លោក ស៊ីជីនពីង នឹងធ្វើឲ្យប្រទេសចិនឈប់បញ្ចេញឧស្ម័នកាបូនិចទៅក្នុងបរិយាកាសផែនដីនៅត្រឹមឆ្នាំ២០៦០
ប៉េកាំង៖ ថ្នាក់ដឹកនាំចិននឹងបើកកិច្ចពិភាក្សាអំពីវិធានការថ្មីមួយប្រកបដោយមហិច្ឆតានៅថ្ងៃច័ន្ទនេះ ដើម្បីដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ ស្ថិតក្រោមផែនការ៥ឆ្នាំនៃការអភិវឌ្ឍប្រទេសចិន បន្ទាប់ពីប្រធានាធិបតីចិន ស៊ី ជីនពីង បានសន្យាថា នឹងធ្វើឲ្យចិនក្លាយជាប្រទេស ដែលមិនបញ្ចេញឧស្ម័នកាបូនិចទៅក្នុងបរិយាកាសឲ្យបាននៅត្រឹមឆ្នាំ២០៦០។
លោក ស៊ីជីនពីង បង្ហាញថា បម្រែបម្រួលអាកាសធាតុ គឺជាចំណុចកណ្តាលនៃយុទ្ធសាស្ត្រសេដ្ឋកិច្ច និងផែនការអភិវឌ្ឍចិន ដែលប្រការនេះមានន័យថា ហេដ្ឋារចនាសម្ព័ន្ធរបស់ចិនទាំងមូលនឹងត្រូវប្រឈមមុខនឹងការផ្លាស់ប្តូរជាលក្ខណៈប្រព័ន្ធតែម្តង។
មិនតែប៉ុណ្ណោះ ក្រុមអ្នកជំនាញខាងផ្នែកបរិស្ថាន បានឲ្យដឹងថា បើគេអភិវឌ្ឍផែនការនេះ ចិននឹងចាំបាច់ត្រូវតែកាត់បន្ថយការប្រើប្រាស់ធ្យូងថ្មនៅក្នុងវិស័យថាមពលចម្រុះរបស់ខ្លួនចាប់ពី ៥៨% ដូចកាលពីឆ្នាំ២០១៩ ឲ្យតិចជាង ៥០% នៅត្រឹមឆ្នាំ២០២៥៕
សូមទស្សនាវីដេអូ៖
ប្រភព៖ CNA, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ