អាមេរិក បញ្ចប់ការស៊ើបអង្កេតលើករណី វាយប្រហារចំសាលារៀនកុមារីនៅអុីរ៉ង់

មេបញ្ជាការយោធាជាន់ខ្ពស់សហរដ្ឋអាមេរិកបានថ្លែងកាលពីថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២៦ ថា ការស៊ើបអង្កេតរបស់យោធាអាមេរិកជុំវិញការវាយប្រហារដ៏កាចសាហាវចំសាលាបឋមសិក្សាមួយកន្លែងនៅប្រទេសអុីរ៉ង់ កំពុងឈានទៅរកការទីបញ្ចប់ហើយ បើទោះបីជាដំណើរការនេះមានភាពស្មុគស្មាញខ្លាំង ដោយសារសាលានោះស្ថិតនៅលើទីតាំងមូលដ្ឋានមីស៊ីលរបស់អុីរ៉ង់ក៏ដោយ។

 
អាមេរិក បញ្ចប់ការស៊ើបអង្កេតលើករណី វាយប្រហារចំសាលារៀនកុមារីនៅអុីរ៉ង់

សាលាបឋមសិក្សា Shajareh Tayyebeh ក្នុងទីក្រុង Minab ភាគខាងត្បូងប្រទេសអ៊ីរ៉ង់ ត្រូវបានកម្ទេចដោយគ្រាប់មីស៊ីល កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលជាថ្ងៃដំបូងនៃជម្លោះយោធារវាងអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់។ តាមប្រភពពីមន្ត្រីអ៊ីរ៉ង់ ហេតុការណ៍នេះបានបណ្តាលឱ្យកុមារ និងគ្រូបង្រៀនជាង ១៧៥ នាក់បានបាត់បង់ជីវិត។
នៅក្នុងសវនាការចំពោះមុខគណៈកម្មាធិការសភាតំណាងរាស្ត្រអាមេរិក លោកឧត្តមនាវីឯក Brad Cooper មេបញ្ជាការទីបញ្ជាការកណ្តាលអាមេរិក (CENTCOM) បានបញ្ជាក់ថា៖ «ការស៊ើបអង្កេតនេះជិតចប់សព្វគ្រប់ហើយ ហើយខ្ញុំគិតថាតម្លាភាពគឺជារឿងសំខាន់បំផុត»។ លោកបានពន្យល់បន្ថែមថា មូលហេតុដែលនាំឱ្យការស៊ើបអង្កេតនេះមានភាពយឺតយ៉ាវ និងស្មុគស្មាញជាងការវាយប្រហារធម្មតា គឺដោយសារតែ «សាលារៀននោះ ស្ថិតនៅលើទីតាំងមូលដ្ឋានគ្រាប់មីស៊ីល កំពុងដំណើរការរបស់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC)»។
កន្លងមក ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្លាប់បានរាយការណ៍ដោយផ្អែកលើប្រភពផ្ទៃក្នុងថា កងទ័ពអាមេរិកអាចជាអ្នកទទួលខុសត្រូវលើការវាយប្រហារនេះ ដោយសារតែការប្រើប្រាស់ទិន្នន័យសម្ងាត់ចាស់ហួសសម័យ ក្នុងការកំណត់គោលដៅ។
ភ្លាមៗបន្ទាប់ពីការថ្លែងការណ៍របស់មេបញ្ជាការអាមេរិក អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានចេញមុខបដិសេធទាំងស្រុង ដោយហៅការអះអាងរបស់អាមេរិកថាជា «ការប្រឌិតគ្មានមូលដ្ឋាន និងជាការភូតកុហកដ៏គួរឱ្យស្អប់ខ្ពើម» ដើម្បីបិទបាំងការពិត។ លោកបានសង្កត់ធ្ងន់នៅលើបណ្តាញសង្គម X ថា៖ «ការកំណត់គោលដៅលើគ្រឹះស្ថានសិក្សាកំពុងដំណើរការ ក្នុងម៉ោងសិក្សា គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ និងជាឧក្រិដ្ឋកម្មសង្គ្រាមយ៉ាងច្បាស់ក្រឡែត»។
ទោះជាយ៉ាងណាក៏ដោយ លោកឧត្តមនាវីឯក Cooper បានអះអាងឡើងវិញថា យោធាសហរដ្ឋអាមេរិកមិនដែលកំណត់គោលដៅលើជនស៊ីវិលឡើយ ហើយការស៊ើបអង្កេតផ្លូវការដែលជិតបញ្ចប់នេះ នឹងត្រូវប្រកាសជាសាធារណៈក្នុងពេលឆាប់ៗខាងមុខ ដើម្បីបង្ហាញពីតម្លាភាព៕

ប្រភព៖Reuters