ប្រធានាធិបតីចក្រភពអង់គ្លេសលោក បូរីស ចនសុន ព្រមានអំពីហានិភ័យរលកទី២នៃការឆ្លងវីរុសកូវីដ១៩
ទីក្រុងឡុងដ៍៖ ក្រោយពីព្យាបាលជាសះស្បើយពីវីរុសកូវីដ១៩ នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក បូរីស ចនសុន បានវិលត្រឡប់មកធ្វើការជាធម្មតាឡើងវិញ ដោយត្រូវប្រឈមបញ្ហាជាច្រើនដែលបង្កដោយវីរុសកូវីដ១៩ ជាពិសេសថាតើត្រូវដោះស្រាយវិបត្តិសេដ្ឋកិច្ចដែលរងផលប៉ះពាល់ដោយសារការបិទប្រទេស និងថាតើត្រូវបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញយ៉ាងណាជៀសផុតពីរលកទី២នៃការរាតត្បាតដោយសារវីរុសនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Aljazeera នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០។
ម្សិលមិញនេះលោកបានថ្លែងថា រដ្ឋាភិបាលមិនទាន់កំណត់នៅឡើយទេថាពេលណានឹងដកបម្រាមបិទប្រទេសឡើងវិញ ប៉ុន្តែលោកបានផ្តល់ក្តីសង្ឃឹមថាចក្រភពអង់គ្លេសបានឆ្លងផុតដំណាក់កាលកំពូលហើយ។ ជាមួយគ្នានេះ លោកបានបានសង្កត់ធ្ងន់ថាលោកយល់អំពីភាពអន្ទះអន្ទែងរបស់ប្រជាពលរដ្ឋចង់ឲ្យរដ្ឋាភិបាលបើកប្រទេសឡើងវិញ ក៏ប៉ុន្តែលោកក៏បានព្រមានដល់ពលរដ្ឋខ្លួនថា នៅមានហានិភ័យរលកទី២នៃការឆ្លងកូវីដ១៩ ហានិភ័យក្នុងការគ្រប់គ្រងស្ថាការណ៍ ហើយទីបំផុតវាគ្មានជម្រើសអ្វីក្រៅពីបិទប្រទេសជាថ្មីម្តងទៀតឡើយ ពេលនោះហើយវាមិនត្រឹមតែបង្កអន្តរាយដល់អាយុជីវិតប៉ុណ្ណោះទ តែថែមទាំងអន្តរាយដល់សេដ្ឋកិច្ចទៀតផង។
សូមរម្លឹកផងដែរថា លោក បូរីស ចនសុន ជាមេដឹកនាំមួយរូបក្នុងចំណោមមេដឹកនាំមួយចំនួនទៀត ដែលបានឆ្លងវីរុសកូវីដ១៩ ហើយលោកត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាលពីថ្ងៃទី៥ ខែមេសា កន្លងទៅ និងបានវិលត្រឡប់មកធ្វើការវិញកាលពីថ្ងៃអាទិត្យ។
គួរបញ្ជាក់ផងដែរថា អង់គ្លេស ជាប្រទេសមួយក្នុងចំណោមជាច្រើននៅប៉ែកអឺរ៉ុប ដែលទទួលរងការរាតត្បាតយ៉ាងធ្ងន់ធ្ងរ។ គិតមកទល់ពេលនេះចំនួនអ្នកស្លាប់ដោយសារវីរុសកូវីដ១៩កើនឡើងជាង២ម៉ឺននាក់ហើយ៕
ប្រភព៖ Aljazeera ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ