សម្តេចតេជោណែនាំដល់អភិបាលរាជធានីខេត្ត ឲ្យកែសម្រួលនីតិវិធីដែលចូលក្នុងខេត្តតម្រូវឲ្យធ្វើចត្តាឡីស័ក ១៤ថ្ងៃ
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានណែនាំដល់អភិបាលរាជធានីខេត្តឲ្យ កែសម្រួលនីតិវិធី ដែលចូលក្នុងខេត្តតម្រូវឲ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ ដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់របស់ប្រជាពលរដ្ឋ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងតាមរយៈសារជាសំឡេង នៅរសៀលថ្ងៃទី ០៦ ខែ ឧសភា នេះថា រាជរដ្ឋាភិបាលបាន បិទបញ្ចប់ក្នុងការបិទរាជធានីភ្នំពេញនិងទីក្រុងតាខ្មៅ ក៏ដូចជាការបិទបញ្ចប់សម្រាប់ការធ្វើដំណើរឆ្លងខេត្តតាំងពីរយៈពេលមុនមកម្ល៉េះ ក្នុងពេលបញ្ចប់នេះរាជរដ្ឋាភិបាលក៏បានផ្ដល់អំណាចទៅឲ្យអភិបាលខេត្តរាជធានីដើម្បីគ្រប់គ្រងសភាពការណ៍តាមការជាក់ស្ដែង ។
សម្តេចតេជោបន្ថែមថា ក្រោយពីពិនិត្យឃើញថា នៅក្នុងខេត្តខ្លះបានដាក់បម្រាមរហូតទៅដល់កម្រិតប្រជាពលរដ្ឋកម្ពុជាខ្លួនឯង ដែលចូលទៅខេត្តខ្លួនឯង ចាំបាច់ត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ ដែលនេះមិនខុសពីការដែលយើងបង្កើតរដ្ឋនៅក្នុងរដ្ឋនោះទេ ដូច្នេះស្នើឲ្យឯកឧត្តមអភិបាល រាជធានីខេត្តត្រូវធ្វើការកែសេចក្តីសម្រេចរបស់ខ្លួនជាបន្ទាន់ ។
សំឡេង « បើធ្វើយ៉ាងដូច្នេះវាស្មើនឹងការបិទរដ្ឋឡើងវិញ បិទប្រទេសឡើងវិញ ឧទាហរណ៍ប្រជាជនត្រូវឆ្លងកាត់នូវខេត្តនោះចាំបាច់ត្រូវតែ ធ្វើចត្តាឡីស័កនៅក្នុងខេត្តនោះតែម្ដង ។ យើងត្រូវបន្តគ្រប់គ្រងនិងការធ្វើចត្តាឡីស័កចំពោះអ្នកដែលសង្ស័យថាមានហានិភ័យអាចនឹងមាន កូវីដ-១៩ ដើម្បីយកសំណាកហើយឲ្យធ្វើចត្តាឡីស័ក ប៉ុន្តែមិនមែនធ្វើគ្រប់មនុស្សទាំងអស់ទេដែលធ្វើដំណើរឆ្លងកាត់ខេត្តខ្លួននោះទេ បើធ្វើយ៉ាងដូច្នេះប្រជាជនហាក់ដូចជានៅក្នុងទ្រុងដដែល ។ អ៊ីចឹងសូមឯកឧត្តមលោកជំទាវដែលបានចេញសេចក្តីសម្រេចរួចទៅហើយ ត្រូវកែប្រែនូវសេចក្តីសម្រេចនោះវិញជាបន្ទាន់ ដើម្បីសម្រួលឲ្យមានការចរាចរណ៍សម្រាប់ប្រជាពលរដ្ឋ ។ ហើយខ្ញុំនិយាយនេះមិនមែនសំដៅមិនឲ្យទប់ស្កាត់ចំពោះអ្នកដែលមានករណីសង្ស័យដែលយើងតម្រូវឲ្យយកសំណាកនិងនាំទៅដល់ការធ្វើចត្តាឡីស័ក ដែលចៀសវាងមិនបាននោះទេ ។ ក៏ប៉ុន្តែការធ្វើនេះគឺសំដៅ ដើម្បីឲ្យកែសម្រួលសេចក្តីសម្រេចដើម្បីបើកឲ្យប្រជាពលរដ្ឋ អាចធ្វើដំណើរបាន បើមិនដូច្នេះទេគ្រប់ខេត្តនីមួយៗដាក់ធ្វើចត្តាឡីស័ក ១៤ ថ្ងៃវាមិនខុសពីការចែកកម្ពុជាទៅជា ២៥ ប្រទេសឆ្លងពីខេត្តមួយទៅខេត្តមួយត្រូវធ្វើចត្តាឡីស័កចេញពីខេត្តមួយទៅខេត្តមួយទៀត ត្រូវធ្វើចត្តាឡីស័ក ដូច្នេះតើយើងរស់ដោយរបៀបម៉េច ?» ៕
ប្រភព: ក្រសួងព័ត៌មាន និងផេកហ្វេសប៊ុក សម្តេច ហ៊ុន សែន