រាជរដ្ឋាភិបាលកម្ពុជាចេញបទបញ្ជាដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេសក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩

រាជរដ្ឋាភិបាលកម្ពុជាបានចេញបទបញ្ជាឲ្យអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់បិទការធ្វើដំណើរក្នុងប្រទេសពីរាជធានីភ្នំពេញទៅកាន់បណ្ដាខេត្ត និងការធ្វើដំណើរពីខេត្តមួយ ទៅខេត្តមួយទៀត រហូតដល់ពីស្រុកមួយ ទៅស្រុកមួយ។

 
រាជរដ្ឋាភិបាលកម្ពុជាចេញបទបញ្ជាដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេសក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩
Photo Credit: FB @Samdech Hun Sen, Cambodian Prime Minister

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានចេញបទបញ្ជាឲ្យអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់បិទការធ្វើដំណើរក្នុងប្រទេសពីរាជធានីភ្នំពេញទៅកាន់បណ្ដាខេត្ត និងការធ្វើដំណើរពីខេត្តមួយ ទៅខេត្តមួយទៀត រហូតដល់ពីស្រុកមួយ ទៅស្រុកមួយ ដោយចាប់អនុវត្តពីម៉ោង២៤ ថ្ងៃទី០៩ រហូតដល់ម៉ោង ២៤ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។ នេះបើយោងតាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជាចេញផ្សាយថ្ងៃទី០៩ មេសា ២០២០នេះ។

ការដាក់ចេញនូវបទបញ្ជានេះគឺដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ នៅក្នុងកាលៈទេសៈពិសេសនាបច្ចុប្បន្នមិនឲ្យជំងឺនេះរាលដាលឈានចេញពីដំណាក់កាល នៃការឆ្លងដោយសារការនាំចូលពីប្រភពខាងក្រៅទៅដល់ដំណាក់កាលនៃការឆ្លងរាលដាលរវាងប្រជាជនក្នុងសហគមន៍នៅក្នុងប្រទេស។

បញ្ជានេះបានបញ្ជាក់យ៉ាងដូច្នេះថា៖

១. ហាមឃាត់ការធ្វើដំណើរនៅផ្ទៃក្នុងប្រទេស រួមមានការធ្វើដំណើរឆ្លងកាត់ចេញ-ចូលរាជធានីភ្នំពេញ (ដោយមិនប៉ះពាល់ដល់ការធ្វើដំណើរផ្ទៃក្នុងរាជធានីភ្នំពេញនោះទេ) ការធ្វើដំណើរឆ្លងកាត់ពីស្រុកមួយទៅស្រុកមួយ និងការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយទៀត។

២. ការហាមឃាត់នេះត្រូវបានលើកលែងចំពោះ៖

  • ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ទាំងតាមផ្លូវគោក ផ្លូវទឹក និងផ្លូវដែក
  • រថយន្ត និងមធ្យោបាយធ្វើដំណើររបស់មន្ត្រីរាជការស៊ីវិលគ្រប់ស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលដៅបំពេញការងារប្រចាំថ្ងៃ ដែលម្ចាស់យានយន្តត្រូវ បង្ហាញដល់កងកម្លាំងមានសមត្ថកិច្ចត្រួតពិនិត្យនូវអត្តសញ្ញាណបណ្ណការងាររបស់ខ្លួន
  • រថយន្ត និងមធ្យោបាយធ្វើដំណើររបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងគោលដៅបំពេញភារកិច្ចរបស់ខ្លួន
  • រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យរដ្ឋ និងឯកជន
  • រថយន្តពន្លត់អគ្គីភ័យ
  • រថយន្តបម្រើសេវាដឹកជញ្ជូនសំរាម និងកាកសំណល់
  • ការដឹកជញ្ជូនកម្មករទៅកាន់ទីកន្លែងការងារនៅតាមរោងចក្រ-សហគ្រាស ដែលត្រូវមានបណ្ណអនុញ្ញាតចេញដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឬ មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
  • ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅកាន់មន្ទីរពេទ្យ ឬ មណ្ឌលសុខភាព ដែលនៅជិត បំផុត ដើម្បីទទួលបាននូវសេវាសុខភាពចាំបាច់ និងបន្ទាន់ ដោយកំណត់ចំនួនមនុស្ស មិនឱ្យលើសពី ៤ (បួន) នាក់ សម្រាប់ករណីនីមួយៗ ។

សូមបញ្ជាក់ផងដែរថា បទបញ្ជានេះមានប្រសិទ្ធភាពអនុវត្តចាប់ពីម៉ោង ២៤:០០ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ រហូតដល់ម៉ោង ២៤:០០ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០៕

ដោយ៖ ចាប មិថុនា