ឯកឧត្តម ហួត ហាក់ ប្រធានក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ) អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ ឆ្នាំ២០២៦
ស្ថិតនៅក្នុងគ្រាដ៏លំបាក ដែលវិស័យទេសចរណ៍កំពុងប្រឈមនឹងឧបសគ្គនិងទទួលរងនូវឥទ្ធិពលពីកត្តាខាងក្រៅជាច្រើន, ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ) កាន់តែបង្កើនសន្ទុះសកម្មភាពទៅមុខ និង ជំរុញការផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅក្រៅប្រទេស កាន់តែខ្លាំងក្លា ស្របតាមទស្សនទាន កាន់តែជួបឧបសគ្គ កាន់តែមានភាពធន់នឹងវិបត្តិ។
និងលើកទិសដៅការងារបន្តត្រីមាសទី២ ឆ្នាំ២០២៦ របស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី តំណាងរដ្ឋ និង វិស័យឯកជន ដែលជាសមាជិកក្រុមប្រឹក្សាភិបាល ឯកឧត្តមនាយកប្រតិបត្តិ និងអង្គភាពប្រតិបត្តិនៃក.ផ.ផ ក្នុងគោលបំណងពិនិត្យលើវឌ្ឍនភាពការងារសម្រេចបាន, វិភាគ និងវាយតម្លៃលើស្ថិតិទេសចរណ៍ ស្ថានភាពទេសចរណ៍ ក្នុងប្រទេស តំបន់ និងពិភពលោក ព្រមទាំងកំណត់នូវកត្តាហានិភ័យនានា ក៏ដូចជាកាលានុវត្តភាព ដើម្បីដាក់ចេញនូវយុទ្ធសាស្ត្រគន្លឹះ និងផែនការសកម្មភាពឱ្យចំគោលដៅ ទាន់ពេលវេលា មានភាពបត់បែន និងឆ្លើយតបបានទៅនឹងស្ថានភាពបច្ចុប្បន្ន និង រយៈពេលមធ្យម ដែលជាទិសដៅការងារបន្ត។
ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី និងជាប្រធាន ក.ផ.ផ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលសម្រេចបានក្នុងត្រីមាសទី១ ដែលចាត់ទុកថានេះជាតម្លៃបន្ថែមក្នុងការជំរុញការផ្សព្វផ្សាយអំពីសក្ដានុពលទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ និងគាំទ្រលើទិសដៅការងារបន្ត ក្នុងនោះត្រូវយកចិត្តទុកដាក់លើការងារមួយចំនួន រួមមាន៖ (១)ការចូលរួមជំរុញការផ្សព្វផ្សាយអំពីយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង (Visit Cambodia in Green Season Campaign) (ចាប់ពីខែឧសភា ដល់តុលា) ដោយផ្សារភ្ជាប់គំនិតផ្តួចផ្តើម “The Green Wonder” របស់ (ក.ផ.ផ), (២)ការរៀបចំផែនការគាំទ្រដល់ការលើកលែងទិដ្ឋាការសម្រាប់ប្រជាពលរដ្ឋចិន កាន់លិខិតឆ្លងដែន PRC ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦, (៣) ការធ្វើពិពិធកម្មទីផ្សារទេសចរណ៍ ប្រកបដោយភាពបត់បែន, (៤) ជំរុញយុទ្ធនាការចាក់ទឹកថ្លាក្នុងទឹកល្អក់ ដើម្បីលើកកម្ពស់កិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិ,និង(៥) រៀបចំផែនការយុទ្ធសាស្ត្រក្នុងការចូលរួមផ្សព្វផ្សាយអំពីការរៀបចំកិច្ចប្រជុំ កំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រនេះ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ទៅកាន់ទីផ្សារគោលដៅ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរ និងវិនិយោគិនបរទេសមកកម្ពុជាឱ្យបានកាន់តែច្រើន។





ប្រភព៖ ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia






































