CDC កូរ៉េ៖ អ្នកជំងឺកូវីដ១៩ដែលបានជាសះស្បើយហើយ អាចនឹងកើតឡើងវិញ

មជ្ឈមណ្ឌលការពារ និងគ្រប់គ្រងជំងឺឆ្លងកូរ៉េ (CDC) បាននិយាយថា វីរុសកូវីដ១៩អាចនឹង “កើតឡើងវិញ” ទៅលើអ្នកជំងឺដែលត្រូវបានព្យាបាលជាហើយ។

 
CDC កូរ៉េ៖ អ្នកជំងឺកូវីដ១៩ដែលបានជាសះស្បើយហើយ អាចនឹងកើតឡើងវិញ
Photo Credit: CNN

មជ្ឈមណ្ឌលការពារ និងគ្រប់គ្រងជំងឺឆ្លងកូរ៉េ (CDC) បាននិយាយថា វីរុសកូវីដ១៩អាចនឹង “កើតឡើងវិញ” ទៅលើអ្នកជំងឺដែលត្រូវបានព្យាបាលជាហើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg ថ្ងៃទី៩ មេសា ២០២០។

CDC កូរ៉េបានលើកឡើងកាលពីថ្ងៃចន្ទសប្តាហ៍នេះថា អ្នកជំងឺប្រមាណ៥១នាក់ ដែលបានចាត់ទុកថាបានជាសះស្បើយហើយក្នុងប្រទេសកូរ៉េ ត្រូវបានធ្វើតេស្តវិជ្ជមានឡើងវិញ។ ក្រៅពីការឆ្លង មេរោគនេះអាចកើតឡើងវិញបានក្នុងខ្លួនអ្នកជំងឺដែលបានជាទាំងនេះ ក្រោយពីបានធ្វើតេស្តជាថ្មីបន្ទាប់ពីចេញពីការនៅដាច់ដោយឡែក។ នេះបើតាមការលើកឡើងរបស់លោកស្រី Jeong Eun-kyeong, អគ្គនាយកមជ្ឈមណ្ឌលការពារ និងគ្រប់គ្រងជំងឺឆ្លងកូរ៉េ។

លោកស្រី Jeong Eun-kyeong បាននិយាយថា "ខណៈពេលដែលយើងកំពុងដាក់ទម្ងន់បន្ថែមលើសកម្មភាពដែលអាចធ្វើទៅបាន យើងកំពុងធ្វើការសិក្សាយ៉ាងទូលំទូលាយលើបញ្ហានេះ" ។ មានករណីជាច្រើននៅពេលដែលអ្នកជំងឺអំឡុងពេលព្យាបាលធ្វើតេស្តរកឃើញថាអវិជ្ជមាននៅថ្ងៃណាមួយ និងវិជ្ជមាននៅថ្ងៃផ្សេងទៀត”។

អ្នកជំងឺត្រូវបានគេចាត់ទុកថាជាសះស្បើយពេញលេញលុះត្រានៅពេលដែលការធ្វើតេស្តចំនួនពីរលើកធ្វើឡើងក្នុងចន្លោះពេល ២៤ ម៉ោងបង្ហាញថាលទ្ធផលអវិជ្ជមាន។

លោកស្រី Jeong Eun-kyeong បាននិយាយថា CDC កូរ៉េ នឹងបើកការស៊ើបអង្កេតទៅលើករណីទាំងនេះ។

កូរ៉េខាងត្បូងគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលបានឆ្លងការផ្ទុះឡើងនូវមេរោគឆ្លងកូវីដ១៩ទ្រង់ទ្រាយធំ ប៉ុន្តែប្រទេសនេះទើបតែមានអ្នកស្លាប់ប្រមាណ ២០០ នាក់ និងករណីថ្មីបានធ្លាក់ចុះបន្ទាប់ពីឆ្លងដល់ ១,១៨៩ ករណីកាលពីថ្ងៃទី ២៩ ខែកុម្ភៈ។ កម្មវិធីសាកល្បងដ៏ទូលំទូលាយបំផុតមួយរបស់ពិភពលោក និងវិធីសាស្រ្តជំរុញបច្ចេកវិទ្យា ដើម្បីតាមដានការឆ្លងបានឃើញថា ប្រទេសកូរ៉េទប់ស្កាត់ការរីករាលដាលរបស់ខ្លួនដោយមិនមានការបិទប្រទេស ឬអាជីវកម្មឡើយ។

ការភ័យខ្លាចនៃការឆ្លងឡើងវិញចំពោះអ្នកជំងឺដែលបានជាសះស្បើយហើយក៏កំពុងកើតមានឡើងផងដែរនៅក្នុងប្រទេសចិន ដែលវីរុសនេះបានកើតឡើងកាលពីខែធ្នូ ឆ្នាំ ២០១៩ បន្ទាប់ពីមានរបាយការណ៍ថា អ្នកខ្លះបានធ្វើតេស្តវិជ្ជមានម្តងទៀត ហើយអ្នកខ្លះថែមទាំងបានស្លាប់ដោយសារជំងឺនេះផងដែរ បន្ទាប់ពីស្មានថាជាសះស្បើយ និងចាកចេញពីមន្ទីរពេទ្យ។ មានការយល់ដឹងតិចតួចអំពីមូលហេតុដែលរឿងនេះកើតឡើង ទោះបីអ្នកខ្លះជឿថាបញ្ហាអាចស្ថិតក្នុងភាពមិនស៊ីចង្វាក់នឹងលទ្ធផលតេស្តក៏ដោយ។

គិតត្រឹមថ្ងៃពុធប្រទេសកូរ៉េខាងត្បូងមានករណីឆ្លងជំងឺកូវីដ១៩ចំនួន ១០,៣៨៤ ករណី ដោយមានអ្នកជាចំនួន ៦,៧៧៦ នាក់ចេញពីមន្ទីរពេទ្យ។ នេះបើយោងតាមទិន្នន័យដែលត្រូវបានចងក្រងដោយសាកលវិទ្យាល័យ Johns Hopkins University និងសារព័ត៌មាន Bloomberg៕

ប្រភព​៖ Bloomberg ប្រែសម្រួលដោយ៖ ចាប មិថុនា