Mohamed Salah បរិច្ចាកស្បៀងអាហារជាច្រើនលើសលប់ដល់ស្រុកកំណើតរបស់ខ្លួនក្នុងប្រទេសអេហ្ស៊ីប
កីឡាករវ័យក្មេងចិត្តធម៌រូបនេះបានគាំទ្រ និងលើកទឹកចិត្តប្រជាជនក្រីក្រក្នុងស្រុកកំណើតរបស់គាត់ តាមរយៈការបរិច្ចាកនូវស្បៀងអាហារយ៉ាងច្រើនក្រៃលែង ព្រមទាំងមានការជួយជ្រោមជ្រែងពីសេវា សុខភាពជាតិ (NHS) ក្នុងកំឡុងពេលនៃការរីករាលនូវវីរុសកូវីដ១៩ (COVID-19)។
គួរកត់សម្គាល់ថា នៅក្នុងប្រទេសកំណើតរបស់ Mohamed Salah មានករណីឆ្លងរាលដាលជំងឺដ៏ កាចសាហាវមួយនេះប្រហែល ២,៨៤៤ ករណីហើយ។ មានការហាមប្រាម មិនឲ្យដើរហើរនៅពេលយប់ ខណៈពេលដែលសាលារៀន សាកលវិទ្យាល័យ និងវិហារឥស្លាមត្រូវ បានបិទ។ នេះបើតាមការចុះផ្សាយរបស់សារពត៌មាន THIS IS ANFIELD កាលពីថ្មីៗនេះ។
លើសពីនេះទៅទៀត Mohamed Salah បន្ថែមនូវទង្វើដ៏គួរឲ្យគោរពស្រឡាញ់ និងគួរឲ្យកើតសរសើរដោយការបន្តផ្តល់ជំនួយថវិកាជាប្រចាំឲ្យគ្រួសារមួយចំនួនធំនៅក្នុងភូមិផងដែរ។
គិតរហូតមកទល់ពេលនេះ ការបរិច្ចាកចុងក្រោយបំផុត បន្ថែមពីលើការងារសប្បុរសធម៌ក្នុងសហគមរបស់លោករយៈពេលកន្លងមកនេះ ដែលមានគម្រោងសម្រាប់មន្ទីរពេទ្យ ការកសាងរោងចក្រកែច្នៃប្រព័ន្ធលូ និងគម្រោងផ្សេងៗទៀតនោះ សរុបជាទឹកប្រាក់ប្រមាណ ៣លានដុល្លារសហរដ្ឋអាមេរិកមកហើយទៅកាន់វិទ្យាស្ថានជាតិស្តីពីជំងឺមហារីករបស់អេហ្ស៊ីប។
សូមបញ្ជាក់ផងដែរថា លោក Mohamed Salah គឺជាកីឡាករដ៏ឆ្នើមលេងឲ្យក្រុមហង្សក្រហម Liverpool ដែលធ្លាប់បានជួយឲ្យក្រុមរបស់គាត់ឡើងដល់វគ្គផ្តាច់ព្រ័័តនៃពានកំពូលជើងឯកអឺរ៉ុបកាលពីឆ្នាំ២០១៨ និងឡើងវគ្គផ្តាច់ព្រ័តម្តងទៀតនៅឆ្នាំ២០១៩៕
ប្រភព៖ THIS IS ANFIELD ប្រែសម្រួល៖ ភារិទ្ធ