រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១ នៃគណៈកម្មការរៀបចំកិច្ចប្រជុំក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ត្រៀមសម្រាប់កម្ពុជាធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២២ តាមរយៈប្រព័ន្ធវីដេអូ
(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា ព្រមទាំងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ានសម្រាប់ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំលើកទី១ នៃគណៈកម្មការរៀបចំកិច្ចប្រជុំក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ត្រៀមសម្រាប់កម្ពុជាធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២២ តាមរយៈប្រព័ន្ធវីដេអូ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ ជាអនុប្រធាន និងសមាជិកគណៈកម្មការ និងឯកឧត្តម លោកជំទាវ ជាប្រធាន-អនុប្រធាននៃអនុគណៈកម្មការ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់ អមដោយមន្រ្តីជំនាញ តំណាងមកពីអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមមាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងទេសចរណ៍ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងរ៉ែ និងថាមពល ធនាគារជាតិកម្ពុជា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
កិច្ចប្រជុំខាងលើនេះមានគោលបំណងសំខាន់ៗ រួមមាន៖
(១) ប្រកាសពីសមាសភាព នៃគណៈកម្មការរៀបចំកិច្ចប្រជុំក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ត្រៀមសម្រាប់កម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២
(២) ជម្រាបជូនអំពីលទ្ធផលនៃកិច្ចប្រជុំចង្អៀតតំណាងជាតិក្រោមសសរស្ដម្ភទាំង៣ ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២។ ដោយក្នុងនោះ ឯកឧត្តមរដ្ឋមន្រ្តីប្រធានអង្គប្រជុំ បានជម្រាបជូនវឌ្ឍនភាពសំខាន់ៗ របស់ក្រុមការងារក្រោមសសរស្ដម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ពាក់ព័ន្ធនឹងដំណើការពិនិត្យ និងជ្រើសរើសនិមិត្តសញ្ញាអាស៊ានឆ្នាំ២០២២ និងជាពិសេស ដំណើរការពិនិត្យរៀបចំគោលដៅយុទ្ធសាស្ត្រ (Strategic Thrust) ក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ច និងកំណត់បញ្ជីសមិទ្ធផលអាទិភាព (PEDs) ដែលស្ថិតក្រោមគោលដៅយុទ្ធសាស្ត្រទាំងនោះ។
(៣) តាមដានវឌ្ឍនភាពការងាររបស់អនុគណៈកម្មាជំនាញនីមួយៗ និង
(៤) ឯកឧត្តមរដ្ឋមន្រ្តី ក្នុងនាមជាប្រធានគណៈកម្មការ បានផ្តល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ជូនអនុគណៈកម្មការនីមួយៗ និងក្រុមការងារលេខាធិការដ្ឋាន ដើម្បីបន្តអនុវត្តការងារបន្ថែមទៀត ឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពខ្ពស់ សំដៅធ្វើយ៉ាងណាឱ្យកិច្ចប្រជុំនានាដែលស្ថិតក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ច នឹងប្រព្រឹត្តទៅបានរលូន និងប្រកបដោយជោគជ័យ៕
join link Telegram https://t.me/cngtvcambodia
ប្រភព: ក្រសួងពាណិជ្ជកម្ម