ក្រសួងសាធារណការ គ្រោងនឹងដាក់ដំណើរការសាកល្បងកម្មវិធីដកពិន្ទុប័ណ្ណបើកបរ និងពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោកនៅខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ

ថ្ងៃព្រហស្បតិ៍ ១៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញជួបប្រជុំរាយការណ៍វឌ្ឍនភាពការងារលើការដាក់ដំណើរការកម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោក ជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយមានការចូលរួមថ្នាក់ដឹកនាំ អគ្គស្នងការនគរបាលជាតិ និងក្រុមការងារបច្ចេកទេស តាមប្រព័ន្ធវីដេអូពីចម្ងាយ។

 
ក្រសួងសាធារណការ គ្រោងនឹងដាក់ដំណើរការសាកល្បងកម្មវិធីដកពិន្ទុប័ណ្ណបើកបរ និងពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោកនៅខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ

ជាកិច្ចចាប់ផ្តើម ឯកឧត្តមទេសរដ្ឋមន្ត្រី បានគោរពរាយការជូន សម្តេចក្រឡាហោម អំពីគំនិតផ្តួចផ្តើមក្នុងការរៀបចំកម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោក  និងដំណើរការរៀបចំប្រកាសអន្តរក្រសួងស្តីពីនីតិវិធីនៃការដក និងបំពេញពិន្ទុឡើងវិញសម្រាប់បណ្ណបើកបរ ដែលនឹងត្រូវអនុវត្តនៅ៥ឆ្នាំ ក្រោយពីវិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឆ្នាំ២០១៧ ចូលជាធរមាន។

កម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោក គឺជាកម្មវិធីបច្ចេកវិទ្យា ដែលអនុញ្ញាតឱ្យមន្ត្រីនគរបាលចរាចរណ៍ ធ្វើការដកពិន្ទុលើបណ្ណបើកបរ និងពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោក ដើម្បីពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយមានលក្ខណៈពិសេសដូចជា ស្គាល់ទម្រង់បណ្ណរួមមាន បណ្ណបើកបរ លិខិតឆ្លងដែន អត្តសញ្ញាណបណ្ណ និងបណ្ណសម្គាល់យានយន្ត និងអាចដឹងថាបណ្ណបើកបរត្រឹមត្រូវ ឬក្លែងក្លាយ ដឹងពីប្រតិបត្តិការនៃការកាត់ពិន្ទុ និងពិន័យលឿនរហ័ស ដឹងទីតាំងភូមិសាស្ត្រ និងប្រវត្តិនៃការដកពិន្ទុ និងពិន័យ និងអាចកត់ត្រារាល់ទិន្នន័យដែលអាចប្រើប្រាស់ជាយុទ្ធសាស្រ្តសម្រាប់កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានស្នើសុំសម្តេចក្រឡាហោម ពិនិត្យលើសេចក្តីព្រាងប្រកាសអន្តរក្រសួងលើកម្មវិធីនេះ មុននឹងចាប់ផ្តើមបណ្តុះបណ្តាលកម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យបទល្មើសចរាចរណ៍ផ្លូវគោកជូនមន្ត្រីនគរបាលចរាចរណ៍ នៅខែសីហា ឆ្នាំ២០២១ និងដាក់ដំណើរការសាកល្បង និងផ្សព្វផ្សាយជូនសាធារណជននៅខែកញ្ញា ឆ្នាំ២០២១។ ក្នុងនោះដែល ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រៀមនឹងប្រគល់ទទួលឧបករណ៍ដកពិន្ទុ និងពិន័យរួមគ្នា ចំនួន៥០០គ្រឿង ជូនអគ្គស្នងការនគរបាលជាតិ ហើយកម្មវិធីនេះនឹងត្រូវសម្ពោធដាក់ប្រើប្រាស់ផ្លូវការនៅដើមឆ្នាំ២០២២។

សម្តេចក្រឡាហោម ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានគាំទ្រយ៉ាងពេញទំហឹងលើគំនិតផ្តួចផ្តើមនេះ ហើយសម្តេចក៏ស្នើពន្លឿនលើខ្លឹមសារប្រការអន្តរក្រសួង ដែលបានព្រាងរួចរាល់ និងឯកភាពក្នុងកម្រិតបច្ចេកទេស។ សម្តេចក្រឡាហោម ស្នើឱ្យក្រសួងសូមឱ្យយកចិត្តទុកដាក់ឱ្យបានខ្ពស់ក្នុងការផ្សព្វផ្សាយ ពន្យល់ណែនាំពីនីតិវិធីនៃការកាត់ពិន្ទុ និងប្រឡងបំពេញពិន្ទុឡើងវិញជូនសាធារណជន ដែលត្រូវអនុវត្ត ត្រួតពិនិត្យ និងផាកពិន័យ។ សម្តេចក្រឡាហោមក៏បានកើតសរសើរដល់នាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានខិតខំអភិវឌ្ឍកម្មវិធីនេះឡើង និងមន្រ្តីនគរបាលចរាចរណ៍ដែលខិតខំធ្វើការ ដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

បន្ថែមពីនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានរាយការណ៍ជូន សម្តេចក្រឡាហោម អំពីវឌ្ឍនភាពការងាររៀបចំតម្លើងប្រព័ន្ធកាមេរ៉ាចាប់ល្បឿនលើផ្លូវជាតិមួយចំនួន ដោយសហការជាមួយអគ្គស្នងការនគរបាលជាតិ។ នៅតាមដងផ្លូវជាតិលេខ៣ ចាប់ពីចោមចៅ ដល់កំពត ក្រុមការងារនឹងបំពាក់ប្រព័ន្ធកាមេរ៉ាចាប់ល្បឿន ១០ទីតាំង ចំនួន១៤ឈុត និងកំពុងសិក្សាបំពាក់ប្រព័ន្ធកាមេរ៉ាចាប់ល្បឿនលើផ្លូវជាតិលេខ៧ ស្គន់ទៅកំពង់ចាម ព្រមទាំងពិនិត្យលទ្ធភាពស្នើសុំ JICA បំពាក់កាមេរ៉ានេះលើផ្លូវជាតិលេខ៥ផងដែល។  ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានរាយការណ៍ជូន អំពីបញ្ហាបាតុភាពតវ៉ាពីម្ចាស់យានយន្តធុនធ្ងន់ ដែលស្នើសុំបន្ថែមទម្ងន់ផ្ទុកមួយចំនួនខុសពីបទបញ្ញាត្តិច្បាប់ និងដំណោះស្រាយដោយផ្អែកលើផ្លូវច្បាប់ ព្រមទាំងការផ្សព្វផ្សាយ និងសេចក្តីជូនដំណឹងដល់ទីតាំងម្ចាស់អាជីវកម្មដឹកជញ្ជូនធុនធ្ងន់ដូចជា អាជីវកម្មខ្សាច់ ថ្ម ដី និងរោងចក្រផលិតស៊ីម៉ង់ជាដើម។

សម្តេចក្រឡាហោម បានកោតសរសើរលើការរៀបចំប្រព័ន្ធកាមេរ៉ាចាប់ល្បឿន និងគាំទ្រលើចំណាត់ការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនលើបញ្ហាបាតុភាពខាងលើ ដោយអនុវត្តតាមច្បាប់ និងមិនមានការលើកលែងខុសពីច្បាប់ឡើយ។

ជាចុងបញ្ចាប់  សម្តេចក្រឡាហោម បានអរគុណដល់ក្រុមការងារទាំងអស់ ដែលបានខិតខំរៀបចំកម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោកនេះឡើង និងជំរុញឱ្យរៀបចំអនុវត្តតាមផែនការ ដើម្បីកាត់បន្ថយគ្រោះថា្នក់ចរាចរណ៍ដែលខាតបង់ទាំងទ្រព្យសម្បត្តិ និងអាយុជីវិតប្រជាពលរដ្ឋ ៕

សូមចុច join link Telegram https://t.me/cngtvcambodia

ប្រភព: ក្រសួងសាធារណកា និងដឹកជញ្ជូន