សក់ និងសម្រស់ដើម្បីមិត្តយើង
ប្រជាពលរដ្ឋប្រមាណ ២៥០នាក់ នៅភូមិចំការឪឡឹក១ ភូមិក្បាលដំរី១ និងភូមិតាងួន២ នៃសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទទួលបានការកាត់សក់ ដោយឥតគិតថ្លៃ ពីសំណាក់ក្រុមជាងសក់នៃសមាគមមិត្តយើង ក្រោមកិច្ចសហការរវាង សមាគមមិត្តយើង និងក្រុមការងារសង្កាត់កាកាបទី១។

សមាគមមិត្តយើង បានបន្តយុទ្ធនាការរបស់ខ្លួនដើម្បីមនុស្សធម៌ និងមិត្តភាព តាមរយៈកម្មវិធី “សក់ និងសម្រស់ដើម្បីមិត្តយើង” ក្នុងគោលបំណងជួយលើកកម្ពស់វិស័យសក់ និងជាការផ្តល់នូវភាពស្រស់ស្អាតជូនប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់កាកាបទី១។
ឯកឧត្តម ឡា វិបុល អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមមិត្តយើងបានលើកឡើងថា នេះជាលើកទី២ហើយ បន្ទាប់ពីលើកទី១ នៅភូមិល្វា២ កាកាបទី១ ដែលសមាគមមិត្តយើងបានរៀបចំ កម្មវិធី“សក់ និងសម្រស់ដើម្បីមិត្តយើង” ក្នុងសង្កាត់កាកាបទី១ លោកក៏បានបញ្ជាក់ថា ថ្ងៃនេះលោកបានដឹកនាំក្រុមហាងសាឡនល្បី នៅទីក្រុងភ្នំពេញចំនួន ៦៥នាក់ ដើម្បីចូលរួមក្នុងការផ្តល់នូវសេវាកម្មកាត់សក់ដោយឥតគិតថ្លៃ ដែលជាផ្នែកមួយដ៏សំខាន់របស់សមាគមមិត្តយើង។
សូមជម្រាបថា សមាគមមិត្តយើង នឹងកំពុងរៀបចំកម្មវិធីកាត់សក់បង្កក់សិរី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្រោមកិច្ចសហការជាមួយសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដោយនឹងផ្ដល់ជូននូវការកាត់សក់ដោយឥតគិតថ្លៃ មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ ជូនកម្មករ កម្មការិនី តាមបណ្ដារោងចក្រ សហគ្រាស និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៦ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ៕