លោក ស៊ីជីនពីងសង្កត់ធ្ងន់លើបញ្ហាគ្រោះទឹកជំនន់នៅក្នុងប្រទេសចិន
ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានអំពាវនាវអាជ្ញាធរឱ្យមានកិច្ចខិតខំប្រឹងប្រែងខ្លាំង ដើម្បីដោះស្រាយបញ្ហាប្រឈម នឹងគ្រោះទឹកជំនន់ ដើម្បីធានាបាននូវសុវត្ថិភាពនិងទ្រព្យសម្បត្តិរបស់ប្រជាជនដែលរងគ្រោះ។ នេះបើយោងតាមសារព័ត៌មាន news ដែលបានចុះផ្សាយកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០។
នៅក្នុងសេចក្តីថ្លែងការណ៍នោះ លោក ស៊ី ជីនពីង បានមានប្រសាសន៍ថា ទឹកនៅតាមដងទន្លេ Yangtze , Huaihe បឹង និងតំបន់ផ្សេងៗទៀត បានឡើងហួសកម្រិតប្រកាសអាសន្ន។
យ៉ាងណាមិញ អាជ្ញាធរគួរតែចាត់វិធានការត្រួតពិនិត្យមើលនៅតាមប្រឡាយ និងតំបន់ដែលរងគ្រោះដោយទឹកជំនន់ជាបន្ទាន់ និងចូលរួមយ៉ាងសកម្មក្នុងការងារជួយសង្គ្រោះប្រជាជន។
ម្យ៉ាងវិញទៀតអាជ្ញាធរមូលដ្ឋាន គួរតែរៀបចំផែនការប្រុងប្រយ័ត្នដើម្បីជួយឱ្យប្រជាជនវិលត្រឡប់ទៅរកជីវភាពធម្មតាវិញយ៉ាងឆាប់រហ័សតាមដែលអាចធ្វើទៅបាន។
លើសពីនេះទៅទៀត លោកក៏បានអំពាវនាវឱ្យគណៈកម្មាធិកាបក្ស និងរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ទទួលខុសត្រូវ និងចូលរួមដឹកនាំការងារត្រួតពិនិត្យគ្រោះទឹកជំនន់នេះផងដែរ។
គួររម្លឹកផងដែរថា ប្រទេសចិនបានរងគ្រោះទឹកជំនន់ធ្ងន់ធ្ងរ និងជួបផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ១៩៕
ប្រភព៖ news ប្រែសម្រួល៖ កង ស្រីលីន