អុីរ៉ង់ប្រកាសមិនចុះចាញ់ការគាបសង្កត់របស់អាមេរិក ខណៈកិច្ចចរចាកាត់បន្ថយសង្គ្រាមកំពុងស្ថិតក្នុងភាពតានតឹង
រដ្ឋាភិបាលទីក្រុងតេអេរ៉ង់ បានប្រកាសជំហរដាច់ខាតថានឹង «មិនចុះចាញ់» ចំពោះការគាបសង្កត់ផ្នែកការទូតរបស់សហរដ្ឋអាមេរិកនោះឡើយ ដោយសង្កត់ធ្ងន់ថា ដំណោះស្រាយតាមផ្លូវការទូតដែលឈរលើភាពថ្លៃថ្នូរ និងការគោរពសិទ្ធិជាតិ គឺមានភាពឈ្លាសវៃជាងការបន្តសង្គ្រាម។
ការប្រកាសនេះធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានទុកឱសានវាទឱ្យអ៊ីរ៉ង់រយៈពេលត្រឹម «២ ទៅ ៣ ថ្ងៃ» ប៉ុណ្ណោះ ដើម្បីសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម បើមិនដូច្នោះទេ អាមេរិកនឹងបើកការវាយប្រហារជាថ្មីម្តងទៀត។ ភ្លាមៗនោះ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់បានឆ្លើយតបវិញថា អ៊ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រឈមមុខនឹងការឈ្លានពានយោធាណាមួយ ហើយប្រសិនបើសង្គ្រាមផ្ទុះឡើងវិញ នឹងមានរឿង «ភ្ញាក់ផ្អើលជាច្រើន» សម្រាប់អាមេរិក។
ទន្ទឹមនឹងនេះ ស្ថានភាពនៅច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz កំពុងមានការកើនឡើងកម្តៅខ្លាំង ដោយសារអ៊ីរ៉ង់បានគ្រប់គ្រងលើការធ្វើចរាចរណ៍កប៉ាល់ និងរៀបចំយន្តការប្រមូលកម្រៃសេវា ខណៈដែលសហរដ្ឋអាមេរិក និងប្រទេសអារ៉ាប់ក្នុងតំបន់ឈូងសមុទ្រ បាននឹងកំពុងស្វែងរកការគាំទ្រពីអង្គការសហប្រជាជាតិ (UN) ដើម្បីដាក់កម្រិតលើសកម្មភាពរបស់អ៊ីរ៉ង់នៅច្រកសមុទ្រនេះ។
អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិបានព្រមានថា ប្រសិនបើវិបត្តិសង្គ្រាម និងការស្ទះចរាចរណ៍នៅច្រកសមុទ្រ Hormuz នៅតែបន្តអូសបន្លាយ វាអាចនឹងរុញច្រានមនុស្សរហូតដល់ ៤៥ លាននាក់បន្ថែមទៀតឱ្យធ្លាក់ក្នុងគ្រោះអត់ឃ្លាន និងបង្កជាវិបត្តិស្បៀងអាហារធ្ងន់ធ្ងរសកលលោកដែលមិនធ្លាប់មាន៕
ប្រភព៖Al Jazeera


















