ការពន្យារពេលស៊ីហ្គេមទៅឆ្នាំ២០២២ គឺផ្តល់ឱកាសហ្វឹកហាត់សម្រួចបច្ចេកទេសកាន់តែល្អ

ភ្នំពេញ៖ លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជា បានបញ្ជាក់នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០២១ថា ការពន្យារពេលនៃស៊ីហ្គេមលើកទី៣១ របស់ម្ចាស់ផ្ទះវៀតណាម ពីចុងឆ្នាំ ២០២១ ទៅអំឡុងពាក់ កណ្តាលឆ្នាំ២០២២ គឺជាឱកាសល្អ ដែលក្រុមកីឡាករ កីឡាការិនីរាំកម្ពុជា មានពេល វេលាកាន់តែច្រើន ក្នុងការបង្កើនគុណភាព បច្ចេកទេសឆ្ពោះទៅចូលរួមប្រកួតប្រជែងមេដាយ ក្នុងស៊ីហ្គេម នេះ ។

 
ការពន្យារពេលស៊ីហ្គេមទៅឆ្នាំ២០២២ គឺផ្តល់ឱកាសហ្វឹកហាត់សម្រួចបច្ចេកទេសកាន់តែល្អ

លោកស្រីអគ្គលេខាធិការ បានលើកឡើងថា ដោយសារ តែនៅក្នុងបរិបទកូវីដ-១៩ ក្រុមជម្រើសជាតិកីឡារំា ក៏ដូចជាក្រុមជម្រើសជាតិ ជាច្រើនទៀត កំពុងហ្វឹកហាត់នៅតាមផ្ទះរៀងៗខ្លួនជាបណ្តោះអាសន្ន ដោយមិនមានការហ្វឹកហាត់លក្ខណៈប្រមូលផ្តុំនោះឡើយ ។ ការហ្វឹកហាត់នៅតាមផ្ទះ ដោយគ្រាន់តែមានការត្រួតពិនិត្យពីគ្រូបង្វឹកតាមប្រព័ន្ធអនឡាញ បែបនេះ មិនអាចបង្កើនគុណផលកីឡាកម្រិតខ្ពស់ឱ្យបានល្អប្រសើរនោះទេ។ បច្ចុប្បន្ន ក្រុមជម្រើសជាតិកីឡារាំកម្ពុជា មានកីឡាករ ៥នាក់ និងកីឡាការិនី៥នាក់ កំពុងបន្តការហ្វឹកហាត់នៅតាមផ្ទះនៅឡើយ ហើយសហព័ន្ធក៏កំពុងរង់ចាំការ រៀបចំការហ្វឹកហាត់បិទខ្ទប់របស់ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដើម្បីបង្ការឱ្យផុត និងធានាឱ្យបានសុវត្ថិភាពពីការរីករាល ដាលនៃជំងឺកូវីដ-១៩។ លោកស្រី ហង់ ស៊ីមន សង្កត់ធ្ងន់ថា ការពន្យារពេលស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម សហព័ន្ធកីឡារាំកម្ពុជា មានផែនការយុទ្ធសាស្ត្ររៀបចំការហ្វឹក ហាត់ ឱ្យកាន់តែល្អបន្ថែមទៀត ក្នុងគោលដៅប្រើប្រាស់ពេលវេលាហ្វឹកហាត់ប្រមាណ ១ឆ្នាំទៀត ដើម្បីឆ្ពោះទៅស្វែងរកមេដាយ ក្នុងកម្រិតណាមួយពីស៊ីហ្គេម នៅប្រទេសវៀតណាម។ ក៏ដូចជាសម្រួចគោលដៅឆ្ពោះទៅទទួលធ្វើជាម្ចាស់ផ្ទះ ការ ប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ឆ្នាំ២០២៣ នៅកម្ពុជា ។ លោកស្រី ហង់ ស៊ីមន បញ្ជាក់ថា សម្រាប់ការត្រៀមលើវិញ្ញាសាស៊ីហ្គេមនៅប្រទេសវៀតណាមនេះ គឺសហព័ន្ធនៅតែរក្សាការចូល រួមប្រកួតលើវិញ្ញាសាទាំងអស់ ដែលម្ចាស់ផ្ទះស៊ីហ្គេមវៀត ណាម បានកំណត់បង្ហាញកាលពីពេលកន្លងទៅ ។ នៅក្នុងកីឡារាំមានពីរប្រភេទធំៗ គឺប្រភេទ Standard Dance មាន៥វិញ្ញាសានិងប្រភេទ Latin Dance មាន ៥វិញ្ញាសា។ នៅពេលនេះមិនទាន់ដឹងថា មានប៉ុន្មានប្រទេសចូលរួមប្រជែងមេដាយ សម្រាប់ស៊ីហ្គេមនៅវៀតណាមលើកនេះនៅឡើយទេ ប៉ុន្តែកាលពីស៊ីហ្គេមលើកទី៣០ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន មានប្រទេសចូលរួមចំនួន៨ ក្នុងចំណោម ១១ ប្រទេសនៅអាស៊ីអាគ្នេយ៍ ។ លោកស្រី ហង់ ស៊ីមន បន្ថែមថា សហព័ន្ធកីឡារាំកម្ពុជាទើបតែចូលរួមស៊ីហ្គេមឆ្នាំ ២០១៩ នៅប្រទេសហ្វីលីពីនតែម្តងប៉ុណ្ណោះ ដែលមិនដណ្តើមបានមេដាយ ដោយបានត្រឹមចំណាត់ថ្នាក់លេខ ៤ចំនួន២វិញ្ញាសាដែរ ក្នុងចំ ណោម៨ប្រទេស ។

សូមរំឭកថា សហព័ន្ធកីឡារាំកម្ពុជា ធ្លាប់ប្រជែងមេដាយអន្តរជាតិជាច្រើនលើក ដូចជាបានចូលរួមប្រកួត Indoor Game នៅប្រទេស Turkmenistan បានចំណាត់ថ្នាក់លេខ៥ និងលេខ៦ ក្នុងចំណោម ១៥ ប្រទេសឆ្នាំ២០១៧, បានចូលរួមប្រកួតកីឡារាំជើងឯកអាស៊ីនៅតៃវ៉ាន់ ទទួលបានមេដាយប្រាក់១គ្រឿង ជាប់ចំណាត់ថ្នាក់លេខ២ និងមេដាយសំរឹទ្ធ១គ្រឿង ឆ្នាំ២០១៨, បានចូលរួមប្រកួតកីឡារាំជើងឯកអាស៊ី និង Open នៅហុងកុងទទួលបានមេដាយមាស១គ្រឿង មេដាយប្រាក់១គ្រឿង និងសំរឹទ្ធ៤គ្រឿងឆ្នាំ២០១៨, បានចូលរួមប្រកួតជើងឯកអាស៊ី Singapore Superstar Championship 2019 ដណ្តើមបានមេដាយប្រាក់២គ្រឿង នៅប្រទេសសិង្ហបុរីឆ្នាំ២០១៩, បានចូលរួមប្រកួតកីឡារំាអាស៊ី ADSF Asian Open Latin Dance ឆ្នាំ២០១៩ នៅតៃវ៉ាន់ ដណ្តើមបានមេដាយមាស១គ្រឿង និងមេដាយប្រាក់២គ្រឿង៕

 

សូមចុច join Telegram https://t.me/cngtvcambodia

ប្រភព: ក្រសួងព័ត៌មាន