ដូណាល់ ត្រាំ រំពឹងថា នឹងធ្វើតេស្តរកវីរុសម្តងទៀតនៅថ្ងៃសុក្រនេះ
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងប្រាប់សារព័ត៌មាននៅយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា លោកប្រហែលជានឹងត្រូវទៅធ្វើតេស្តរកវីរុសម្តងទៀតនៅថ្ងៃសុក្រនេះ ខណៈស្ថានភាពនៃការឆ្លងរបស់លោកមិនទាន់មានភាពច្បាស់លាស់នោះទេ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន វ៉ាស៊ីនតោនផុស (The Washington Post) នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ បានបង្ហាញឲ្យដឹងថែមទៀតថា លោកដូណាល់ត្រាំ បានប្រកាសត្រឡប់ចូលមកការជួបជុំ និងត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមការតស៊ូមតិវិញសារជាថ្មី បើទោះបីជាបច្ចុប្បន្នមិនទាន់ដឹងច្បាស់ថា លោកនៅតែមានផ្ទុកវីរុស ឬក៏ជាសះស្បើយទាំងស្រុងនៅឡើយទេ នៅក្នុងកិច្ចសម្ភាសន៍ក្នុងប៉ុស្តិ៍ទូរទស្សន៍មួយ លោកក៏មិនបានគូសបញ្ជាក់អំពីពេលវេលា និងកន្លែងដែលគាត់បានធ្វើតេស្តលោកចុងក្រោយដែរ។
យ៉ាងណាមិញ មកទល់ពេលនេះវាមានរយៈពេលត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះចាប់ពីថ្ងៃដែលបានប្រកាសអំពីការឆ្លងរបស់លោកដូណាល់ ត្រាំ ជាពិសេសក្នុងថ្ងៃព្រហស្បតិ៍កាលពីម្សិលមិញ ដែលមាន ភាពវឹកវរ លោកត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា បើសិនជាគេរៀបចំការតស៊ូមតិជាលើកទី២តាមប្រព័ន្ធអនឡាញ នោះលោកនឹងមិនចូលរួមនោះទេ ដែលការសម្រេចចិត្តនេះធ្វើឲ្យមហាជនឆ្ងល់យ៉ាងខ្លាំង និងដាក់សំណួរជាច្រើនលើអនាគតនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក ដែលនឹងធ្វើ ឡើងក្នុងថ្ងៃទី០៣ ខែវិច្ឆិកា ឆាប់ៗនេះ៕
សូមទស្សនាវីដេអូ៖
ប្រភព៖ BBC, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ