ក្រសួងការងារបានប្រកាសថា កម្មកររោងចក្រប្រមាណ ១,៤០០នាក់ ដែលត្រឡប់មកពីស្រុកកំណើតបានដាក់ឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២១ មេសា ២០២០នេះថា ក្រសួងបានចាត់វិធានការធ្វើចត្តាឡីស័ក ឬដាក់ឲ្យនៅដាច់ដោយឡែក ចំពោះកម្មកររោងចក្រ ដែលបានវិលត្រឡប់មកពីលេងស្រុកកំណើតវិញ ក្នុងគោលបំណងការពារសុខភាពកម្មករ កម្មកានីរោងចក្រផ្សេងៗទៀតជាង៩៥% ដែលបានមកធ្វើការងារធម្មតា អំឡុងពេលបុណ្យចូលឆ្នាំខ្មែរ ក៏ដូចជាការពារសុខភាព កម្មករ កម្មកានីរោងចក្រ ដែលបានឈប់សម្រាកអំឡុងពេលបុណ្យចូលឆ្នាំផង។

 
ក្រសួងការងារបានប្រកាសថា កម្មកររោងចក្រប្រមាណ ១,៤០០នាក់ ដែលត្រឡប់មកពីស្រុកកំណើតបានដាក់ឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ

តាមសេចក្តីប្រកាសព័ត៌មាន ក្រសួងការងារបានបញ្ជាក់ថា លទ្ធផលនៃការត្រួតពិនិត្យសុខភាពកម្មករ កម្មកានីរោងចក្រ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ គិតត្រឹម ម៉ោង០៦:០០នាទីល្ងាច មានកម្មកររោងចក្រមកត្រួតពិនិត្យសុខភាព ចំនួន ១,០១៨នាក់ក្នុងនោះ ដាក់ឱ្យធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃ ចំនួន៩៥៩នាក់ ដាក់ឱ្យស្នាក់នៅមណ្ឌលចត្តាឡីស័កកម្រិត១ នាវិទ្យាល័យជម្ពូវ័ន ចំនួន៣៨នាក់ និងយកសំណាកទៅពិសោធន៍បន្តចំនួន១៨នាក់ និងដាក់ឱ្យស្នាក់នៅមណ្ឌលចត្តាឡីស័កកម្រិត២ នាវិទ្យាល័យជម្ពូវ័ន ចំនួន២១នាក់។

ក្រសួងការងារបន្តថា លទ្ធផលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ គិតត្រឹមម៉ោង១១:០០នាទីព្រឹក មានកម្មកររោងចក្រមកត្រួតពិនិត្យសុខភាពចំនួន ៤០៥នាក់ក្នុងនោះដាក់ឱ្យធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃ ចំនួន៣៧៦នាក់ ដាក់ឱ្យស្នាក់នៅមណ្ឌលចត្តាឡីស័កកម្រិត១ ចំនួន៦នាក់ និងដាក់ឱ្យស្នាក់នៅមណ្ឌលចត្តាឡីស័កកម្រិត២ ចំនួន ២៣នាក់។

សូមជម្រាបថា បច្ចុប្បន្នក្រសួងការងារ រួមជាមួយក្រសួង និងស្ថាបនពាក់ព័ន្ធនានាបានដាក់ដំណើរការមណ្ឌល ត្រួតពិនិត្យសុខភាព ចំនួន១០មណ្ឌល និងមណ្ឌលចត្តាឡីស័កចំនួន៣មណ្ឌល ដើម្បីពិនិត្យសុខភាពកម្មកររោងចក្រដែលបានឈប់សម្រាកអំឡុងពេលបុណ្យពេលចូលឆ្នាំ និងទើបវិលត្រឡប់ចូលបម្រើការងារវិញ៕

ដោយ៖ ចាប មិថុនា