តម្លៃប្រេងឆៅនៅសហរដ្ឋអាមេរិកបានធ្លាក់ចុះក្រោមសូន្យជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត
តម្លៃប្រេងឆៅនៅសហរដ្ឋអាមេរិកបានធ្លាក់ចុះក្រោមសូន្យដែលនេះមានន័យថារោងចក្រផលិតប្រេងកំពុងបង់ថ្លៃទៅឲ្យអ្នកបញ្ជាទិញដើម្បីបញ្ចេញប្រេងពីក្នុងដៃរបស់ខ្លួន ដោយសារការភ័យខ្លាចមិនមានឃ្លាំងស្តុកគ្រប់គ្រាន់នៅខែឧសភានេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ថ្ងៃទី២០ មេសា ២០២០។
តម្រូវការប្រេងបានធ្លាក់ចុះយ៉ាងគំហុក ខណៈការដាក់ប្រទេសឲ្យនៅដាច់ដោយឡែកនៅទូទាំងពិភពលោកបានធ្វើឡើង ដើម្បីផ្អាកការធ្វើដំណើររបស់ប្រជាជនក្នុងការទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩។
ជាលទ្ធផល ក្រុមហ៊ុនប្រេងត្រូវជួលឃ្លាំងស្តុកប្រេងដែលនៅសល់លើសលុប ធ្វើឲ្យតម្លៃប្រេងធ្លាក់ចុះរហូតដល់កម្រិតអវិជ្ជមាន។
តម្លៃប្រេងក្នុងមួយបារ៉េលរបស់ក្រុមហ៊ុន West Texas Intermediate (WTI) បានធ្លាក់ចុះរហូតដល់ -៣៧.៦៣ ដុល្លារសហរដ្ឋអាមេរិកក្នុងមួយបារ៉េលកាលពីថ្ងៃចន្ទ ដែលកាលពីដើមឆ្នាំនេះ ប្រេងឆៅមានតម្លៃប្រហែល ៦០ ដុល្លារសហរដ្ឋអាមេរិកក្នុងមួយបារ៉េល។
តម្លៃប្រេងរបស់ក្រុមហ៊ុន WTI កាលពីខែមិថុនាឆ្នាំមុនក៏មានការធ្លាក់ចុះដែរ ប៉ុន្តែតម្លៃជួញដូរនៅខ្ពស់ជាង ២០ ដុល្លារសហរដ្ឋអាមេរិកក្នុងមួយបារ៉េល ខណៈក្រុមហ៊ុន Brent Crude ដែលត្រូវបានប្រើប្រាស់ភាគច្រើនប៉ែកអ៊ឺរ៉ុប និងបណ្តាប្រទេសផ្សេងៗទៀតនៅទូទាំងពិភពលោក ក៏មានការធ្លាក់ចុះផងដែរ ពោលគឺប្រមាណ ៨.៩% ដែលនេះមានន័យថាតម្លៃទាបជាង ២៦ ដុល្លារសហរដ្ឋអាមេរិកក្នុងមួយបារ៉េល។
ប្រធាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានលើកឡើងថា រដ្ឋាភិបាលនឹងបញ្ជាទិញប្រេងដើម្បីរក្សាទុកសម្រាប់ការប្រើប្រាស់របស់ប្រទេស។ ប៉ុន្តែការព្រួយបារម្ភអំពីកន្លែងស្តុកទុកនៅតែជាបញ្ហានៅឡើយ។ មជ្ឈមណ្ឌលស្តុកប្រេង Cushing ក្នុងរដ្ឋ Oklahoma ដែលជាចំណុចដឹកជញ្ចូនធំជាងគេរបស់សហរដ្ឋអាមេរិកបានកើនឡើងរហូតដល់ប្រមាណ៥០% ចាប់តាំងពីខែមីនា ឆ្នាំ២០២០មក៕
ប្រភព៖ BBC ប្រែសម្រួល៖ ចាប មិថុនា