សន្និសីទសារព័ត៌មាន៖ “ពិព័រណ៍ជំនាញ និងការងារ ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ” “JOBS & SKILLS SUMMIT 2023”

(ភ្នំពេញ-ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣)៖ ពិព័រណ៍ជំនាញ និងការងារ ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ “JOBS & SKILLS SUMMIT 2023” ដែលនឹងធ្វើឡើងនៅវិទ្យាល័យជាតិគ្រប់គ្រង ថ្ងៃទី២៩-៣០ ខែកញ្ញា ឆ្នាំ២០២៣។ កម្មវិធី JOBS & SKILLS SUMMIT ឡើងក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងស្អិតរមួតរវាង គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ជាមួយនឹងសិស្សានុសិស្ស ព្រមទាំងសាធារណៈជន ដើម្បីស្វែងយល់ឲ្យកាន់តែស៊ីជម្រៅអំពីឱកាសហាត់ការ និងឱកាសការងារ ជាច្រើនកន្លែង ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងការរីកដុះដាលយ៉ាងខ្លាំងក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។

 
សន្និសីទសារព័ត៌មាន៖ “ពិព័រណ៍ជំនាញ និងការងារ ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ” “JOBS & SKILLS SUMMIT 2023”

កម្មវិធីនេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការជាមួយសមាគមនធនាគារនៅកម្ពុជា (ABC) សាកលវិទ្យាល័យជាតិគ្រប់គ្រង មជ្ឈមណ្ឌលការងារនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង និងសាលាថេក (Salatech Pte. Ltd) ព្រមទាំងគ្រឹះស្ថានធនាគារ​និងហិរញ្ញវត្ថុ ជិត ២០ស្ថាប័ន​​ នឹងមានវត្តមានដាក់ស្តង់ជ្រើសរើសបុគ្គលិក បង្ហាញអំពីឳកាសការងារ វប្បធម៌ការងារ និងធ្វើបទបង្ហាញពិសេសខ្លីៗអំពីការអភិវឌ្ឍខ្លួន និងការពង្រីកចំណេះដឹង ជូនដល់ប្អូនៗសិស្សានុសិស្ស​ និងសាធារណៈជន ក្នុងកិច្ចការវិវឌ្ឍខ្លួនឲ្យក្លាយជាបុគ្គលិក ពោរពេញទៅដោយទេព្យកោសល្យ និងជាធនធានដ៏ពិសេស សម្រាប់បម្រើការងារ និងជួយទៅដល់ការរីកចំរើនរបស់វិស័យធនាការ និង ហិរញ្ញវត្ថុនៅប្រទេសកម្ពុជាផងដែរ។ 

ក្នុង​សន្និសីទសារព័ត៌មាន កាលពី​ព្រឹក​ថ្ងៃទី ៦ ខែ​កញ្ញា ឆ្នាំ​២០២៣ នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង លោក ស៊ូ វិសាល នាយក​គ្រប់គ្រង​ទូទៅ វិទ្យាស្ថាន​ធនាគារ និងហិរញ្ញវត្ថុ បាន​កត់សម្គាល់​ថា៖ «នា​ទសវត្សរ៍​ចុង​ក្រោយនេះ វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ មាន​ការរីកចម្រើន​គួរ​ឱ្យ​កត់​សម្គាល់ ហើយ​តម្រូវការ​ធនធាន​មនុស្ស​ ដែល​មាន​ភាពឈ្លាសវៃ សកម្ម និង​ទេពកោសល្យ ប្រកប​ដោយ​គំនិត​ផ្តួចផ្តើម និង​ការ​ច្នៃប្រឌិត​ខ្ពស់​ពិតជា​ចាំបាច់»។

លោក​បាន​បញ្ជាក់​ទៀត​ថា៖ «នេះ​ជា​លើកដំបូង​ដែល​វិទ្យាស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​បាន​រៀបចំពិព័រណ៍​ការងារ និង​ជំនាញ​ដែល​ផ្តោត​ទៅ​លើ​វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ដោយ​មាន​ស្ថាប័នធនាគារ និង​ហិរញ្ញវត្ថុ​ចំនួន​ជិត ២០ ស្ថាប័ន នឹង​ចូលរួម​ដាក់​តាំង​ស្តង់​បង្ហាញ​ពី​ឱកាស​ការហាត់ហារ និង ការងារ ជាង ​៤០០០ មុខ​តំណែង»។

ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការ សាកលវិទ្យាល័យជាតិគ្រប់គ្របបានថ្លែងថា៖ “គោលបំណងផ្សាយការធ្វើពិព័រណ៍ការងារនាខែកញ្ញាខាងមុខនេះ ពិពណ៍នេះពាក់ព័ន្ធនឹងវិស័យការងារនៅក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារ ជាព្រឹត្តិការណ៍ដែលមានសារៈសំខាន់ ហើយក្នុងឳកាសនេះដែរខ្ញុំសូមជម្រាបថា សាកលវិទ្យាល័យជាតិគ្រប់គ្រងបានចុះកិច្ចព្រមព្រៀងជាមួយវិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុមួយឆ្នាំហើយ ហើយក្នុងកិច្ចព្រមព្រៀងនោះស៊ីជម្រៅលើបរិបទសំខាន់ គឺកម្មវិធីបណ្តុបណ្តាលផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ។

​ការកសាង​សមត្ថភាព និង​ធនធាន​មនុស្ស និង​ផ្នែកអប់រំ​ជា​របៀបវារៈ​ចម្បង​មួយ​ក្នុង​ចំណោម​របៀបវារៈចម្បង​ផ្សេងៗ​ទៀត​របស់​​សមាគម​ធនាគារ​នៅកម្ពុជា។ លោកស្រី ផល-ឆាលម៍ ធានី អគ្គលេខាធិការនៃ​​សមាគម​ធនាគារ​នៅកម្ពុជា បាន​ឱ្យដឹង​ថា៖ «សមាគម​បាន​បង្កើត​គណៈកម្មាធិការ​អប់រំ និង បាន​ផ្តួចផ្តើម​បង្កើត​វិទ្យាស្ថាន​ធនាគារ និងហិរញ្ញវត្ថុ (IBF)នេះ​ ដើម្បី​ធ្វើ​ការ​លើក​កម្ពស់​ការ​អប់រំ​ក្នុង​វិស័យ​ធនាគារ និង ហិរញ្ញវត្ថុ ដើម្បី​កំណើន និង​និរន្តរភាព​នៃ​វិស័យ​ធនាគារ​នៅកម្ពុជា»។

ចាប់​តាំង​ពី​ឆ្នាំ​២០១៨ រហូត​មក​ដល់​បច្ចុប្បន្ន IBF បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ជំនាញ និង ផ្តល់​វិញ្ញាបនបត្រ​ដល់បុគ្កលិក-មន្រ្តី របស់វិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ ចំនួន​ជិត ៤០០០០ នាក់ ដោយ​រាប់​បញ្ចូល​នូវ វគ្គ​កាតព្វកិច្ច​តម្រូវ​ដោយ​ធនាគារជាតិ ដូចជា វគ្ត​ប្រតិបត្តិ​តាម​បទបញ្ញាតិ និង​វគ្គ​ការ​ផ្តល់​កម្ចី​ដោយ​ទំនួល​ខុស​ត្រូវ ជាដើម។

ត្បិតតែ​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ នេះ​ផ្តល់​ជូន​នូវ​ឱកាស​ការងារ និងតួនាទី​ជាច្រើន តែវិស័យ​នេះ​ ក៏​ទាមទារ​នូវ​ជំនាញ និង​សមត្ថភាព​ផងដែរ។ នេះ​ជា​ការ​លើកឡើង​របស់លោក សុខ លាភ ស្ថាបនិក​ក្រុមហ៊ុន SalaTech ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​អប់រំ​មាន​កម្មវិធី​ទូរស័ព្ទ និង​គេហទំព័រ ជួយ​គាំទ្រ​តម្រង់ទិស​សិស្សានុសិស្ស ដើម្បី​ស្វែង​យល់​ពី​ចំណង់ចំណូល​ចិត្ត​របស់​ពួកគេ ក្នុង​ការ​ជ្រើសរើស នូវ​មុខជំនាញ និង​អាជីព​ការងារ​ឱ្យ​បាន​ត្រឹមត្រូវ។

លោក សុខ លាភ បាន​​លើកទឹកចិត្ត​សិស្សានុសិស្ស​ថា៖ « JOBS & SKILLS SUMMIT 2023 គឺជា​​ឱកាស​ដ៏​ល្អ​សម្រាប់​និស្សិត​ដើម្បី​ស្វែង​យល់​បន្ថែម រៀបចំ​ខ្លួន ទទួល​បាន​ចំណេះដឹង និង​ឱកាស​ដើម្បី​ទទួល​បាន ការងារ​ក្នុង វិស័យធនាគារ និង​ហិរញ្ញវត្ថុ ដែល​ជា​វិស័យ​មួយ​ក្នុង​ចំណោម​វិស័យ​ដែល​មាន​ភាព​រីក​ចម្រើន​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា»។

          លោក​នាយក​គ្រប់គ្រង​ទូទៅ វិទ្យាស្ថាន​ធនាគារ និងហិរញ្ញវត្ថុ IBF ​បាន​ជម្រុញ​ឱ្យ​មាន​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ទៅ​ដល់​សិស្ស​និស្សិត​ និង​សាធារណជន​ឱ្យ​ចូលរួម​បាន​កុះករ។ សម្រាប់ព័ត៌មានស្វែងរកការងារ សិស្សនិស្សិតអាចធ្វើការទាញយក​កម្មវិធី​ទូរស័ព្ទដៃ IBF KH តាម Appstore និង Playstore។ សម្រាប់ព័ត៌មានបន្ថែម ចូលទៅតេឡេក្រាមឆាណែលរបស់ JOBS & SKILLS SUMMIT. https://t.me/ibfjobs_skills_summit/50