ព្រឹកនេះកម្ពុជា នាំយកថវិកា និងឧបករណ៍វេជ្ជសាស្ត្រមួយចំនួន ជាការបរិច្ចាគរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រគល់ជូនរដ្ឋាភិបាលសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា

នៅព្រឹកថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២១ នេះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូ នាំយកថវិកា និងឧបករណ៍វេជ្ជសាស្ត្រមួយចំនួន ជាការបរិច្ចាគរបស់រាជរដ្ឋាភិបាលកម្ពុជា យកទៅប្រគល់ជូនរដ្ឋាភិបាលសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាតាមជើងហោះហើរពិសេស របស់កម្ពុជា។

 
ព្រឹកនេះកម្ពុជា នាំយកថវិកា និងឧបករណ៍វេជ្ជសាស្ត្រមួយចំនួន ជាការបរិច្ចាគរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រគល់ជូនរដ្ឋាភិបាលសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា

សូមជម្រាបថា យោងតាមលិខិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូន ឯកឧត្តម នាយឧត្តមសេនីយ៍ មីង អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០២១ មានខ្លឹមសារថា ក្នុងស្មារតីមិត្តភាព និងសាមគ្គីភាពរវាងប្រទេសយើងទាំងពីរ ខ្ញុំសូមបរិច្ចាគជាសាច់ប្រាក់ចំនួន ២០០.០០០ ដុល្លារអាមេរិក របស់រាជរដ្ឋាភិបាលកម្ពុជា បន្ថែមពីលើការសន្យារបស់កម្ពុជា ចំនួន ១០០.០០០ ដុល្លារអាមេរិក សម្រាប់ជំនួយមនុស្សធម៌អាស៊ាន ជួយមីយ៉ាន់ម៉ាតាមរយៈមជ្ឈមណ្ឌលអាស៊ានសម្រាប់សម្របសម្រួលជំនួយមនុស្សធម៌ (AHA Centre)។

ព្រមទាំងបរិច្ចាគនូវឧបករណ៍វេជ្ជសាស្រ្តមួយចំនួនដែលរួមមាន៖ ម៉ាស់ចំនួន ៣ លាន តេស្ត៍រហ័ស ចំនួន ៥០០.០០០ សំលៀកបំពាក់សុវត្ថិភាព PPE ចំនួន ២.០០០ ឈុត ម៉ាស៊ីនផលិតអុកស៊ីហ្សែនស្វ័យប្រវត្តិចំនួន ១០០ គ្រឿង ម៉ាស៊ីនជំនួយដកដង្ហើមចំនួន ២០ គ្រឿង និងម៉ាស៊ីនតាមដានសញ្ញាជីវិតចំនួន ២០ គ្រឿង ដូចបានរៀបរាប់លម្អិតនៅក្នុងបញ្ជីជូនភ្ជាប់ ជូនសាធារណរដ្ឋសហភាព មីយ៉ាន់ម៉ា។

គួររម្លឹកថា កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២០ កម្ពុជាបានប្រគល់ម៉ាសចំនួន ២លានម៉ាស និងឧបករណ៍ពេទ្យមួយចំនួន ជូនរដ្ឋាភិបាលសហភាពមីយ៉ាន់ម៉ា ហើយនេះជាលើកទី២ ដែលរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបរិច្ចាគថវិកា និងសំភារ:វេជ្ជសាស្ត្រជូន រដ្ឋាភិបាលសហភាពមីយ៉ាន់ម៉ា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដែលកំពុងប្រឈមមុខនាពេលបច្ចុប្បន្ន៕

join link Telegram https://t.me/cngtvcambodia

 

ប្រភព: ក្រសួងព័ត៌មាន