ថា ក្រសួងអប់រំ នៅបន្តតាមដាន និងវាយតម្លៃ ស្ថានការវិវត្តន៍ទាក់ទងស្ថានភាពនៃការរីករាលជំងឺកូវីដ-១៩ ហើយបើមានអ្វីប្រែប្រួលនោះ ក្រសួងនឹងជូនដំណឹងនៅពេលក្រោយ។ ឯកឧត្តមបញ្ជាក់ថា សម្រាប់គុណភាពប្រឡងឆ្នាំនេះនៅរក្សាដូចឆ្នាំមុនៗដដែល។
ឯកឧត្តមបញ្ជាក់ថា«បើទោះបីការសិក្សារបស់សិស្សមានការផ្អាកមួយចំនួនតូចក្តី ក៏គុណភាពប្រឡងសម្រាប់ឆ្នាំ២០២០នេះ នៅរក្សាដូចឆ្នាំមុនៗដដែល ដោយសារក្រសួងអនុវត្តន៍គោលការណ៍ធំៗ៤ គឺគោលការណ៍ច្បាប់យុត្តិធម៌ តម្លាភាព និងលទ្ធផលអាចទទួលយកបាន ដើម្បីរក្សាគុណភាពប្រឡងជូនដល់សិស្សានុសិស្សនិងបេក្ខជនប្រឡងផ្ទាល់»។
ឯកឧត្តមបញ្ជាក់ថា នៅក្នុងការប្រឡងបាក់ឌុប សម្រាប់ឆ្នាំ២០២០នេះ ក្រសួងអប់រំក៏នៅតែផ្តល់ជូននិទ្ទេស (និទ្ទេស A, B, C, D និង E) ជូនដល់បេក្ខជន ដូចឆ្នាំមុនដែរ។ ធ្វើបែបនេះដើម្បីរក្សាគុណភាពនៃការប្រឡងរបស់បេក្ខជន ឆ្លើយតបនឹងការខិតខំ ប្រឹងប្រែងសិក្សារៀនសូត្រ របស់បេក្ខជនទាំងអស់។
សូមជម្រាបថា ក្រសួងអប់រំបានកំណត់កាលបរិច្ឆេទសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម)នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ និងសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០៕
ប្រភព:ក្រសួងព័ត៌មាន