វិបត្តិនៅមជ្ឈិមបូព៌ាបង្កឱ្យមានភាពវឹកវរដល់ជើងហោះហើរអន្តរជាតិ ខណ:ក្រុមហ៊ុនអាកាសចរណ៍ និងអ្នកដំណើររាប់ម៉ឺននាក់ត្រូវជាប់គាំង និងបង្ខំចិត្តប្តូរទិសដៅភ្លាមៗ
ការវាយប្រហារថ្មីៗនេះ តាមអាកាសទៅលើប្រទេសអ៊ីរ៉ង់ កំពុងបង្កឱ្យមានការរំខានយ៉ាងខ្លាំងដល់ប្រព័ន្ធដឹកជញ្ជូនផ្លូវអាកាសពិភពលោក ដែលធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍ និងអ្នកដំណើររាប់ម៉ឺននាក់ត្រូវជាប់គាំង និងបង្ខំចិត្តប្តូរទិសដៅភ្លាមៗ។

បើទោះបីជាពិភពលោកបានត្រៀមលក្ខណៈសម្រាប់លទ្ធភាពនៃការវាយប្រហារលើអ៊ីរ៉ង់ក៏ដោយ ប៉ុន្តែទំហំ និងភាពអាសន្ននៃព្រឹត្តិការណ៍នេះ បានធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិជាច្រើនមានការភ្ញាក់ផ្អើល និងខ្វះការត្រៀមខ្លួនជាមុន។
ប្រទេសជាច្រើនក្នុងតំបន់មជ្ឈិមបូព៌ា រួមមាន អ៊ីរ៉ង់ អ៊ីរ៉ាក់ ហ្សកដានី និងអ៊ីស្រាអែល បានប្រកាសបិទដែនអាកាសរបស់ខ្លួនភ្លាមៗ ដើម្បីសុវត្ថិភាព។ បញ្ហាទាំងនេះបានធ្វើឱ្យយន្តហោះដែលកំពុងហោះហើរនៅលើមេឃ ត្រូវបង្ខំចិត្តបត់ត្រឡប់ក្រោយ ឬចុះចតនៅប្រទេសជិតខាងជំនួសវិញ ខណៈអ្នកដំណើរមួយចំនួនត្រូវជាប់គាំងនៅតាមព្រលានយន្តហោះអន្តរជាតិ។
សូមជម្រាបថា ក្រុមហ៊ុនអាកាសចរណ៍ធំៗដូចជា Qantas, Emirates និង Qatar Airways បានប្រកាសលុបចោល ឬកែសម្រួលផ្លូវហោះហើររបស់ខ្លួន ដើម្បីជៀសវាងតំបន់ជម្លោះ ដែលនាំឱ្យមានការយឺតយ៉ាវជាច្រើនម៉ោង និងបង្កើនការចំណាយលើប្រេងឥន្ធនៈ។
គិតមកទល់ពេលនេះ ស្ថានការណ៍នៅតែមានភាពមិនច្បាស់លាស់ ហើយអ្នកដំណើរត្រូវបានណែនាំឱ្យតាមដានព័ត៌មានពីក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួនឱ្យបានជាប់លាប់៕

ប្រភព៖ 7NEWS Brisbane


















