ក្រុមហ៊ុន SpaceX ប្រកាសគម្រោងលក់ភាគហ៊ុនជាសាធារណៈ (IPO) ដើម្បីឆ្ពោះទៅកាន់ភពអង្គារ និងពង្រីកបច្ចេកវិទ្យា AI

ក្រុមហ៊ុនបច្ចេកវិទ្យាអវកាសខ្នាតយក្ស SpaceX របស់លោក Elon Musk បានដាក់ពាក្យស្នើសុំជាផ្លូវការដើម្បីត្រៀមបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈលើកដំបូង (IPO) នៅលើទីផ្សារភាគហ៊ុន Nasdaq ក្រោមនិមិត្តសញ្ញា "SPCX" ដែលនេះអាចនឹងក្លាយជាការបោះផ្សាយលក់ភាគហ៊ុនដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រទីផ្សារហិរញ្ញវត្ថុពិភពលោក។

 
ក្រុមហ៊ុន SpaceX ប្រកាសគម្រោងលក់ភាគហ៊ុនជាសាធារណៈ (IPO) ដើម្បីឆ្ពោះទៅកាន់ភពអង្គារ និងពង្រីកបច្ចេកវិទ្យា AI

យោងតាមឯកសាររៀបចំការលក់ភាគហ៊ុនជាសាធារណៈ ដែលបានបង្ហាញជាទូទៅ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ក្រុមហ៊ុន SpaceX បានកំណត់គោលដៅស្វែងរកការវាយតម្លៃតម្លៃក្រុមហ៊ុនរហូតដល់ ១,៧៥ ទ្រីលានដុល្លារអាមេរិក ។ ប្រសិនបើជោគជ័យ វានឹងវ៉ាដាច់កំណត់ត្រាចាស់របស់ក្រុមហ៊ុនប្រេងកាត Saudi Aramco កាលពីឆ្នាំ២០១៩ ហើយនឹងជួយរុញច្រានលោក Elon Musk ឱ្យក្លាយជាមហាសេដ្ឋីលំដាប់ «ទ្រីលានដុល្លារ» (Trillionaire) ដំបូងគេបង្អស់ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិផងដែរ។
ទិន្នន័យហិរញ្ញវត្ថុដែលបានលាតត្រដាងជាលើកដំបូងបានបង្ហាញថា ទោះបីជាបច្ចុប្បន្នអាជីវកម្មផ្កាយរណបអ៊ីនធឺណិត Starlink ជាប្រភពចំណូលដ៏រឹងមាំ ដោយរកចំណូលបាន ១១,៤ ពាន់លានដុល្លារក្នុងឆ្នាំ២០២៥ ក៏ដោយ ក៏ SpaceX កំពុងចាក់បញ្ចូលថវិការាប់ពាន់លានដុល្លារទៅក្នុងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងការបង្កើតមជ្ឈមណ្ឌលទិន្នន័យ (Data Centers) នៅលើគន្លងអវកាស។ គម្រោង AI នេះ បានធ្វើឱ្យក្រុមហ៊ុនខាតបង់ថវិកាប្រតិបត្តិការប្រមាណ ៦,៤ ពាន់លានដុល្លារកាលពីឆ្នាំមុន និងខាតបង់ជាង ៤,២ ពាន់លានដុល្លារបន្ថែមទៀតនៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៦។
ទោះជាយ៉ាងណា លោក Elon Musk នៅតែបង្ហាញការជឿជាក់ខ្ពស់ថា អនាគតរយៈពេលវែងរបស់ SpaceX គឺពឹងផ្អែកលើបច្ចេកវិទ្យា AI និងហេដ្ឋារចនាសម្ព័ន្ធអវកាស ដោយក្រុមហ៊ុនបានប៉ាន់ប្រមាណថា ទីផ្សារសក្តានុពលសរុបរបស់ខ្លួនអាចមានតម្លៃរហូតដល់ ២៨,៥ ទ្រីលានដុល្លារ ដែលក្នុងនោះទំហំទីផ្សារភាគច្រើនគឺទាក់ទងនឹង AI។
បន្ថែមពីលើការវិនិយោគលើប្រព័ន្ធ AI ក្រុមហ៊ុន SpaceX នៅតែបន្តរក្សាគោលដៅចម្បងរបស់ខ្លួនក្នុងការដឹកជញ្ជូនមនុស្ស និងទំនិញទៅកាន់ព្រះច័ន្ទ និងការបង្កើតអាណានិគមអចិន្ត្រៃយ៍របស់មនុស្សនៅលើភពអង្គារ (Mars) តាមរយៈការប្រើប្រាស់រ៉ុក្កែតជំនាន់ថ្មី "Starship"។
សូមជម្រាបថាការលក់ភាគហ៊ុនជាសាធារណៈ (IPO) របស់ SpaceX ត្រូវបានរំពឹងថានឹងធ្វើឡើងនៅអំឡុងពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ ដោយមានធនាគារធំៗនៅ Wall Street ដូចជា Goldman Sachs, Morgan Stanley និង Bank of America ជាអ្នករៀបចំ និងធានាការទិញ-លក់ភាគហ៊ុន៕

Elon Musk's SpaceX plans IPO with shares to be sold as soon as June | CBC  News

ប្រភព៖Reuters