ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចេញវិធានការ៤ចំណុច ដើម្បីបង្ការជំងឺកូវីដ១៩ ក្នុងអំឡុងពេលលើកការឈប់សម្រាកបុណ្យចូលឆ្នាំថ្មី
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងទី០៩ ខែមេសា ឆ្នាំ២០២០ មុននេះបន្តិច អំពីវិធានការ៤ចំណុច ដើម្បីបង្ការជំងឺកូវីដ១៩ នៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ក្នុងអំឡុងពេលលើកការឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ។
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងទី០៩ ខែមេសា ឆ្នាំ២០២០ មុននេះបន្តិច អំពីវិធានការ៤ចំណុច ដើម្បីបង្ការជំងឺកូវីដ១៩ នៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ក្នុងអំឡុងពេលលើកការឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ។
ក្រសួងការងារបានបញ្ជាក់បន្ថែមដល់ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតទាំងអស់ដែលស្ថិតក្នុងដែនអនុវត្តន៍នៃច្បាប់ស្ដីពីការងារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២០ នេះ ដូចខាងក្រោម៖
- កម្មករនិយោជិតត្រូវបន្តធ្វើការដូចថ្ងៃធម្មតានៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន របស់ខ្លួន។
- ករណីកម្មករនិយោជិតណាម្នាក់ឈប់សម្រាកក្នុងអំឡុងពេលនេះដោយឯកឯង នោះកម្មករន៏យោជិត នឹងត្រូវដាក់ក្នុងវិធានចត្តាឡីស័កសុខាភិបាល (ការដាក់ឱ្យនៅដោយឡែក) រយៈពេល ១៤ថ្ងៃ មុនចូលបំពេញ ការងារវិញ នឹងមិនទទួលបានប្រាក់ឈ្នួល ក្នុងរយៈពេលធ្វើចត្តាឡីស័កនេះឡើយ។
- ករណីកម្មករនិយោជិតណាម្នាក់ឈប់សម្រាកក្នុងអំឡុងពេលនេះ ដោយមានការអនុញ្ញាតពីនិយោជក នោះកម្មករនិយោជិតនឹងត្រូវដាក់ក្នុងវិធានចត្តាឡីស័កសុខាភិបាល (ការដាក់ឱ្យនៅដោយឡែក) រយៈពេល ១៤ថ្ងៃ មុនចូលបំពេញការងារវិញ និងទទួលបានប្រាក់ឈ្នួលពីនិយោជក ក្នុងរយៈពេលធ្វើចត្តាឡីស័កនេះ។
- និយោជកត្រូវចាត់ចែងឱ្យមានបញ្ជីឈ្មោះកម្មករនិយោជិតដែលឈប់សម្រាកក្នុងអំឡុងពេលនេះ ដើម្បីផ្តល់ជូនអាជ្ញាធរមានសមត្ថកិច្ចក្នុងការអនុវត្តវិធានចត្តាឡីស័កសុខាភិបាល (ការដាក់ឱ្យនៅដោយឡែក)។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសូមឲ្យម្ចាស់ ឬនាយករោងចក្រ សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតទាំងអស់ ជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា។
ក្រសួងមានសេចក្ដីជឿជាក់ថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត ទាំងអស់នឹងអនុវត្តតាមសេចក្ដីជូនដំណឹងនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់៕
ដោយ៖ ចាប មិថុនា