អាជ្ញាធរជាតិអប្សរាត្រៀមរៀបចំដំណើរការវង់ទស្សនាថ្មីនៅប្រាសាទនាគព័ន្ធ

MC.អាជ្ញាធរជាតិអប្សរា កំពុងគិតគូរពីការរៀបចំវង់ទស្សនាថ្មីមួយ នៅប្រាសាទនាគព័ន្ធ ដើម្បីសម្រួលការទស្សនារបស់ភ្ញៀវ ជាពិសេសលើកតម្លៃប្រាសាទនាគព័ន្ធ។

 
អាជ្ញាធរជាតិអប្សរាត្រៀមរៀបចំដំណើរការវង់ទស្សនាថ្មីនៅប្រាសាទនាគព័ន្ធ

លោក សេង សុធារ៉ា អនុ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ នៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ការគិតគូររៀបចំវង់ទស្សនាថ្មី នៅប្រាសាទនាគព័ន្ធ ក្នុងគោល បំណងលើកស្ទួយតម្លៃនៃប្រាសាទជាស្នាដៃក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ដែលមានតាំងទីនៅចំកណ្តាលផ្ទៃទឹកបារាយណ៍ជ័យតដាក (បារាយណ៍ខាងជើង) ព្រម ទាំងផ្តល់ជូនភ្ញៀវទេសចរ នូវបទពិសោធន៍ទស្សនាថ្មីៗ ប្រកបដោយសុវត្ថិភាព។

លោកបន្តថា ខ្សែទស្សនាថ្មីនៅប្រាសាទនាគព័ន្ធនេះ គ្រោងរៀបចំជា៣ប្រភេទមាន ១.ខ្សែទស្សនាក្នុងប្រាសាទ នឹងនាំភ្ញៀវទេសចរឱ្យដើរទស្សនាបានគ្រប់ជ្រុងទាំង៤ នៃប្រាសាទរាងកាកបាទនេះ ព្រមទាំងអាចផ្តិត យករូបភាពរួមស្អាតៗនៃប្រាសាទផងដែរ។

ទី២.ខ្សែទស្សនាក្រៅប្រាសាទ ជាខ្សែទស្សនាថ្មីដែលក្រុមការងារចំណាយ ពេលសិក្សាស្រាវជ្រាវ និងរៀបចំ ដែលខ្សែទស្សនានេះ នឹងអនុញ្ញាតឱ្យទេសចរអាចស្វែងយល់ពីរចនាសម្ព័ន្ធនៃកោះដែលមានប្រាសាទនៅកណ្តាល ព្រមទាំងទេសភាព ធម្មជាតិ និងសត្វដែលមានវត្តមាននៅទីនេះ បូករួមទាំងការទស្សនាប្រាសាទផងដែរ។

ទី៣. ខ្សែទស្សនាសម្រាប់ទេសចរជិះទូក ក្នុងបំណងលើកស្ទួយជីវភាពប្រជាជនក្នុងតំបន់អង្គរ និងការគិតគូរពីបរិស្ថាន ខ្សែទស្សនាពិសេសមួយ ដែលមិនត្រឹមតែជួយជ្រោមជ្រែងសកម្មភាពសហគមន៍ទេសចរណ៍ទូកនោះទេ គឺថែមទាំងធ្វើឱ្យប្រាសាទមានជីវិតរស់ឡើងវិញផងដែរ។ បានន័យថា ផែខាងកើត និងខាងលិចនៃប្រាសាទនាគព័ន្ធនឹងត្រូវមានដំណើរការម្តងទៀត ព្រោះថាភ្ញៀវទេសចរនឹងចាប់ផ្តើមការទស្សនាដោយជិះទូកចេញពីផែនៅខាងកើតប្រាសាទព្រះខ័ន មកឈប់ចតនៅផែខាងលិចនៃនាគព័ន្ធ។

ដើម្បីលើកតម្លៃប្រាសាទនាគព័ន្ធ ឱ្យភ្ញៀវទេសចរគាត់អាចមើលគ្រប់គុណតម្លៃរបស់ប្រាសាទ បច្ចុប្បន្ននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ សហការជាមួយនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ សារមន្ទីរនិងបទដ្ឋានបេតិកភ័ណ្ឌបានធ្វើការសិក្សារួចរាល់ហើយ អំពីវង់ទស្សនានៅប្រាសាទនាគព័ន្ធ ភ្ញៀវគាត់អាចដើរក្នុងវង់ទស្សនាហ្នឹងមាន៤ ដែលយើងរៀបចំខុសប្លែកពីកន្លែងផ្សេងៗ ។ គាត់អាចមើលឃើញប្រាសាទនាគព័ន្ធ នៅវង់ខាងក្នុង ហើយយើងនឹងរៀបចំវង់ទស្សនាខាងក្រៅទៀត ដើម្បីឱ្យភ្ញៀវអាចមើល ឃើញបារាយណ៍ ដែលសម្គាល់ថានាគព័ន្ធជាប្រាសាទ ដែលនៅកណ្តាលនៃបារាយណ៍ខាងកើត ហើយយើងនឹងរៀបចំវង់ទស្សនា សម្រាប់អ្នកពិការដែរ មួយ ទៀតសម្រាប់ទូក សម្រាប់អ្នកដែលចាប់អារម្មណ៍នឹងការធ្វើដំណើរដោយទូក យើងអាចធ្វើដំណើរពីប្រាសាទព្រះ ខ័ន ខាងកើត មកចតនៅខាង លិចនាគព័ន្ធ ដោយយើងនឹងរៀបចំធ្វើជាផែមួយ វាជាគម្រោងទៅថ្ងៃអនាគត យើងរៀបចំផែមួយនៅខាងលិច និងមួយនៅខាងកើត។

លោក សេង សុធារ៉ា បន្តទៀតថា សំណើខ្សែទស្សនាខាងលើ នឹងត្រូវដាក់ជូនអ្នកជំនាញការ និងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាពិនិត្យ និងវាយតម្លៃ អនុម័ត មុននឹងឈានទៅដាក់ដំណើរការ ក្រោយពេលស្ពានប្រាសាទនាគព័ន្ធត្រូវបានស្ថាបនារួច។

សូមបញ្ជាក់ថា កន្លងមកអាជ្ញាធរជាតិអប្សរា ធ្លាប់បានរៀបចំវង់ទស្សនា នៅតាមប្រាសាទផ្សេងៗជាច្រើនរួចមកហើយ ដូចជា នៅប្រាសាទ អង្គរវត្ត ប្រាសាទតាព្រហ្ម ប្រាសាទបន្ទាយស្រី និងប្រាសាទភ្នំក្រោមជាដើម។ ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរាក៏កំពុងគិតគូរ ក្នុងការ រៀបចំតាមប្រាសាទដទៃទៀតផងដែរ ក្នុងន័យរៀបចំរំហូរវង់ទស្សនារបស់ទេសចរ និងលើកពីគុណតម្លៃប្រាសាទទាំងនោះជាដើម៕

Join Telegram https://t.me/cngtvcambodia

ប្រភព៖ ក្រសួងព័ត៌មាន