សម្ព័ន្ធលុបបំបាត់ជំងឺរលាកថ្លើម (HEA) ថ្មីៗនេះ បានបង្កើតកម្មវិធី “ជំនួបពិភាក្សាលើនិន្នាការនៃការព្យាបាលជំងឺរលាកថ្លើមប្រភេទេបេ និងសេ”
សម្ព័ន្ធលុបបំបាត់ជំងឺរលាកថ្លើម (HEA) ព្រមទាំងវេជ្ជបណ្ឌិតដៃគូជាច្រើនរូបបានត្រៀមខ្លួនរួចជាស្រេចក្នុងដំណើរឆ្ពោះទៅរកការលុបបំបាត់ជំងឺរលាកថ្លើមប្រភេទបេ និងសេ។ នាថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០២៤ សម្ព័ន្ធលុបបំបាត់ជំងឺរលាកថ្លើម (HEA) បានរៀបចំកម្មវិធី “ជំនួបពិភាក្សាលើនិន្នាការនៃការព្យាបាលជំងឺរលាកថ្លើមប្រភេទេបេ និងសេ” នៅឯសណ្ឋាគារ Hyatt Regency Phnom Penh ។
កម្មវិធី “ជំនួបពិភាក្សាលើនិន្នាការនៃការព្យាបាលជំងឺរលាកថ្លើមប្រភេទេបេ និងសេ” បានបង្កើតឡើងក្នុងគោលបំណងពង្រឹងចំណេះដឹង ផ្លាស់ប្តូរបទពិសោធន៍ព្យាបាល និង ផ្តោតសំខាន់លើការពិភាក្សាអំពីគោលការណ៍ណែនាំនៃការព្យាបាលចុងក្រោយបង្អស់របស់អង្គការសុខភាពពិភពលោក ព្រមទាំងការចែករំលែកនូវយុទ្ធសាស្ត្រដើម្បីលុបបំបាត់ជំងឺរលាកថ្លើមនៅកម្ពុជា។
កម្មវិធីនេះត្រូវបានចូលរួមពីសំណាក់ ឯកឧត្តមវេជ្ជបណ្ឌិត លី សុវណ្ណ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល ព្រមទាំងលោកវេជ្ជបណ្ឌិត កែវ សំឡី ប្រធានគ្រប់គ្រងកម្មវិធីលុបបំបាត់ជំងឺរលាកថ្លើមបង្កដោយវីរុស ក៏ដូចជាវត្តមានវាគ្មិនកិត្តិយសជាច្រើនរូបដែលសុទ្ធសឹងតែជាវេជ្ជបណ្ឌិតដែលមានបទពិសោធន៍ជាច្រើនឆ្នាំ។
ជំងឺរលាកថ្លើមប្រភេទបេ និងសេ បានបង្កឱ្យមានការព្រួយបារម្ភជាខ្លាំងព្រោះវាត្រូវបានគេឱ្យឈ្មោះថាជា “ឃាតករលាក់មុខ”ដែលបានបណ្តាលឱ្យមនុស្សជាច្រើនស្លាប់ជារៀងរាល់ឆ្នាំ។ វាអាចសំងំនៅក្នុងខ្លួនមនុស្ស ហើយបង្កឱ្យខូចខាតថ្លើមធ្ងន់ធ្ងរ ដោយមិនមានរោគសញ្ញាអ្វីគួរឲ្យកត់សម្គាល់នោះទេ។ ប្រជាជនរាប់លាននាក់នៅក្នុងប្រទេសកម្ពុជាកំពុងរស់នៅជាមួយជំងឺនេះដោយមិនដឹងខ្លួន ជាហេតុដែលវិធានការការពារ និង លុបបំបាត់ពិតជាមានសារៈសំខាន់បំផុត។
ជំងឺរលាកថ្លើមប្រភេទបេ និងសេ គឺជាជំងឺដែលអាចការពារ និង ព្យាបាលបាន។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការពិនិត្យតាមដានរកឃើញទាន់ពេលវេលា គឺមានសារៈសំខាន់បំផុត។ ប្រសិនបើរកឃើញទាន់ពេលការព្យាបាលគឺមិនមានភាពស្មុគស្មាញនោះទេ ផ្ទុយទៅវិញប្រសិនបើមិនបានព្យាបាលទាន់ពេលវេលានោះទេ ការព្យាបាលនឹងមានភាពស៉ាំញ៉ាំ ហើយហានិភ័យនៃការឈានទៅរកសភាពក្រិន និងមហារីកថ្លើមគឺមានកម្រិតខ្ពស់។ ជំងឺនេះមិនត្រឹមតែបានដាក់បន្ទុកទៅលើសុខភាពប្រជាជនខ្មែរប៉ុណ្ណោះទេ វាថែមទាំងបានដាក់បន្ទុកយ៉ាងធ្ងន់ធ្ងរទៅលើផ្នែកហិរញ្ញវត្ថុរបស់ពួកគាត់ផងដែរ។
គួរបញ្ជាក់ផងដែរថា ឯកឧត្តមវេជ្ជបណ្ឌិត លី សុវណ្ណ បានថ្លែងសុន្ទរកថាបើកក្នុងវេទិកានេះ ដោយបញ្ជាក់ពីផែនការយុទ្ធសាស្រ្ត និង ការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលចំពោះគោលដៅលុបបំបាត់ជំងឺរលាកថ្លើមប្រភេទបេ និងសេនេះនៅកម្ពុជា។ លើសពីនេះ លោកក៏បានមានប្រសាសន៍ពាក់ព័ន្ធទៅនឹងការពង្រឹងក្រមសីលធម៌ និង វិជ្ជាជីវៈរបស់ក្រុមគ្រូពេទ្យកម្ពុជាផងដែរ ដើម្បីពង្រឹងគុណភាពនៃសេវាព្យាបាល និង បង្កើនការជឿទុកចិត្តពីសំណាក់ប្រជាជនកម្ពុជា។
ដោយសង្កេតឃើញនូវការគំរាមកំហែងនៃជំងឺរលាកថ្លើមប្រភេទបេ និងសេនេះ មកលើប្រជាជនកម្ពុជា HEA ព្រមទាំងនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល បានប្តេជ្ញារួមគ្នាលុបបំបាត់ជំងឺនេះតាមរយៈ ការជំរុញលើកទឹកចិត្តទៅដល់ប្រជាជនកម្ពុជាឱ្យធ្វើតេស្ត ព្រមទាំងទទួលការព្យាបាល តាមរយៈការផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាការរៀបចំបង្កើតនូវកម្មវិធីជួបជុំចែករំលែកចំណេះដឹងនានា។ កន្លងមកនេះ HEA បានរៀបចំកម្មវិធីជួបជុំចែករំលែកចំនួន២លើករួចមកហើយ ដែលក្នុងនោះផងដែរមានការចូលរួមពីសំណាក់វេជ្ជបណ្ឌិត សិស្សនិស្សិត និងសាធារណជនទូទៅផងដែរ។
ក្រោមកិច្ចសហការ និងការយកចិត្តទុកដាក់ពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នា កម្មវិធី “ជំនួបពិភាក្សាលើនិន្នាការនៃការព្យាបាលជំងឺរលាកថ្លើមប្រភេទេបេ និងសេ” គឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តក្នុងការពង្រឹងចំណេះដឹង និងជំនាញនៃការព្យាបាលជំងឺរលាកថ្លើមប្រភេទបេ និងសេ ដើម្បីឆ្ពោះរកការលុបបំបាត់ជំងឺរលាកថ្លើមនៅកម្ពុជា។
អំពីជំងឺរលាកថ្លើមប្រភេទបេ និងសេ
ទិន្នន័យជំងឺរលាកថ្លើមសកល: មនុស្សប្រមាណ២៥៤ លាននាក់បានឆ្លងជំងឺរលាកថ្លើមប្រភេទបេ និង ៥០លាននាក់បានឆ្លងជំងឺរលាកថ្លើមប្រភេទសេ។ ជារៀងរាល់ឆ្នាំមានមនុស្សប្រមាណ ១.៣ លាននាក់បានស្លាប់ដោយសារជំងឺរលាកថ្លើមប្រភេទបេ និងសេនេះ។
ជំងឺរលាកថ្លើម គឺជាការរលាកនៃថ្លើមដែលបានបណ្តាលមកពីកត្តាដែលបង្កដោយវីរុស និង កត្តាមិនបង្កដោយវីរុស។ កត្តាបង្កដោយវីរុសមាន៥ប្រភេទផ្សេងៗគ្នា គឺវីរុសប្រភេទ A B C D និង E។ ក្នុងចំណោមប្រភេទវីរុសទាំងនេះ ជំងឺរលាកថ្លើមបង្កដោយវីរុសប្រភេទបេ និងសេ គឺជាជំងឺដែលបានដាក់បន្ទុកដ៏ធ្ងន់ធ្ងរនៅលើពិភពលោក និងប្រទេសកម្ពុជាយើងផងដែរ។ ជំងឺរលាកថ្លើមប្រភេទបេ និងសេមិនលេចចេញនៅរោគសញ្ញានោះទេ (ទោះចេញរោគសញ្ញាក៏រោគសញ្ញានោះអាចច្រឡំទៅអាការៈនៃជំងឺផ្សេង)។
ជំងឺរលាកថ្លើមប្រភេទបេ មានវ៉ាក់សាំងសម្រាប់ការពារដែលមានប្រសិទ្ធភាព ក៏ប៉ុន្តែពុំអាចព្យាបាលជាដាច់នោះទេ។ ចំណែកឯជំងឺរលាកថ្លើមប្រភេទសេ អាចព្យាបាលជា ដោយប្រើរយៈពេល៣ខែទៅ៦ខែ ក៏ប៉ុន្តែគេពុំទាន់រកឃើញវ៉ាក់សាំងការពារដែលមានប្រសិទ្ធភាពនៅឡើយទេ។ ជំងឺរលាកថ្លើមប្រភេទបេ និងសេមិនមែនជាជំងឺតពូជនោះទេ។
វាជាជំងឺដែលមានការឆ្លងលឿន ហើយចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរយៈការប៉ះពាល់ឈាម ការរួមភេទដោយមិនបានការពារ និងឆ្លងពីម្តាយទៅកូនក្នុងអំឡុងពេលសម្រាល៕