ប្រជាពលរដ្ឋស្រុកល្វាឯមខេត្តកណ្តាល ៩នាក់វិជ្ជមានជំងឺកូវីដ-១៩
(កណ្តាល)៖ នៅយប់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ម្សិលមិញនេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំក្រុមការងារជំនាញ ចុះត្រួតពិនិត្យករណីអ្នកស្រុកល្វាឯម ចំនួន០៩នាក់ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ក្រោយលទ្ធផលធ្វើតេស្តសំណាក ចេញដោយវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា មានវិជ្ជមានជំងឺកូវីដ-១៩ ។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត បានដាក់បទបញ្ចា ដល់អាជ្ញាធរមានសមត្ថកិច្ច និងគ្រូពេទ្យជំនាញចាត់វិធានការ ស្រាវជ្រាវបន្ទាន់ ដោយកំណត់មុខសញ្ញា ស្វែងរកអ្នកដែលជាប់ពាក់ព័ន្ធ ដោយផ្ទាល់ និងប្រយោលជាមួយពួកគាត់បន្ថែមទៀត ដើម្បីយកសំណាកធ្វើតេស្ត រកមេរោគកូវីដ-១៩ និងដាក់ឲ្យបងប្អូនទាំងនោះឲ្យធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក ឃុំពាមឧកញ៉ាអុង។
ដោយឡែកចំពោះអ្នកវិជ្ជមានកូវីដ-១៩ទាំង៩នាក់ ត្រូវបានក្រុមគ្រូពេទ្យ នាំយកមកសម្រាកព្យាបាលនៅ មន្ទីរពេទ្យបង្អែកជ័យជំនះក្រុងតាខ្មៅ រួចហើយ។
ជាមួយគ្នានោះ ដើម្បីគ្រប់គ្រងសភាពការណ៍នេះ ឯកឧត្តម អភិបាលខេត្ត បានសម្រេចប្រកាសបិទ ការធ្វើដំណើរឆ្លងកាត់ បរិវេណភូមិវាលធំ ឃុំពាមឧកញ៉ាអុង ជាបណ្តោះអាសន្នសិន៕
ប្រភព: ក្រសួងព័ត៌មាន