គ្រឹះស្ថាន អេហ្វអេចអេហ្វ ឃែភីថល ម.ក ប្រកាសជាផ្លូវការ គម្រោងឥណទាន សិស្ស-និស្សិត ដើម្បីទទួលបានការសិក្សា

ភ្នំពេញ៖ គ្រឹះស្ថានឥណទាន អេហ្វអេចអេហ្វ ឃែភីថល ម.ក (FHF CAPITAL PLC.) បានរៀបចំសិក្ខាសាលាស្តីពី គម្រោងឥណទាន សិស្ស-និស្សិត ក្រោមពាក្យស្លោក “គ្មានប្រាក់ ក៏អាចរៀនបាន” ដោយមានការចូលរួមពី ម្ចាស់អាជីវកម្ម សាស្រ្តាចារ្យ តំណាងគ្រឹះស្ថានអប់រំ អង្គការ និងសិស្ស-និស្សិត ប្រមាណជិត 80 នាក់ កាលពីថ្ងៃទី 08 មិថុនា 2024 កន្លងទៅនេះ។

 
គ្រឹះស្ថាន អេហ្វអេចអេហ្វ ឃែភីថល ម.ក ប្រកាសជាផ្លូវការ គម្រោងឥណទាន សិស្ស-និស្សិត ដើម្បីទទួលបានការសិក្សា

លោក កុក ថា អគ្គនាយកនៃគ្រឹះស្ថាន អេហ្វអេចអេហ្វ ឃែភីថល ម.ក បានមានលើកឡើងថា សិក្ខាសាលានេះមានគោលបំណងជំរុញផ្សព្វផ្សាយពីសារៈសំខាន់នៃគម្រោងឥណទាន ឬកម្ចីសម្រាប់ សិស្ស-និស្សិត ទៅកាន់ភាគីពាក់ព័ន្ធដូចជាតំណាងមកពីបណ្តាគ្រឹះស្ថានអប់រំ ប្រធានក្លឹបយុវជន ម្ចាស់អាជីវកម្ម ក៏ដូចជាសិស្ស-និស្សិតផ្ទាល់យល់ដឹងកាន់តែច្បាស់អំពីគម្រោង។

គម្រោងឥណទាន សិស្ស-និស្សិត មានទិសដៅលើកស្ទួយវិស័យអប់រំ និងកសាងធនធានមនុស្សនៅព្រះរាជាណាចក្រកម្ពុជា តាមរយៈការជួយដល់សិស្ស និងនិស្សិតក្រីក្រ ដែលមានបំណងចង់បន្ដការសិក្សា រៀនជំនាញ និងពង្រឹងសមត្ថភាព។ នេះបើតាមការបញ្ជាក់របស់លោក កុក ថា។

លោកបានសង្កត់ធ្ងន់ថា តាមរយៈគម្រោងនេះ សិស្ស-និស្សិត មិនត្រឹមតែមានលទ្ធភាពទទួលបានកម្ចីសម្រាប់បង់ថ្លៃសិក្សា រៀនជំនាញវិជ្ជាជីវៈ ទិញសម្ភារៈផ្គត់ផ្គង់ ឬបំពេញតម្រូវការសម្រាប់ការសិក្សារបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែល សិស្ស-និស្សិត នឹងទទួលបានលើសពីកម្ចីនោះគឺ សិស្ស-និស្សិត នឹងរៀនមានវិន័យហិរញ្ញវត្ថុសម្រាប់ខ្លួនឯង ធ្វើឲ្យសិស្ស-និស្សិតយល់ពីសារ:សំខាន់ក្នុងការប្រើប្រាស់កម្ចីឲ្យមានគុណប្រយោជន៍។

ជាមួយគ្នា​ កម្ចីសម្រាប់សិស្ស-និស្សិត ក៏នឹងរួមចំណែកសម្រាលបន្ទុកអ្នកអាណាព្យាបាលរបស់ សិស្ស-និស្សិត ដែលខ្វះលទ្ធភាពសម្រាប់ការសិក្សាបានមួយកម្រិតផងដែរ។

ក្នុងសិក្ខាសាលាដែលមានរយៈពេលពេញមួយរសៀលនេះ លោក អគ្គនាយក ក៏បានបញ្ជាក់បន្ថែមថា វាជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយ ដែលគ្រឹះស្ថានបានប្រកាសដាក់ឲ្យប្រើប្រាស់គម្រោងឥណទាន សិស្ស-និស្សិត ជាផ្លូវការ ហើយលោកជឿជាក់ថា គម្រោងមួយនេះ នឹងក្លាយទៅជាគម្រោងឥណទានគំរូមួយក្នុងប្រទេសកម្ពុជា។

ក្រៅពីគម្រោងឥណទាន សិស្ស-និស្សិត គ្រឹះស្ថានក៏មានផ្តល់ជាគម្រោងឥណទាន ឬកម្ចីទូទៅផងដែរ។ គ្រឹះស្ថានឥណទាន អេហ្វអេចអេហ្វ ឃែភីថល ម.ក មានទស្សនវិស័យក្លាយទៅជាស្ថាប័នជំនួញសង្គមដ៏ធំមួយនៅព្រះរាជាណាចក្រកម្ពុជា ដែលដើរតួនាទីសំខាន់ក្នុងការកសាងធនធានយុវជន និងយុវសហគ្រិន។

លោក ឌី ស៊ីថា ប្រធានក្លឹបគ្រឹះស្ថានឥណទានជនបទ (RCIs Club) បានសាទរយ៉ាងកក់ក្តៅ និងមានមោទនភាពយ៉ាងក្រៃលែងចំពោះគម្រោងឥណទាន សិស្ស-និស្សិត។ លោកក៏បានកោតសរសើរមិនដាច់ពីមាត់ផងដែរអំពីការឈានជើងរបស់គ្រឹះស្ថាន និងសកម្មភាពនាំមុខក្នុងការដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៃគម្រោងឥណទាន សិស្ស-និស្សិត។

លោកក៏បានផ្តល់នូវអនុសាសន៍ដ៏សំខាន់ចំនួន 3 ចំណុច ដើម្បីគ្រឹះស្ថាន អេហ្វអេចអេហ្វ ឃែភីថល ម.ក ទទួលបានជោគជ័យកាន់តែរឹងមាំចំពោះគម្រោងឥណទាន សិស្ស-និស្សិត របស់ខ្លួន ដោយក្នុងនោះ គ្រឹះស្ថានត្រូវសិក្សាឲ្យបានច្បាស់លាស់ពីព័ត៌មានលម្អិតរបស់សិស្ស-និស្សិត។ ពេលផ្តល់កម្ចីហើយត្រូវមានការតាមដាន ដើម្បីឲ្យប្រាកដថា កម្ចីដែលសិស្ស-និស្សិតទទួលបាន ពិតជាប្រើប្រាស់ត្រូវតាមគោលដៅ ឬគោលបំណង និងតម្រូវឲ្យមានអ្នកធានាច្បាស់លាស់ ដើម្បីធានាថា កម្ចីដែលផ្តល់ឲ្យសិស្ស-និស្សិត នឹងត្រូវបានប្រើប្រាស់ជាគុណប្រយោជន៍ បម្រើដល់ការសិក្សា និងប្រកបដោយការទទួលខុសត្រូវ។

លោកស្រី តុង ចាន់ធាង សមាជិកក្រុមប្រឹក្សាភិបាល នៃគ្រឹះស្ថានឥណទាន អេហ្វអេចអេហ្វ ឃែភីថល ម.ក​ បានមានប្រសាសន៍ថា អ្វីដែល គ្រឹះស្ថានកំពុងធ្វើ ពិតជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមចំណែកស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្សក្នុងប្រទេសកម្ពុជា។

លោកស្រីបានលើកឡើងបន្ថែមថា អេហ្វអេចអេហ្វ ឃែភីថល ម.ក ជាគ្រឹះស្ថានដែលទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា និងអនុលោមតាមគោលការណ៍ច្បាប់នៃនិយ័តករ និងក្រសួងពាក់ព័ន្ធនា ដោយមានបេសកកម្ម ផ្តល់សេវាហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជន និងសិស្ស-និស្សិត ចែករំលែក និងពង្រឹងចំណេះដឹងហិរញ្ញវត្ថុ ជំនាញ បទពិសោធន៍។

គ្រឹះស្ថានឥណទាន អេហ្វអេចអេហ្វ ឃែភីថល ម.ក ក៏ផ្តោតសំខាន់លើការចូលរួមចំណែកពង្រឹងបរិយាបន្នហិរញ្ញវត្ថុ  កិច្ចគាំពារអតិថិជន និងការផ្តល់ប្រាក់កម្ចីប្រកបដោយទំនួលខុសត្រូវផងដែរ។ នេះបើតាមលោកស្រី តុង ចាន់ធាង៕